Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ប្រធានាធិបតីបារាំង ប្តេជ្ញាបន្តជួយដល់វិស័យនានា ពិសេសវិស័យសុខាភិបាលកម្ពុជា

Admin Alynana | Nov 14, 2023
ប្រធានាធិបតីបារាំង ប្តេជ្ញាបន្តជួយដល់វិស័យនានា ពិសេសវិស័យសុខាភិបាលកម្ពុជា
Clinic narith

(ភ្នំពេញ)៖ ប្រធានាធិបតីបារាំង លោក Emmanuel MACRON បានប្ដេជ្ញាចិត្ដបន្តជួយដល់វិស័យនានា ពិសេសវិស័យសុខាភិបាលនៅកម្ពុជា តាមរយៈការជួយដល់ការបណ្តុះបណ្តាលធនធានមនុស្ស ការគាំទ្រដល់កម្មវិធីបង្ការជំងឺឆ្លងពីសត្វទៅមនុស្ស ការវះកាត់ពីចម្ងាយ (Tele-Chirurgie) និងការប្រើប្រាស់បញ្ញាសិប្បនិម្មិតនៅក្នុងវិស័យនេះ។

ការប្ដេជ្ញាចិត្ដនេះ បានធ្វើឡើងក្នុងឱកាសនៃព្រះរាជទស្សនកិច្ចផ្លូវការរបស់ព្រះមហាក្សត្រកម្ពុជា នៅសាធារណរដ្ឋបារាំង ពីថ្ងៃទី១២ ដល់​ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយព្រះអង្គ បានជួបព្រះរាជសវនាការជាមួយ លោក Emmanuel MACRON នៅវិមាន Élysée នារសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣។

នៅក្នុងឱកាសនៃព្រះរាជទស្សនកិច្ចផ្លូវការនេះដែរ ព្រះករុណា ព្រះមហាក្សត្រ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះជំនួយគ្រប់រូបភាពដែលរដ្ឋាភិបាលបារាំង បានផ្តល់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា។ ទាំងនេះបង្ហាញពីការយកចិត្តទុកដាក់របស់បារាំងចំពោះប្រទេសកម្ពុជា។ ព្រះអង្គ ក៏បានថ្លែងអំណរគុណចំពោះ បារាំង ដែលបានដើរតួនាទីសំខាន់ក្នុងការបន្តយន្តការអន្ដររដ្ឋាភិបាលស្ដីពីការអភិរក្សរមណីយដ្ឋានប្រវត្តិសាស្រ្ដតំបន់អង្គររយៈពេល១០ ឆ្នាំបន្ថែមទៀត (២០២៣-២០៣២) ដែលយន្តការនេះត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩៩៣ ក្រោមការផ្តួចផ្តើម និងអំពាវនាវនៃ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ»។ គំនិតផ្តួចផ្តើមនេះត្រូវបានរាជរដ្ឋាភិបាលកម្ពុជាគ្រប់ជំនាន់ចាត់ទុកជាអាទិភាព ទាំងក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ទាំងរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។

ព្រះអង្គ ក៏បានសំដែងនូវក្តីរំពឹងយ៉ាងខ្លាំងចំពោះ ១៖ គម្រោងនៃការសិក្សាការជួសជុល និងការពង្រីក​សារមន្ទីរជាតិដោយអ្នកជំនាញរបស់បារាំង ២៖កិច្ចសហប្រតិបត្តិការរវាង សារមន្ទីរជាតិ និងសារមន្ទីរ Guimet និង ៣៖ ការជួសជុលរូបព្រះវិស្ណុផ្ទុំធ្វើពីសំរិទ្ធ រួមទាំងការតាំងបង្ហាញវត្ថុបុរាណខ្មែរនៅប្រទេសបារាំង និងសារមន្ទីរនានា។

ជាកិច្ចឆ្លើយតប លោក Emmanuel MACRON បានបញ្ជាក់ពីការប្តេជ្ញារបស់រដ្ឋាភិបាលបារាំងក្នុងការបន្តជួយដល់វិស័យនានា ពិសេសវិស័យសុខាភិបាលនៅកម្ពុជា តាមរយៈការជួយដល់ការបណ្តុះបណ្តាលធនធានមនុស្ស ការគាំទ្រដល់កម្មវិធីបង្ការជំងឺឆ្លងពីសត្វទៅមនុស្ស ការវះកាត់ពីចម្ងាយ (Tele-Chirurgie) និងការប្រើប្រាស់បញ្ញាសិប្បនិម្មិតនៅក្នុងវិស័យនេះ។

លោក Emmanuel MACRON បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលបារាំងក្នុងការជួយដល់ វិស័យវប្បធម៌ ជាពិសេស គម្រោងការជួសជុល និងការពង្រីក​សារមន្ទីរជាតិ និងគម្រោងជួសជុលរូបព្រះវិស្ណុធ្វើពីសំរឹទ្ធ ដើម្បីយកមកតាំងនៅប្រទេសបារាំង ជាមួយនឹងវត្ថុបុរាណមួយចំនួនទៀត។ លោក Emmanuel MACRON បានចាត់ទុកថា ជោគជ័យនៃយន្តការអន្ដររដ្ឋាភិបាលស្ដីពីការអភិរក្សរមណីយដ្ឋានប្រវត្តិសាស្រ្ដតំបន់អង្គរ គឺជាគំរូនៃពហុភាគីនិយម។

តបនឹងព្រះរាជសំណើរបស់ ព្រះករុណា ព្រះមហាក្សត្រ លោកប្រធានាធិបតីបារាំង បានសន្យាថានឹងបញ្ជូនអ្នកបច្ចេកទេសមកសិក្សា និងជួសជុលព្រះរាជដំណាក់ Pavillon Napoleon III នៅក្នុងបរិវេណព្រះបរមរាជវាំងផងដែរ៕