Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឪពុក-ម្ដាយ មានជីវភាពខ្វះខាតជួយជំរុញកូនមកទទួលការបណ្តុះបណ្តាលផ្នែកវិជ្ជាជីវៈ និងបច្ចេកទេស

Media LNN | Nov 14, 2023
សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឪពុក-ម្ដាយ មានជីវភាពខ្វះខាតជួយជំរុញកូនមកទទួលការបណ្តុះបណ្តាលផ្នែកវិជ្ជាជីវៈ និងបច្ចេកទេស
Clinic narith

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតជំរុញកូនឱ្យមកទទួលការបណ្តុះបណ្តាលផ្នែកវិជ្ជាជីវៈ និងបច្ចេកទេស ឱ្យបានចប់វគ្គបណ្តុះបណ្តាល ដើម្បីទទួលបានជំនាញមួយពិតប្រាកដ ដែលអាចទទួលបានការងារ និងមុខរបបសមរម្យ និងមានស្ថិរភាពចំណូល។

ការអំពាវនាវនេះ បានធ្វើឡើងក្នុងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្ត និងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ត្រូវសហការជាមួយក្រសួង-ស្ថាប័ន រដ្ឋបាលរាជធានី-ខេត្ត អាជ្ញាធរមូលដ្ឋាន និងដៃគូពាក់ព័ន្ធទាំងអស់ ផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ព្រមទាំងបុគ្គលនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងក្នុងប្រព័ន្ធ អំពីឱកាសបណ្ដុះបណ្ដាល និងការចុះឈ្មោះរៀន នៃកម្មវិធីនេះ។ ម្យ៉ាងទៀត ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ត្រូវបណ្ដុះបណ្ដាលដល់ស្ថាប័ន និងដៃគូពាក់ព័ន្ធ ឱ្យចេះប្រើប្រាស់កម្មវិធីចុះឈ្មោះរៀន តាមប្រព័ន្ធឌីជីថល ដើម្បីត្រៀមជួយដល់ក្រុមគោលដៅក្នុងការចុះឈ្មោះចូលរៀនកម្មវិធីបណ្ដុះបណ្ដាលនេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវយ៉ាងដូច្នេះថា៖ «ខ្ញុំសូមអំពាវនាវដល់មាតា បិតា អាណាព្យាបាល យុវជននៃគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យជួយជំរុញលើកទឹកចិត្ត និងបង្កលក្ខណៈងាយស្រួលដល់សមាជិកគ្រួសាររបស់ខ្លួន ឱ្យមកចុះឈ្មោះចូលរៀន និងមករៀនឱ្យបានទៀងទាត់ ឱ្យចប់វគ្គបណ្តុះបណ្តាលដើម្បីទទួលបានជំនាញមួយពិតប្រាកដ ដែលអាចទទួលបានការងារ និងមុខរបបសមរម្យ និងមានស្ថិរភាពចំណូល»។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំដល់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ត្រូវគ្រប់គ្រងវត្តមានរបស់សិស្សឱ្យបានល្អ និងធានាបាននូវការប្រឡងបញ្ចប់វគ្គប្រកបដោយតម្លាភាព គុណភាព និងប្រសិទ្ធភាព។

«កិច្ចការងារនេះ ជាកិច្ចការសំខាន់ គឺគុណភាពនៃការបណ្ដុះបណ្ដាល កន្លងទៅយើងមានពេលខ្លះអត្រា នៃអ្នករៀនមិនចប់ច្រើន ការបោះបង់ច្រើន ហើយកិច្ចការងារនេះគឺមិនធ្វើឱ្យជោគជ័យនូវកម្មវិធីយើងទេ អញ្ចឹងគឺទាមទារនូវការខិតខំរបស់ក្រសួង-ស្ថាប័ន ប៉ុន្តែត្រូវមានការចូលរួមរបស់គ្រួសារ និងយុវជនយើងផ្ទាល់»។ នេះជាការលើកឡើងបន្ថែមទៀតរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត។

ជាមួយគ្នានេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវដល់យុវជនដែលទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈ សូមដាក់ចិត្តសិក្សារៀនសូត្រឱ្យបានចប់ ព្រោះពេលវេលាមិនរងចាំមនុស្សនោះទេ។ ការចំណាយពេលវេលា៣ខែ ៦ខែ ឬ ១ឆ្នាំ ដើម្បីទាញយកចំណេះដឹង ជំនាញនៅក្នុងខ្លួនរបស់យើងនោះយើងអាចមានជម្រើសច្រើនសម្រាប់អនាគត។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា រាជរដ្ឋាភិបាលគ្រាន់តែជាអាណាព្យាបាលជួយបណ្តុះបណ្តាលយុវជនឱ្យរឹងដៃ រឹងជើង និងផ្តល់ឱកាសនៅពេលចាំបាច់ ប៉ុន្តែ រដ្ឋាភិបាល ក៏ដូចជាឪពុក ម្តាយ មិនអាចនៅជាមួយយើងរហូតនោះទេ។ ដូច្នេះ ត្រូវទាមទារឱ្យយុវជន និងប្រជាលរដ្ឋដែលបានទទួលពីការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ត្រូវខិតខំឱ្យរឹងដៃ រឹងជើងខ្លួនឯង ដើម្បីជួយដល់ឪពុក ម្តាយ និងសង្គមជាតិ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំដល់យុវជនត្រូវខិតខំរៀនសូត្រ ឱ្យមានគុណភាព មានជំនាញពិតប្រាកដ ហើយជំនាញអ្វីក៏ល្អដែរ តែត្រូវចេះឱ្យប្រាកដ។

សូមជម្រាបថា កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់ក្រុមគោលដៅយុវជន មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេស ចំនួន ១,៥លាននាក់ ដោយមិនបង់ថ្លៃសិក្សា និងទទួលបាននូវប្រាក់ឧបត្ថម្ភប្រចាំខែ គឺប្រៀបដូចជាការបង្រៀនដល់យុវជនជាក្រុមគោលដៅឱ្យចេះស្ទូចត្រី បន្ថែម ពីលើកម្មវិធីបើកផ្ដល់សាច់ប្រាក់ដល់ក្រុមគ្រួសារក្រីក្រជាង ៧០ម៉ឺនគ្រួសារ ដែលរាជរដ្ឋាភិបាលកំពុងអនុវត្ត ឬនិយាយមួយបែបថាកំពុងផ្តល់ត្រីជូនយុវជន ជាក្រុមគោលដៅ និងក្រុមគ្រួសារពួកគាត់។

សិស្សដែលបានចុះឈ្មោះចូលរៀន នឹងទទួលបានការសិក្សាដោយមិនបង់ថ្លៃ, ទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ២៨ម៉ឺនរៀល, ទទួលបានការប្រឹក្សា យោ បល់ពីការជ្រើសរើសជំនាញ និងព័ត៌មានទីផ្សារការងារ, ចុះកម្មសិក្សានៅតាមសហគ្រាស គ្រឹះស្ថាន ឧស្សាហកម្ម និងក្រុមហ៊ុនឯកជន, ជំនាញមួយពិត ប្រា កដ ដែលទីផ្សារការងារកំពុងត្រូវការ និងឱកាសការងារធ្វើសមរម្យ និងប្រាក់ចំណូលទៀងទាត់។

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកំណត់ជ្រើសរើសវិស័យ និងមុខជំនាញអាទិភាព ដោយធ្វើការសិក្សាលើស្ថានភាពសេដ្ឋកិច្ច តាមវិស័យ និងអនុវិស័យ, ការសិក្សា ទីផ្សារការងារផ្អែកលើចំនួនរោងចក្រសហគ្រាស និងកម្មករនិយោជិត និងគោល នយោបាយអាទិភាពពាក់ព័ន្ធ ដោយបានកំណត់យកមុខជំនាញសម្រាប់ ជំហាន ដំបូងចំនួន ៣៨មុខជំនាញ នៅក្នុងវិស័យអាទិភាពចំនួន១០ រួមមាន៖ សំណង់, អគ្គិសនីនិងថាមពល, អេឡិចត្រូនិក, បរិក្ខារត្រជាក់និងកម្ដៅ, កម្មន្តសាល, មេកានិកទូទៅ/មេកា និករថយន្ត, ទេសចរណ៍, សេវាកម្ម, កសិកម្ម និងកសិ-ឧស្សាហកម្ម, និងធុរកិច្ចនិងព័ត៌មានវិទ្យា៕