Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

វៀតណាមចាប់ខ្លួនមន្ត្រីសភាដ៏លេចធ្លោម្នាក់ ខណៈបេសកជនសិទ្ធិមនុស្សកំពុងបំពេញទស្សនកិច្ចនៅទីនោះ

Admin Alynana | Nov 16, 2023
វៀតណាមចាប់ខ្លួនមន្ត្រីសភាដ៏លេចធ្លោម្នាក់ ខណៈបេសកជនសិទ្ធិមនុស្សកំពុងបំពេញទស្សនកិច្ចនៅទីនោះ
Clinic narith

វៀតណាម៖ ក្រសួងសន្តិសុខសាធារណៈរបស់វៀតណាម បានបញ្ជាក់ថា អាជ្ញាធរវៀតណាមបានចាប់ខ្លួនមន្ត្រីសភាដ៏លេចធ្លោម្នាក់ ដោយសង្ស័យថាមានជាប់ពាក់ព័ន្ធនឹងករណីជំរិតទារប្រាក់។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋវៀតណាម បានរាយការណ៍នៅថ្ងៃពុធសប្តាហ៍នេះថា លោក លូ ប៊ីញ ញឿង (Luu Binh Nhuong) អតីតសមាជិកសភាវៀតណាមរហូតដល់ឆ្នាំ ២០២១ និងជាអនុប្រធានបច្ចុប្បន្ននៃគណៈកម្មាធិការសភា ត្រូវសមត្ថកិច្ចចាប់ខ្លួនកាលពីយប់ថ្ងៃអង្គារ ។

សូមជម្រាបថា ជនសង្ស័យត្រូវគេដឹងថា លោកបានបញ្ចេញមតិរិះគន់ម្តងម្កាលអំពីបក្សពួកមន្ត្រីរដ្ឋាភិបាល និងកងកម្លាំងសន្តិសុខជាតិ។
ទន្ទឹមនឹងនេះ ចំណាត់ការឃុំខ្លួនលោកញឿង (Nhuong) បានធ្វើឡើងស្របពេលជាមួយនឹងដំណើរទស្សនកិច្ចទៅកាន់ប្រទេសវៀតណាម របស់លោក សុរិយា ដេវ៉ា (Surya Deva) ដែលជាអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិសម្រាប់ការអភិវឌ្ឍន៍។

ស្ថិតនៅក្នុងសន្និសិទកាសែតកាលពីថ្ងៃពុធ អំឡុងចុងបញ្ចប់នៃដំណើរទស្សនកិច្ចរយៈពេល ១០ ថ្ងៃនៅវៀតណាម លោក ដេវ៉ា (Deva) បានព្រមានអំពីការប្រើប្រាស់ច្បាប់ដោយអាជ្ញាធរនៅក្នុងប្រទេសវៀតណាម គ្រាន់តែដើម្បីកំណត់គោលដៅលើអ្នកការពារសិទ្ធិមនុស្ស និងសកម្មជនបរិស្ថានមួយចំនួនតែប៉ុណ្ណោះ។

លោកបានបញ្ជាក់ដែរថា មិនមាននរណាផ្តល់ដំណឹងមកកាន់លោកអំពីការចាប់ខ្លួនលោកញឿង (Nhuong) ឡើយ ហើយលោកបានបន្ថែមទៀតថា "រដ្ឋាភិបាលមិនគួរប្រើប្រាស់ច្បាប់ មកធ្វើជាឧបករណ៍ដើម្បីកំណត់គោលដៅលើមនុស្សមួយចំនួន ក៏ព្រោះតែទស្សនៈនយោបាយឬសាសនារបស់ពួកគេនោះដែរ"។

គួរបញ្ជាក់ថា ក្រសួងការបរទេសវៀតណាម ដែលទទួលបន្ទុកទំនាក់ទំនងជាមួយប្រព័ន្ធផ្សព្វផ្សាយបរទេស មិនបានឆ្លើយតបភ្លាមៗចំពោះសំណួរអំពីពេលវេលាពិតប្រាកដនៃការចាប់ខ្លួនលោកញឿង (Nhuong) នោះទេ ហើយភ្នាក់ងារសារព័ត៌មាន Reuters ក៏នៅមិនទាន់អាចទាក់ទងមនុស្សជិតស្និទ្ធនឹងលោកញឿង (Nhuong) បានភ្លាមៗដូចគ្នា ខណៈខ្សែទូរសព្ទរបស់លោក ក៏មិនអាចទាក់ទងបានដែរ ៕
ប្រភព៖ Reuters Connect