Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

លោក ស៊ីជិនពីង ប្រាប់លោកចូបៃដិនឲ្យដឹងថា តៃវ៉ាន់នឹងត្រូវបង្រួបបង្រួមដោយជៀសពុំរួចឡើយ

Admin Alynana | Nov 17, 2023
លោក ស៊ីជិនពីង ប្រាប់លោកចូបៃដិនឲ្យដឹងថា តៃវ៉ាន់នឹងត្រូវបង្រួបបង្រួមដោយជៀសពុំរួចឡើយ
Clinic narith

បន្ទាប់ពីមានការរៀបចំអស់រយៈពេលជាច្រើនខែសម្រាប់ជំនួបកំពូលជាងបួនម៉ោងនៅជាយក្រុង San Francisco សហរដ្ឋអាម៉េរិក នៅថ្ងៃពុធខែវិច្ឆិកានេះ ប្រធានាធិបតីអាម៉េរិក លោកចូ បៃដិន និងលោកស៊ី ជិនពីង មេដឹកនាំកំពូលរបស់ចិន បានធ្វើការផ្ញើសារអំពីស្ថានភាព និងស្ថិរភាពទៅកាន់ពិភពលោកទាំងមូល។ នៅក្នុងជំនួបទល់មុខគ្នាជាលើកដំបូងក្រោយខកខានជាងមួយឆ្នាំកន្លងមកនេះ លោកស៊ី និង បៃដិន បានយល់ព្រមបើកខ្សែទូរសព្ទបន្ទាន់រវាងប្រធានាធិបតី និង បណ្តាញទំនាក់ទំនងយោធា ព្រមទាំងយល់ព្រមទប់ស្កាត់ការផលិតថ្នាំហ្វេតានីល និងកិច្ចសហប្រតិបត្តិការលើបញ្ញាសិប្បនិមិត។

កាលពីថ្ងៃពុធទី១៥ លោក ចូ បៃដិន បានស្វាគមន៍មេដឹកនាំចិន លោកស៊ី ជិនពីង ដោយស្នាមញញឹម នៅឯវិមានគេហដ្ឋានទទួលភ្ញៀវមួយកន្លែងដែលមានឈ្មោះថា Filoli ស្ថិតនៅភាគខាងត្បូងចម្ងាយ៤៨គីឡូម៉ែត្រពីទីក្រុង San Francisco សហរដ្ឋអាម៉េរិក ដើម្បីបើកជំនួបពិភាក្សាទល់មុខមួយអំពីទំនាក់ទំនងអាម៉េរិក និង ចិន មុននឹងមេដឹកកំពូលប្រទេសមហាអំណាចចូលរួមកិច្ចប្រជុំកំពូលនៃវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC)នៅថ្ងៃនេះ។ នៅក្នុងជំនួបនោះ មេដឹកនាំទាំងពីរបានបង្ហាញសារវិជ្ជមានជាច្រើនក្រោមក្រសែភ្នែកតាមដានយ៉ាងយកចិត្តទុកដាក់របស់ពិភពលោក តែក៏បានបញ្ជាក់ឡើងវិញពីបន្ទាត់ក្រហម និងភាពខុសគ្នាផ្សេងទៀតដែរ។

អំឡុងជំនួបនោះ គណៈប្រតិភូទាំងសងខាងអង្គុយទល់មុខគ្នានៅតុវែងមួយក្នុងបន្ទប់សន្និសីទ លោកស៊ី ជិនពីង ប្រាប់លោកចូ បៃដិន ថា ភពផែនដី គឺធំគ្រប់គ្រាន់ហើយសម្រាប់ប្រទេសទាំងពីរដែលទទួលបានភាពជោគជ័យជាមួយគ្នា។ លោកស៊ី បន្ថែមថា ទំនាក់ទំនងចិន-អាម៉េរិក មានសារសំខាន់ណាស់សម្រាប់ពិភពលោកទាំងមូល ហើយប្រទេសទាំងពីរមិនគួរបែរខ្នងដាក់គ្នាទេ ចាប់កំហុសគ្នាទេ គឺគួរតែដើម្បីកែតម្រូវឲ្យគ្នាទៅវិញទៅមក។

ខណៈ លោកចូ បៃដិន ប្រធានាធិបតី អាម៉េ​រិកវិញ បានថ្លែងថា សហរដ្ឋអាម៉េ​រិកនិងចិន ត្រូវតែធានាឱ្យបានថា ការប្រកួតប្រជែងរវាងគ្នា មិនត្រូវរាលដាលទៅជាជម្លោះនោះឡើយ។ នៅក្នុងជំនួបរយៈពេលជាងបួនម៉ោង លោក ចូ បៃដិន ថា លោកស៊ីជិនពីង បានយល់ព្រមបន្តបណ្តាញយោធានឹងគ្នាឡើងវិញ បន្ទាប់ពីកាត់ផ្តាច់ជាងមួយឆ្នាំ រួមទាំងការបើកឱ្យមានខ្សែទូរសព្ទបន្ទាន់រវាងប្រធានាធិបតីផងដែរ។

យ៉ាងណាមិញ លោក ចូ បៃដិន ក៏បានលើកឡើងអំពីការព្រួយបារម្ភអំពីការឃុំខ្លួនជនជាតិអាម៉េ​រិក បញ្ហាសិទ្ធមនុស្ស និងសកម្មភាពរបស់ចិន នៅសមុទ្រចិនខាងត្បូងដែរ។ ស្របពេលជាមួយគ្នា បើតាមមន្ត្រីជាន់ខ្ពស់អាម៉េ​រិក ឱ្យដឹងថា លោកស៊ី និង បៃដិន ក៏បានយល់ព្រមគ្នាធ្វើកិច្ចសហប្រតិបត្តិការលើបញ្ញាសិប្បនិម្មិត និង រារាំងការនាំចេញសារធាតុញៀនហ្វេតានីលរបស់ក្រុមហ៊ុនចិនមកកាន់សហរដ្ឋអាម៉េ​រិក​។

នៅក្នុងជំនួបនោះ លោកស៊ី បានរិះគន់អាម៉េ​រិកវិញថា ការរឹតត្បិតការនាំចេញរបស់សហរដ្ឋអាម៉េ​រិក និងហាមឃាត់លើការវិនិយោគបច្ចេកវិទ្យាខ្ពស់ ប្រៀបដូចជាដកហូតសិទ្ធិនៃការអភិវឌ្ឍរបស់ប្រជាជនចិន​។ លោកស៊ី បានស្នើឱ្យសហរដ្ឋអាម៉េរិក ដកទណ្ឌកម្មឯកតោភាគី និងបង្កើតបរិយាកាសយុត្តិធម៌ និងគ្មានការរើសអើងសម្រាប់ក្រុមហ៊ុនចិន។ ភាគីទាំងពីរក៏បានព្រមព្រៀងគ្នាផងដែរក្នុងការបង្កើនជើងហោះហើររវាងសហរដ្ឋអាម៉េ​រិក និងចិននៅដើមឆ្នាំក្រោយ។

ដោយឡែក បើតាមសារព័ត៌មានរដ្ឋចិនស៊ីនហួរ ឱ្យដឹងថា លោកស៊ី ជិនពីង បានប្រាប់លោក បៃដិន ចំៗថា តៃវ៉ាន់គឺជាបញ្ហាសំខាន់ និងរសើបបំផុតនៅក្នុងទំនាក់ទំនងរវាងសហរដ្ឋអាម៉េ​រិក និងចិន។ លោកស៊ីថា ទីក្រុងវ៉ាស៊ីនតោន គួរតែបង្ហាញអំពីជំហមិនគាំទ្រឯករាជ្យភាពរបស់តៃវ៉ាន់ ក្នុងសកម្មភាពជាក់ស្តែង និងបញ្ឈប់ការបំពាក់អាវុធដល់តៃវ៉ាន់ និងគាំទ្រការបង្រួបបង្រួមដោយសន្តិវិធីរបស់ចិនវិញ។

លោកស៊ីសង្កត់ធ្ងន់ថា កោះតៃវ៉ាន់នៅទីបំផុតនឹងត្រូវបានបង្រួបបង្រួមឡើងវិញជាមួយប្រទេសចិន ដោយជៀសពុំរួច។ ក្នុងពេលនោះ លោកបៃដិន ឆ្លើយតបវិញថា សន្តិភាពនិងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់ គឺចាំបាច់ណាស់ ហើយអាម៉េរិក​នឹងនៅតែគោរពគោលការណ៍ចិនតែមួយ។

ក្រោយជំនួបនៅវិមានគេហដ្ឋានដែលមានឈ្មោះថា Filoli នោះ មេដឹកនាំកំពូលមហាអំណាចសេដ្ឋកិច្ចលើលោកទាំងពីរនេះ បានទទួលទានអាហារថ្ងៃត្រង់ និងដើរលេងនៅសួនច្បាររួមគ្នាដែរ។ បន្ទាប់មកលោក ចូ បៃដិន បានធ្វើសន្និសីទសារព័ត៌មានក្រោយជំនួប ខណៈលោកស៊ីបានទៅថ្លែងសារនៅអាហារពេលល្ងាចជាមួយនាយកប្រតិបត្តិអាជីវកម្មអាម៉េ​រិកផ្សេងទៀត។

កំពូលមេដឹកនាំទាំងពីរ នឹងត្រូវជួបគ្នាម្តងទៀតក្នុងកិច្ចប្រជុំAPEC នៅថ្ងៃព្រហស្បតិ៍នេះ ក្នុងទីក្រុង San Francisco ជាមួយនឹងមេដឹកនាំ១៩ប្រទេសផ្សេងទៀតចូលរួមផងដែរ៕