Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសស្វាគមន៍អ្នកវិនិយោគជប៉ុន និងអរគុណជប៉ុនតែងគាំទ្រការអភិវឌ្ឍន៍នៅកម្ពុជា

Media LNN | Nov 22, 2023
សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសស្វាគមន៍អ្នកវិនិយោគជប៉ុន និងអរគុណជប៉ុនតែងគាំទ្រការអភិវឌ្ឍន៍នៅកម្ពុជា
Clinic narith

 

 

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសស្វាគមន៍ប្រកបដោយ​ក្តីរីករាយរាល់អ្នកវិនិយោគជប៉ុន។ សម្តេចធិបតី ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលតែងគាំទ្រដល់ការអភិវឌ្ឍន៍នៅកម្ពុជា។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងបែបនេះ ក្នុងជំនួបជាមួយលោក តាកាហាស៊ី ហ្វូមីអាគី (Fumiaki TAKAHASHI) ប្រធានសមាគមជប៉ុន-កម្ពុជា (JCA) និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា និងគណៈប្រតិភូ នារសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣។

ក្នុងជំនួបនោះ លោក តាកាហាស៊ី ហ្វូមីអាគី បានថ្លែងអំណរគុណចំពោះសម្តេចធិបតី ហ៊ុន សែន ដែលបានឆ្លៀត​ពេល​វេលា​​ដ៏មមា​ញឹកអនុញ្ញាតឱ្យរូបលោក និងគណៈប្រតិភូចូលជួបសម្តែងការគួរសម ព្រមទាំងបានគាំទ្រ​ព្រឹត្តិការណ៍​បាញ់កាំជ្រួចកាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅ ក្រោមការរៀបចំទ្បើងដោយ​សមា​គមជប៉ុន-កម្ពុជា (JCA) ក្នុងឱកាសអបអរសាទរខួបលើកទី៧០ នៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន។

លោក តាកាហាស៊ី ហ្វូមីអាគី បានបញ្ជាក់ថា សមាគមជប៉ុន-កម្ពុជា បាននិងកំពុងជំរុញអ្នកវិនិយោគ​ធុន​តូច និងមធ្យមរបស់ជប៉ុន មកធ្វើការវិនិយោគនៅកម្ពុជាលើវិស័យមួយចំនួនជាអាទិ៍៖ ការបោសសម្អាតមីន, គមនាគមន៍ និងការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈជួសជុលយានយន្ត និងគិលានុបដ្ឋាកជាដើម។ លើសពីនេះ សមាគម ក៏គ្រោងនឹងបើកការិយាល័យរបស់ខ្លួននៅកម្ពុជា សម្រាប់សម្របសម្រួល​ដល់ដំណើរ​ការសហប្រតិបត្តិការរវាងធុរកិច្ចជប៉ុន និងកម្ពុជា នាពេលឆាប់ៗខាងមុខផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានការស្វាគមន៍ លោក តាកាហាស៊ី ហ្វូមីអាគី និងគណៈប្រតិភូ ដែលបាន​អញ្ជើញបំពេញទស្សនកិច្ចនៅកម្ពុជាជាថ្មីម្តងទៀត។ សម្តេចធិបតី ក៏បានអរគុណដល់សមាគម​ជប៉ុន​-កម្ពុជា ដែលបានសហការរៀបចំឱ្យមានព្រឹតិ្តការណ៍បាច់កាំជ្រួច​អបអរសាទរខួបទំនាក់​ទំនងការ​ទូតនៃ​ប្រទេសទាំងពីរដោយរលូន។

សម្តេចធិបតី ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលតែងជួយគាំទ្រដល់​ការ​អភិវឌ្ឍផ្នែកសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា ទាំងក្នុងដំណាក់កាលនៃការស្វែងរកសន្តិភាព និងការជំរុញ​ការ​វិនិយោគ។ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានសម្តែងភាពរីករាយស្វាគមន៍ និងគាំទ្រចំពោះ​ការវិនិយោគ​បន្ថែមទៀតពីប្រទេសជប៉ុនមកកាន់កម្ពុជា ព្រមទាំងបានជម្រាបជូនគណៈប្រតិភូអំពីភាព​ទាក់ទាញ​នៃច្បាប់​​វិនិយោគថ្មី និងគោលនយោបាយលើកទឹកចិត្តសម្រាប់វិនិយោគិន និងធុរជន ដែលធានាបាននូវ​ភាពប្រាកដ​និយមចំពោះបរិយាកាសវិនិយោគប្រកបដោយភាពអនុគ្រោះនៅកម្ពុជា៕