Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ការធ្លាក់ចុះតម្លៃនៃវិស័យអចលនទ្រព្យនៅបណ្តាប្រទេសអឺរ៉ុបអាចអូសបន្លាយពេលច្រើនឆ្នាំ

Media LNN | Nov 23, 2023
ការធ្លាក់ចុះតម្លៃនៃវិស័យអចលនទ្រព្យនៅបណ្តាប្រទេសអឺរ៉ុបអាចអូសបន្លាយពេលច្រើនឆ្នាំ
Clinic narith

បច្ចុប្បន្នប្រាក់កម្ចីក្នុងវិស័យអចលនទ្រព្យនៅអឺរ៉ុបមានប្រមាណ ១០ភាគរយនៃកម្ចីសរុបនៅទូទាំងធនាគារក្នុងតំបន់នេះ។ ធនាគារកណ្តាលអឺរ៉ុបបានព្រមានថា ការធ្លាក់ថ្លៃអចលនទ្រព្យអាចអូសបន្លាយពេលច្រើនឆ្នាំ ដោយសារក្រុមហ៊ុនអភិវឌ្ឍន៍វិស័យនេះជាប់បំណុលច្រើន។ 

ភាពទន់ខ្សោយនៃវិស័យអចលនទ្រព្យនៅបណ្តាប្រទេសអឺរ៉ុបអាចអូសបន្លាយពេលច្រើនឆ្នាំ ដែលបង្កហានិភ័យយ៉ាងធ្ងន់ធ្ងរសម្រាប់សេដ្ឋកិច្ចតំបន់នេះ​។ នេះជាការលើកឡើងរបស់ធនាគារកណ្តាលអឺរ៉ុប (ECB) នៅក្នុងរបាយការណ៍វាយតម្លៃស្ថិរភាពហិរញ្ញវត្ថុរបស់ខ្លួននៅថ្ងៃទី២១ ខែវិច្ឆិកា ។

បើតាមរបាយការណ៍ ​​ECB នៅឆមាសទី១ឆ្នាំនេះ ចំនួនប្រតិបត្តិការអគារពាណិជ្ជកម្មនៅតំបន់ចាយប្រាក់អឺរ៉ូបានថយចុះ៤៧ភាគរយ បើធៀបគ្រាដូចគ្នាក្នុងឆ្នាំ២០២២។ តម្លៃអចលនទ្រព្យធ្លាក់បានចុះយ៉ាងគំហុគ ស្របពេលមានម្ចាស់អចលនទ្រព្យមួយចំនួនបញ្ចុះតម្លៃលើសពី៣០ភាគរយ។ 

វិបត្តិអចលនទ្រព្យកំពុង​រីករាលដាលខ្លាំង​នៅ​​អាល្លឺម៉ង់ ដែល​ជា​សមាជិកមានសេដ្ឋកិច្ច​ធំ​ជាង​គេ​ក្នុង​តំបន់​អឺរ៉ុប។ ការកើនឡើងអត្រាការប្រាក់ក្នុងរយៈពេលខ្លី បានធ្វើឱ្យអ្នកអភិវឌ្ឍន៍អចលនទ្រព្យមួយចំនួនក្ស័យធន ខណៈដែលកិច្ចព្រមព្រៀង និងគម្រោងសាងសង់នានាបានជាប់គាំង។

កម្រិតបំណុលជាមធ្យមរបស់ក្រុមហ៊ុនអចលនទ្រព្យធំៗនៅអឺរ៉ុប មានប្រហាក់ប្រហែលកម្រិតមុនវិបត្តិហិរញ្ញវត្ថុឆ្នាំ២០០៨។ ការកើនឡើងនៃការចំណាយសម្រាប់ការខ្ចីប្រាក់ បានបង្កឱ្យមានបញ្ហាប្រឈមជាច្រើនសម្រាប់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដើម្បីស្តារហិរញ្ញវត្ថុឡើងវិញ។ 

លោក Carsten Brzeski ប្រធានសេដ្ឋវិទូនៃធនាគារ ING បានលើកឡើងក្នុងរបាយការណ៍ថា អ្វីៗនឹងកាន់តែពិបាកនៅឆ្នាំ២០២៤ នៅពេលដែលចំនួននៃការបញ្ជាទិញថ្មីកំពុងថយចុះ។ ក្រុមហ៊ុនអចលនទ្រព្យនៅសល់តែគម្រោងដែលមានស្រាប់ប៉ុណ្ណោះ ជាមួយនឹងការចំណាយខ្ពស់។

បច្ចុប្បន្ន ប្រាក់កម្ចីនៅក្នងវិស័យអចលនទ្រព្យមានប្រហែល ១០ភាគរយនៃប្រាក់កម្ចីសរុបនៅធនាគារតំបន់អឺរ៉ុប។ ECB បានព្រមានថា ការរឹតបន្តឹងលក្ខខណ្ឌហិរញ្ញវត្ថុដែលអូសបន្លាយក្នុងប៉ុន្មានឆ្នាំខាងមុខនឹងបង្កើនភាពតានតឹងនៅក្នុងវិស័យនេះ។ ការណ៍នេះទំនងជានឹងពង្រីកយ៉ាងខ្លាំងនូវសេណារីយ៉ូមិនល្អ និងបណ្តាលឱ្យមានការខាតបង់យ៉ាងច្រើនសម្រាប់ប្រព័ន្ធហិរញ្ញវត្ថុក្នុងតំបន់៕