Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ចារកម្មកូរ៉េខាងត្បូង ទទួលស្គាល់ថាការបាញ់បង្ហោះផ្កាយរណបស៊ើបការណ៍ របស់កូរ៉េខាងជើង ទទួលបានជោគជ័យ

Media LNN | Nov 23, 2023
ចារកម្មកូរ៉េខាងត្បូង ទទួលស្គាល់ថាការបាញ់បង្ហោះផ្កាយរណបស៊ើបការណ៍ របស់កូរ៉េខាងជើង ទទួលបានជោគជ័យ
Clinic narith

(សេអ៊ូល)៖ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែវិច្ឆិកានេះបានទទួលស្គាល់ថាការបាញ់បង្ហោះផ្កាយរណប ស៊ើបការណ៍យោធារបស់កូរ៉េខាងជើង ពិតជាបានទទួលជោគជ័យមែន បើទោះជាភ្លាមៗមិនទាន់អាចនិយាយថាតើផ្កាយរណបនេះពិតជា ដំណើរការដូចដែលទីក្រុងព្យុងយ៉ាងបានអះអាងក៏ដោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កូរ៉េខាងត្បូង ធ្វើការកត់សម្គាល់បែបនេះប្រាប់សមាជិកសភាកូរ៉េខាងត្បូង ជាមួយការគូសបញ្ជាក់ដូច្នេះថា «សេវាស៊ើបការណ៍សម្ងាត់ជាតិបានវាយតម្លៃថាការបាញ់បង្ហោះផ្កាយរណបស៊ើបការណ៍ (របស់កូរ៉េខាងជើង) ពិតជាទទួលបានជោគជ័យ ហើយផ្កាយរណបនេះត្រូវបានយកទៅដាក់នៅគន្លងផែនដី»។

តាមទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កូរ៉េខាងត្បូង រុស្ស៉ីគឺជាអ្នកជួយឱ្យកូរ៉េខាងជើងទទួលបានជោគជ័យក្នុងការបាញ់បង្ហោះផ្កាយរណបស៊ើប ការណ៍ បន្ទាប់ពីលោក ពូទីន បានសន្យាជាមួយលោក គីម ជុងអ៊ុន កាលពីខែកញ្ញាថាមូស្គូ នឹងជួយព្យុងយ៉ាងអភិវឌ្ឍបច្ចេកវិទ្យាផ្កាយរណប។

គួរបញ្ជាក់ថា កូរ៉េខាងជើង កាលពីថ្ងៃពុធ ទី២២ ខែវិច្ឆិកានេះបានអះអាងពីជោគជ័យក្នុងការបាញ់បង្ហោះផ្កាយរណបស៊ើបការណ៍ដំបូងបំផុត មួយរបស់ខ្លួន យកទៅដាក់នៅគន្លងតារាវិថី បន្ទាប់ពីទទួលបរាជ័យ ២លើកកន្លងមកនេះ និងបានប្ដេជ្ញាដែរថានឹងបាញ់បង្ហោះផ្កាយរណប ស៊ើបការណ៍បន្ថែម ក្នុងពេលអនាគតដ៏ខ្លីខាងមុខ។

បន្ថែមពីលើនេះ ក្នុងថ្ងៃដដែលនោះដែរ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍ថា មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានពិនិត្យមើលរូបថត​ប៉ុន្មានសន្លឹក នៃមូលដ្ឋានយោធាអាមេរិកសំខាន់ៗរបស់សហរដ្ឋអាមេរិក នៅលើកោះហ្កាំ (Guam) ដែលទទួលបានពីផ្កាយរណបស៊ើបការណ៍ដំបូងបំផុតនៅឯទីអវកាសរបស់កូរ៉េខាងជើង។

តាម KCNA លោក គីម បានទស្សនារូបភាពថតពីខាងលើ នៃមូលដ្ឋានទ័ពអាកាស Anderson ព្រមទាំងកំពង់ផែ Apra និងបន្ទាយយោធា សំខាន់ៗផ្សេងទៀត របស់កងកម្លាំងអាមេរិក ដែលត្រូវផ្តិតយកបានពីផ្ទៃមេឃនៅលើកោះ Guam ដែលស្ថិតនៅតំបន់ប៉ាស៉ីហ្វិកខាងលិច៕