Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

រដ្ឋបាលខេត្តសៀមរាប កំពុងរៀបចំតុបតែងលម្អស្ទឹងសៀមរាប និងកម្មវិធីនានា ដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ

Admin Alynana | Nov 23, 2023
រដ្ឋបាលខេត្តសៀមរាប កំពុងរៀបចំតុបតែងលម្អស្ទឹងសៀមរាប និងកម្មវិធីនានា ដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ
Clinic narith

(សៀមរាប)៖ ក្រោមគោលនយោបាយដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៃម្លប់សន្តិភាព រដ្ឋបាលខេត្តសៀមរាប ក្រោមកិច្ចដឹកនាំរបស់លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានរៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥ ដល់២៨ ខែវិច្ឆិកា ឆ្នាំ២០២៣។

ការរៀបចំព្រះរាជពិធីបុណ្យអុំទូកនេះ ដើមី្បបង្កនូវភាពសប្បាយរីករាយ ជូនដល់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ មកទស្សនាកម្សាន្តនៅលើទឹកដីប្រវត្តិសាស្ត្រ ដែលសម្បូរទៅដោយប្រាង្គប្រាសាទ រមណីយដ្ឋានធម្មជាតិ ប្រកបទៅដោយសុខសុវត្ថិភាព មានសណ្តាប់ធ្នាប់របៀបរៀបរយ និងបរិស្ថានល្អ ហើយក៏ជាការស្តារឡើងវិញនូវវិស័យទេសចរណ៍ នៅខេត្តសៀមរាបផងដែរ។

ម៉្យាងទៀត ការរៀបចំព្រឹត្តិការណ៍វប្បធម៌នេះ ក៏ជាការឧទ្ទិសដល់អតីតកាលអធិរាជនៃណាចក្រខ្មែរ ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះបាទសម្តេចជ័យវរ័ន្មទី៧ ព្រះមហាវីរក្សត្រជំនាន់នោះ ដែលព្រះអង្គទ្រង់បានដឹកនាំ កងទ័ពជើងទឹកដ៏ក្លាហាន ប្រកបដោយវីរៈភាពអង់អាច និងពោរពេញដោយសមត្ថភាពប្រយុទ្ធ ដែលបានរំដោះជាតិមាតុភូមិចេញផុតពីការឈ្លានពានរបស់បច្ចាមិត្ត ហើយសម្រេចបាននូវការបង្រួបបង្រួមជាតិ និង កសាងសង្គមជាតិឲ្យរីកចម្រើនថ្កុំថ្កើងរហូតដល់បច្ចុប្បន្ននេះ។

ព្រះរាជពិធីបុណ្យនេះ គឺជាបុណ្យប្រពៃណីជាតិដ៏ធំមួយ ដែលពាក់ព័ន្ធនឹងជំនឿយ៉ាងជ្រាលជ្រៅ ក្នុងមនោសញ្ចេតនា ដែលបុព្វបុរសខែ្មរបានប្រារព្វធ្វើតាំងពីយូរយារណាស់មកហើយ ដើម្បីជាការំលឹកដឹងគុណដល់ ព្រះគង្គារ ដែលហូរនាំដីល្បាប់ដ៏មានជីជាតិសម្រាប់បង្កបង្កើនផល នៃប្រជាកសិករ ហើយក៏ជារំលឹកដឹងគុណដល់ព្រះបរមគ្រូ ដែលយកកំណើតជាសត្វទន្សាយព្រះពោធិសត្វ ហើយឧទ្ទិសថ្វាយខ្លួន ដើម្បីសម្រេចនូវព្រះសម្មាសម្ពោធិញ្ញាណ។

តាមការបញ្ជាក់របស់អនុប្រធានគណៈកម្មការបច្ចេកទេស បានឲ្យដឹងថា ក្នុងឆ្នាំ២០២៣នេះ ទូកដែលបានដាក់ពាក្យចូលរួមប្រកួតចំនួន ៣២ទូក ក្មុងនោះដែរ មានទូកនារី០៣ទូក ដែលមានចំណុះ ២២នាក់ ហើយមានកីឡាករ កីឡាការីសរុប ៨២១នាក់ នារី៨៩នាក់ តាមប្រភេទទូកខ្នាតអន្តរជាតិ ដែលបានកំណត់ដោយគណៈកម្មាធិការជាតិកីឡាអូឡាំពិច។ ក្នុងពិធីនេះដែរ ក៏មានការប្រកួតប្រណាំង (ក្រឡោ) ដែលមានក្រុមកីឡាជាកុមារា កុមារី ចូលរួមផងដែរ។

លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានឲ្យដឹងថា ក្នុងរយៈពេល៤ថ្ងៃនៃព្រឹត្តិការណ៍ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកឆ្នាំនេះ រដ្ឋបាលខេត្តសៀមរាប បានបង្កនូវភាពសប្បាយរីករាយជូនដល់បងប្អូនជាភ្ញៀវជាតិ និងអន្តរជាតិ បានទស្សនាកម្សាន្ត ព្រមទាំងមានការប្រគុំដន្ត្រី ល្បែងរបាំប្រពៃណី និងការតាងពិព័រណ៌ ភូមិមួយផលិតផលមួយរបស់ខេត្ត និងការជឹះទូកទស្សនាកម្សាន្តនាពេលរាត្រីតាមដងស្ទឹងសៀមរាបផងដែរ។

លោក ប្រាក់ សោភ័ណ បានបន្តថា ដើម្បីការងារសន្តិសុខសណ្តាប់ធ្នាប់បានល្អ នៅក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក ជូនដល់ប្រជាពលរដ្ឋ ដែលមកកម្សាន្តសប្បាយ អាជ្ញាធរបានរៀបចំកងកម្លាំងសមត្ថកិច្ច នៅតាមគោលដៅកម្សាន្តនានាក្នុងព្រះរាជពិធីផងដែរ។ លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមកទស្សនាកម្សាន្ត ក្នុងពិធីបុណ្យអុំទូក ត្រូវចូលរួមសហការក្នុងការធ្វើអនាម័យ បរិស្ថាន ដោយប្រមូល វិចខ្ចប់ទុកដាក់សម្រាម ឲ្យបានត្រឹមត្រូវក្នុងការលើកកម្ពស់សោភណ្ឌភាពក្រុងប្រវត្តិសាស្ត្រ។ ដោយឡែក អនុគណៈកម្មការរបៀបចំតុបតែងលម្អ ត្រូវពិនិត្យមើលប្រព័ន្ឋភ្លើង បំភ្លឺនៅតាមទីសាធារណៈ ដោយយកចិត្តទុកដាក់ខ្ពស់ ដើមី្បបង្កាកុំឲ្យមានកើតនូវប្រការអាក្រក់ណាមួយនៅក្នុងពិធី។

ជាមួយនេះដែរ លោកអភិបាលខេត្ត ក៏បានស្នេីដល់ប្រជាពលរដ្ឋ ដែលបានធ្វើប្រទីបលក់ ក្នុងឱកាសបុណ្យអុំទូកនេះ មិនអនុញ្ញាតឲ្យយកឧបករណ៍ (ស្មោ) ធ្វើជាប្រទីបឡើយ ដែលធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន ដោយត្រូវធ្វើប្រទីបពីដើមចេកវិញ ដែលវាមិនបង្កហានីភ័យដល់សោភណ្ឌភាពដងស្ទឹង ព្រមទាំងបង្កើតនូវជីវៈចម្រុះនៃដងស្ទឹងទៀតផង។ ម៉្យាងទៀត រាល់ស្តង់លក់ដូរទាំងអស់ ត្រូវគោរពតាមការណែនាំរបស់គណៈកម្មការរៀបចំពិធីបុណ្យ ចំពោះអនាម័យ បរិស្ថាន តែបើមានស្តង់មួយណា បានបំពុលបរិស្ថានដងស្ទឹងនោះ គណៈកម្មការនឹងធ្វើការបញ្ឈប់មិនអនុញ្ញាតឲ្យលក់ដូរបន្តទៀតនោះឡើយ៕