Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាជាង២០០នាក់ ជាប់គាំងនៅឆ្នេរសមុទ្រ ក្នុងប្រទេសឥណ្ឌូនេស៊ី

Admin Alynana | Nov 23, 2023
ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាជាង២០០នាក់ ជាប់គាំងនៅឆ្នេរសមុទ្រ ក្នុងប្រទេសឥណ្ឌូនេស៊ី
Clinic narith

ហ្សាកាតា៖ ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ជាង២០០នាក់បានប្រមូលផ្តុំគ្នាកកកុញ នៅលើឆ្នេរនៃកោះដាច់ស្រយាល របស់ប្រទេសឥណ្ឌូនេស៊ី បន្ទាប់ពីបានបណ្តែតខ្លួន ជាច្រើនសប្តាហ៍ នៅលើទូកឈើ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២៣ វិច្ឆិកា ២០២៣។

ក្រុមជនភៀសខ្លួនចំនួន ២១៩នាក់ ដែលរួមមានបុរស ចំនួន ៧២នាក់, ស្ត្រី ចំនួន ៩១នាក់ និងកុមារ ចំនួន ៥៦នាក់ បានទៅដល់ទីក្រុង Sabang ក្នុងខេត្ត Aceh ភាគខាងលិច ប្រទេសឥណ្ឌូនេស៊ី។ ពួកគេត្រូវបានអ្នកស្រុកឥណ្ឌូនេស៊ី បដិសេធមិនឲ្យស្នាក់នៅទេ ហើយថែមទាំងបានគំរាមថា បញ្ជូនពួកគេទៅសមុទ្រវិញ។ 

ទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិ (UNHCR) បាននិយាយថា បន្ទាប់ពីការសម្របសម្រួលរួចមក អាជ្ញាធរក្នុងតំបន់បានយល់ព្រមពន្យាពេលបញ្ជូនពួកគេទៅតាមទូកវិញ នៅពេលក្រោយ។ ពួកគេត្រូវបាននាំទៅកាន់ទីជម្រកបណ្តោះអាសន្ន នៅអគារអន្តោប្រវេសន៍ចាស់ នៅក្នុងទីក្រុងដ៏ធំបំផុតមួយរបស់ខេត្ត Aceh ។

ការមកដល់ចុងក្រោយបំផុតនេះ បាននាំឲ្យចំនួនជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ទៅប្រទេសឥណ្ឌូនេស៊ី ក្នុងសប្តាហ៍នេះ កើនដល់ជាង១០០០នាក់។ ពួកគេមើលទៅ ស្ថិតក្នុងសភាពអស់សង្ឃឹម និងហត់នឿយ។

គួរបញ្ជាក់ថា ជារៀងរាល់ឆ្នាំ មនុស្សរាប់ពាន់នាក់ ដែលភាគច្រើន ជាជនជាតិភាគតិចមូស្លីមបានប្រថុយជីវិត ធ្វើដំណើរតាមសមុទ្រ ចេញពីជំរុំជនភៀសខ្លួន ក្នុងប្រទេសបង់ក្លាដែស។ ជារឿយៗ ដំណើរលើទូកលើសចំណុះរបស់ពួកគេ ព្យាយាមដើម្បីឲ្យបានទៅដល់ម៉ាឡេស៊ី ឬឥណ្ឌូនេស៊ី៕