Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

រយៈពេល ៣ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក មានអ្នកចូលទស្សនាប្រហែល ៥លាននាក់ នៅរាជធានីភ្នំពេញ

Admin Alynana | Nov 29, 2023
រយៈពេល ៣ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក មានអ្នកចូលទស្សនាប្រហែល ៥លាននាក់ នៅរាជធានីភ្នំពេញ
Clinic narith

ភ្នំពេញ៖ រយៈពេល ៣ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកឆ្នាំនេះ មានប្រជាពលរដ្ឋខ្មែរទាំងនៅរាជធានីភ្នំពេញ និងបណ្តាខេត្ត ព្រមទាំងភ្ញៀវទេសចរបរទេសដែលមានវត្តមាននៅកម្ពុជា ប្រហែល ៥លាននាក់ បានចូលរួមកម្សាន្តសប្បាយយ៉ាងច្រើនកុះករ ដើម្បីទស្សនាការប្រណាំទូកង ការប្រគំតន្ត្រី និងការទិញទំនិញតាមស្តង់ពិព័រណ៍ផលិតផលផ្សេងៗ ក្នុងរាជធានីភ្នំពេញ។

យោងតាមរបាយការណ៍របស់អនុគណៈកម្មការការពាររក្សាសន្ដិសុខ របៀបរៀបរយ សណ្ដាប់ ធ្នាប់សង្គម ចរាចរណ៍ សង្គ្រោះទូកលិច និងអ្នកជំងឺ បានឲ្យដឹងថា ចំនួនប្រជាពលរដ្ឋភ្ញៀវជាតិ និងអន្តរជាតិ ចូលរួមកម្សាន្តនៃព្រះរាជពិធីបុណ្យអុំទុក បណ្តែតប្រទីប និងសំពះព្រះខែ អកអំ បុក ដែលប្រារព្ធធ្វើឡើងពីថ្ងៃទី ២៦ដល់ ២៨ខែវិច្ឆិកា ឆ្នំា ២០២៣ ក្នុងនោះសម្រាប់ថ្ងៃទី ១ មានអ្នកចូលរួមប្រមាណ ១,២លាននាក់, នៅថ្ងៃទី ២ មានប្រមាណ ១,៧លាននាក់ និងថ្ងៃទី ៣មានប្រមាណ ២លាននាក់។

តាមបណ្តាញសង្គមផ្លូវការ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហោះសារកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មការរៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប សាលារាជធានីភ្នំពេញ សមត្ថកិច្ចគ្រប់អង្គភាព និងរាល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដែលបានសហការគ្នាក្នុងការរៀបចំពិធី ដែលបានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខសណ្ដាប់ធ្នាប់ល្អ ដែលបង្កលក្ខណៈឱ្យប្រជាពលរដ្ឋបានចូលរួមសប្បាយរីករាយ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានសរសេរថា៖ «ខ្ញុំ និងភរិយាមានការសប្បាយរីករាយយ៉ាងខ្លាំងដែលបានចូលរួមនៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នៅឆ្នាំ ២០២៣នេះ។ ឆ្នាំនេះ មានបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអ្នករាជធានីភ្នំពេញនិងអ្នកមកពីតាមបណ្ដាខេត្ត ក៏ដូចជាជនជាតិបរទេសដែលមានវត្តមាននៅព្រះរាជាណាចក្រកម្ពុជាបានចូលរួមយ៉ាងច្រើនកុះករ ក្នុងរយៈពេល ៣ថ្ងៃនេះ»។

សម្តេចធិបតី ក៏បានសូមសរសើរចំពោះគណៈកម្មការគ្រប់គ្រងការប្រកួតក៏ដូចជាកីឡាករ កីឡាការនីដែលចូលរួមក្នុងការប្រណាំងទូក និងក្រុមការងារពាក់ព័ន្ធទាំងអស់ដែលបានខិតខំអស់កម្លាំងកាយចិត្តក្នុងការគ្រប់គ្រងការប្រកួត ក៏ដូចជាខិតខំប្រកួតដោយស្មារតីសាមគ្គីភាព និងគោរពគ្នាទៅវិញទៅមក ដែលធ្វើឱ្យការប្រកួតអុំទូកនេះមានភាពជោគជ័យជារួម ទោះជាលទ្ធផលយ៉ាងណាក៏ដោយសម្រាប់ទូកនីមួយៗ។

សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏សូមអរគុណដល់បណ្ដាក្រសួងស្ថាប័ន និងក្រុមហ៊ុនឯកជនដែលបានចូលរួមរៀបចំប្រទីបស្អាតៗទាំងសោភ័ណភាព ទាំងអត្ថន័យល្អៗ ដើម្បីបង្ហាញដល់បងប្អូនប្រជាពលរដ្ឋបានទស្សនាក្នុងពេលរាត្រី ក្រោយពេលប្រណាំងទូកបានបញ្ចប់ក្នុងថ្ងៃនីមួយៗ។ ជាមួយគ្នានេះដែរ ការរៀបចំកន្លែងកម្សាន្ត និងការប្រគំតន្ត្រីជាច្រើនកន្លែង បានញ៉ាំងឱ្យពិធីនេះ កាន់តែមានភាពអធិកអធម និងសប្បាយរីករាយសម្រាប់បងប្អូនប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងអកអំបុក សំពះព្រះខែ ឆ្នាំ២០២៣នេះ មានទូកង ចូលរួមប្រកួតប្រជែងប្រមាណ ៣៣៨ទូក និងមានប្រទីបរបស់បណ្តាក្រសួងស្ថាប័ននានា ចំនួន ៣០ប្រទីប។

សូមរំលឹកថា ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងអកអំបុក សំពះព្រះខែ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា សម្រេចផ្អាកការប្រារព្ធពិធីប្រណាំងទូកង នៅរាជធានីភ្នំពេញ អស់រយៈពេល ៣ឆ្នំាជាប់ៗគ្នា ពោលគឺនៅឆ្នាំ ២០២០ និងឆ្នាំ ២០២១ ដោយសារការរាតត្បាតជាសកលនៃជំងឺកូវីដ១៩ ខណៈដែលនៅឆ្នាំ ២០២២ គឺដោយសារតែកៀកពេលគ្នានឹងការរៀបចំកិច្ចប្រជុំកំពូលអាស៊ានដែលកម្ពុជាធ្វើម្ចាស់ផ្ទះ៕