Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

វៀតណាមដំឡើងពន្ធលើសាជីវកម្មពហុជាតិសាសន៍ចាប់ពីឆ្នាំ២០២៤ ដើម្បីបង្កើនប្រាក់ចំណូលជាតិ

Media LNN | Nov 29, 2023
វៀតណាមដំឡើងពន្ធលើសាជីវកម្មពហុជាតិសាសន៍ចាប់ពីឆ្នាំ២០២៤ ដើម្បីបង្កើនប្រាក់ចំណូលជាតិ
Clinic narith

សភាវៀតណាមនៅថ្ងៃទី ២៩ ខែវិច្ឆិកា បានអនុម័តដំឡើងពន្ធលើសាជីវកម្មពហុជាតិសាសន៍នៅវៀតណាម ដោយនឹងត្រូវអនុវត្តពន្ធអប្បបរមា ១៥% ចាប់ពីខែមករាឆ្នាំ២០២៤។

ការដំឡើងអត្រាពន្ធ ដែលស្របទៅតាមកិច្ចព្រមព្រៀងសកលនេះ នឹងជួយឲ្យវៀតណាមទាញបានប្រាក់ចំណូលប្រចាំឆ្នាំរាប់រយលានដុល្លារបន្ថែមទៀត។ ទោះយ៉ាងណា អ្នកជំនាញបាននិយាយថា ប្រទេសនេះ គួរតែធ្វើឲ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធភស្ដុភារកម្ម និងនីតិវិធីបែបបទរដ្ឋបាលផ្សេងៗ ដើម្បីអាចបន្ដទាក់ទាញការវិនិយោគពីបរទេសបន្ថែមទៀត។

ក្នុងនាមជាមជ្ឈមណ្ឌលផលិតកម្មនៅក្នុងតំបន់ ដែលមានតម្លៃថ្លៃដើមថោក វៀតណាមបានទាក់ទាញការវិនិយោគអន្តរជាតិជាច្រើននៅក្នុងវិស័យគ្រឿងអេឡិចត្រូនិក កាត់ដេរ និងវិស័យផ្សេងៗទៀត ស្របពេលដែលនៅប៉ុន្មាឆ្នាំថ្មីៗនេះ ក្រុមហ៊ុនសកលលោកបានផ្លាស់ប្ដូរផលិតកម្មរបស់ពួកគេចេញពីប្រទេសចិន។ ក្រុមហ៊ុនចម្រុះជាតិសាសន៍ទាំងនោះ បានបង្កើតការងារ និងជួយអភិវឌ្ឍដល់ឧស្សាហកម្មនៅក្នុងប្រទេសវៀតណាមយ៉ាងខ្លាំងផងដែរ។

មែនទែនទៅប្រទេសវៀតណាម បាននិងកំពុងផ្ដល់ការលើកទឹកចិត្តផ្នែកពន្ធដល់សាជីវកម្មអន្តរជាតិ ដើម្បីទាក់ទាញដើមទុន។ ជាក់ស្ដែង ទោះបីជារដ្ឋាភិបាលបានកំណត់ពន្ធលើប្រាក់ចំណូលសាជីវកម្មជាផ្លូវការ ២០%ក៏ដោយចុះ ប៉ុន្ដែ ក៏មានការអនុគ្រោះជាច្រើនសម្រាប់វិនិយោគបរទេស ដែលបានធ្វើឲ្យការបង់ពន្ធជាក់ស្ដែងគឺមានទាបជាងការកំណត់ដោយច្បាប់។ ក្នុងករណីខ្លះ ពន្ធសាជីវកម្ម គឺមានក្រោម ៣% ក៏មានដែរ។

យោងតាមទិន្នន័យពន្ធលើប្រាក់ចំណូលសាជីវកម្ម ឆ្នាំ២០២២ មានក្រុមហ៊ុនសាជីវកម្មបរទេសប្រមាណ ១២០ ក្រុមហ៊ុននៅវៀតណាម គឺប្រឈមនឹងការដំឡើងពន្ធ ហើយការដំឡើងពន្ធនេះ នឹងផ្ដល់ប្រាក់ចំណូលប្រមាណ ៦០០លានដុល្លារ បន្ថែមទៀត សម្រាប់ប្រាក់ចំណូលប្រចាំឆ្នាំរបស់រដ្ឋវៀតណាម។

ការដំឡើងពន្ធដោយរដ្ឋាភិបាលវៀតណាមនេះ ក៏នឹងធ្វើឲ្យក្រុមហ៊ុននៅក្នុងវិស័យបច្ចេកវិទ្យាកម្រិតខ្ពស់មួយចំនួនក៏ត្រូវរងផលប៉ះពាល់ដែរ ដូចជា ក្រុមហ៊ុន Samsung Electronics, LG, Foxconn, Panasonic, Pegatron និង Intel ជាដើម៕