Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ការប្រារព្ធទិវាជនមានពិការភាពនៅកម្ពុជា ដើម្បីរំលឹកអំពីមហាវិនាសកម្មកើតឡើងដោយសារសង្គ្រាម ពិសេសរបបប្រល័យពូជសាសន៍ ប៉ុលពត

Media LNN | Dec 04, 2023
ការប្រារព្ធទិវាជនមានពិការភាពនៅកម្ពុជា ដើម្បីរំលឹកអំពីមហាវិនាសកម្មកើតឡើងដោយសារសង្គ្រាម ពិសេសរបបប្រល័យពូជសាសន៍ ប៉ុលពត
Clinic narith

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ បានលើកឡើងថា ការប្រារព្ធទិវាជនមានពិការភាពនៅកម្ពុជា គឺដើម្បីរំលឹកអំពីមហាវិនាសកម្មដែលបានកើតឡើងដោយសារសង្គ្រាម ជាពិសេសដោយសាររបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានបន្សល់ទុកនូវផលវិបាកជាច្រើន។

ក្នុងឱកាសអញ្ជើញជាអធិបតីប្រារព្ធពិធីអបអរសាទរ​ទិវាជន​មាន​ពិការភាពកម្ពុជាលើកទី២៥ និងជនមានពិការភាពអន្តរជាតិលើកទី៤១ នាព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអះអាងថា ផលវិបាកដែលបានបន្សល់ទុកដោយសារសង្គ្រាម រួមមាន ស្ត្រីមេម៉ាយ កុមារកំព្រា ជនមានពិការភាព ព្រមទាំងបន្សល់នូវគ្រាប់មីន និងកាកសំណល់ជាតិផ្ទុះរាប់លានតោន។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «នៅកម្ពុជា ការប្រារព្ធទិវាជនមានពិការភាពនេះ ធ្វើឡើងដើម្បីរំលឹកអំពីមហាវិនាសកម្ម ដែលកើតឡើងដោយសារសង្គ្រាម ជាពិសេសរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានបន្សល់ទុកនូវផលវិបាកជាច្រើន រួមមាន ស្ត្រីមេម៉ាយ កុមារកំព្រារ ជនមានពិការភាព ព្រមទាំងបន្សល់នូវគ្រាប់មីន និងកាកសំណល់ជាតិផ្ទុះសល់ពីសង្គ្រាមរាប់លានតោន»។

បើតាមប្រសាសន៍របស់សម្ដេចធិបតី នាយករដ្ឋមន្ដ្រី, នេះជាសោកនាដកម្មមួយ ដែលបានកើតឡើងចំពោះប្រជាជនកម្ពុជា និងរងគ្រោះពីការទម្លាក់គ្រាប់បែករាប់លានតោន ហើយធ្វើឲ្យរបួស ពីការ ស្លាប់រាប់លាននាក់ ដោយគ្មានការទទួលខុសត្រូវ ហើយបន្ទុកទាំងអស់បានធ្លាក់មកលើរាជរដ្ឋាភិបាលកម្ពុជាក្នុងសម័យនេះ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា សម្រាប់ពិភពលោក ទិវាជនមានពិការភាពនេះ ត្រូវបានប្រារឰឡើងដើម្បីរំលឹកអំពីការតស៊ូ ទាមទារនូវសិទ្ធិចូលរួមក្នុងសង្គមរបស់ជនពិការ ប្រមាណជាងមួយប៊ីលាននាក់ នៅក្នុងពិភពលោក ដែលបាត់បង់កាយសម្បទា ញាណដឹង និងសតិបញ្ញា ដែលតែងតែជួបប្រទះនូវឧបសគ្គរារាំង ក្នុងសកម្មភាពជីវិតប្រចាំថ្ងៃ។ ចាប់តាំងពីទសវត្សរ៍ ឆ្នាំ១៩៥០ នៅសហរដ្ឋអាមេរិក និងអឺរ៉ុប ដើម្បីធ្វើការផ្លាស់ប្តូរស្ថានភាពរស់នៅរបស់ពួកគេ ក្នុងគោលបំណងបង្កើនការយល់ដឹងអំពីបញ្ហាពិការភាព ដោយផ្ដោតសំខាន់លើសិទ្ធិជនមានពិការភាព និងការធ្វើបរិយាប័ន្នលើគ្រប់សកម្មភាពនយោបាយ សេដ្ឋកិច្ច សង្គម និងវប្បធម៌។

សម្ដេចប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានអះអាងថា នៅឆ្នាំ២០២៣នេះ ព្រះរាជាណាចក្រកម្ពុជា បានទទួលជោគជ័យពីការធ្វើជាម្ចាស់ផ្ទះរៀបចំកីឡាប្រកួតស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដែលជាការប្រកួតកម្រិតអន្តរជាតិដ៏ធំនៅក្នុងប្រទេសកម្ពុជា ដែលបានផ្តល់ឱកាសជាប្រវត្តិសាស្ត្រ សម្រាប់អត្តពលិកមានពិការភាព មកពីបណ្ដាប្រទេសនានា ក្នុងតំបន់ ពិសេសអត្តពលិកមានពិការភាពកម្ពុជា បានចូលរួមប្រកួតស្មើមុខស្មើ និងបានបង្ហាញអំពីសមត្ថភាពដ៏មានសក្ដានុពលរបស់ជនមានពិការភាព។

សូមជម្រាបថា កម្ពុជា ជាប្រទេសហត្ថលេខីនៃអនុសញ្ញាស្តីពីសិទ្ធិជនមានពិការភាព បាននិងកំពុងអនុវត្តយ៉ាងជាក់ស្តែង ក្នុងការជំរុញការចូលរួមរបស់ជនមានពិការភាពទៅក្នុងសកម្មភាពសេដ្ឋកិច្ច សង្គម នយោបាយ តួយ៉ាងឥស្សរជន និងមន្ត្រីរាជការមានពិការភាពជាច្រើនត្រូវបានតែងតាំង ឬផ្ដល់ឋានៈជារដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងជាថ្នាក់ដឹកនាំក្នុងជួរក្រសួង-ស្ថាប័នរដ្ឋ ប្រកបដោយកិត្តិយស និងសេចក្ដីថ្លៃថ្នូរ។

ទន្ទឹមនេះ ក្រសួង-ស្ថាប័ន រដ្ឋចំនួន៣៩ មានជនមានពិការភាពចូលបម្រើការងារចំនួន៣,៧៧៦នាក់ ក្នុងនោះស្ត្រីមានពិការភាពចំនួន៨៦៩នាក់ ជនមានពិការភាពកម្រិតធ្ងន់ចំនួន ២,៣៥១នាក់ បើគិតជាភាគរយ ២,០៥%។

ដោយឡែកវិស័យឯកជន រួមមាន ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សណ្ឋាគារ និងរោងចក្រ បានចុះបញ្ជីកានិងទទួលបានវិញ្ញាបនបត្រលើការអនុវត្តច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការទូទាំងប្រទេស មានចំនួន២៤១ និងមានជនមានពិការភាព ចូលបម្រើការងារចំនួន៣,៧៥៩នាក់ ស្ត្រីមានពិការភាព ៣,៦៣១នាក់។ សរុបទាំងស្ថាប័នរដ្ឋ និងវិស័យឯកជន ទូទាំងប្រទេសចំនួនជនមានពិការភាព ៧,៥៣៥នាក់កំពុងបម្រើការងារ៕