Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

រាជរដ្ឋាភិបាល នីតិកាលទី៧ នៅតែបន្តរក្សាការពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អ នៃប្រទេសទាំងពីរ

Media LNN | Dec 04, 2023
រាជរដ្ឋាភិបាល នីតិកាលទី៧ នៅតែបន្តរក្សាការពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អ នៃប្រទេសទាំងពីរ
Clinic narith

 

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានប្រាប់ទៅ នាយឧត្តមសេនីយ៍ ហឺ វ័យទុង (He Weidong) អនុប្រធាន(ទីពីរ) នៃគណៈកម្មាធិការយោធាមជ្ឈឹមបក្ស នៃសាធារណរដ្ឋប្រជាមានិតចិន ថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៅតែបន្តរក្សាការពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អ នៃប្រទេសទាំងពីរ។

នេះបើតាមសេចក្តីប្រកាសព័ត៌មានក្រុមអ្នកនាំពាក្យនៃខុទ្ទកាល័យនាយករដ្ឋមន្ត្រី ស្តីពីខ្លឹមសារនៃជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាង សម្តេចមហាបវរធិបតី ជាមួយនាយឧត្តមសេនីយ៍ ហឺ វ័យទុង ដែលបានធ្វើឡើងនៅវិមានសន្តិភាព នៅព្រឹកថ្ងៃចន្ទ ទី៤ ខែធ្នូ ឆ្នាំ២០២៣។

សេចក្តីប្រកាសព័ត៌មាន បញ្ជាក់យ៉ាងដូច្នេះថា «សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ឆ្នាំនេះគឺជាខួបលើកទី៦៥ នៃទំនាក់ទំនងការទូតកម្ពុជា-ចិន ដែលចំណងការទូតនេះ បានចាប់ផ្តើមតាំងពីឆ្នាំ១៩៥៨ ក្នុងសម័យកាលថ្នាក់ដឹកនាំជំនាន់មុន គឺព្រះនរោត្តម សីហមុនី ព្រះបរមរតនកោដ្ឋ និងឯកឧត្តម ម៉ៅ សេទុង និងឯកឧត្តម ជូ អេនឡាយ ហើយទំនាក់ទំនងនេះ ត្រូវបានពង្រឹង និងពង្រីកជាបន្តបន្ទាប់ ដោយសម្តេចតេជោ និងឯកឧត្តម ស៉ី ជិនពីង ហើយរាជរដ្ឋាភិបាល នីតិកាលទី៧ នៅតែបន្តរក្សាការពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អ នៃប្រទេសទាំងពីរ»។

ក្នុងជំនួបនេះ សម្តេចធិបតី បានរំលឹកជូន នាយឧត្តមសេនីយ៍ និងគណៈប្រតិភូដែរថា នៅពេលដែលសម្តេចធិបតី កាន់តំណែងជាមេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ សម្តេចធិបតី ក៏បានផ្តួចផ្តើមគំនិតក្នុងការជំរុញនូវកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកប្រទេសទាំងពីរ រហូតដល់ការឈានចុះអនុស្សារណៈនៃការយោគយល់គ្នា លើកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកកម្ពុជា-ចិន ដែលបានបើកច្រកដល់ទំនាក់ទំនងរវាងអង្គភាព និងអង្គភាព ក៏ដូចជាការហ្វឹកហ្វឺនបណ្តុះបណ្តាល ដើម្បីលើកកម្ពស់សមត្ថភាព ធនធានមនុស្ស ដល់កងទ័ពនៃកងយោធពលខេរមភូមិន្ទ។

នាយឧត្តមសេនីយ៍ បានមានជំនឿថា ក្រោមការដឹកនាំរបស់​ សម្តេចធិបតី ក្នុងអាណត្តិទី៧ ទំនាក់ទំនងជាប្រពៃណីរវាងប្រទេសទាំងពីរ កាន់តែរឹងមាំ និងសម្រេចបាននូវលទ្ធផលជាផ្លែផ្កា នៃការជំរុញការកសាង សហគមន៍ជោគវាសនារួមកម្ពុជា-ចិន ផងដែរ៕