Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ប្រេងឆៅជួញដូរក្នុងតម្លៃជាង ៧៨ដុល្លារ ខណៈមានភាពមិនប្រាកដប្រជាជុំវិញការកាត់បន្ថយទិន្នផល

Media LNN | Dec 06, 2023
ប្រេងឆៅជួញដូរក្នុងតម្លៃជាង ៧៨ដុល្លារ ខណៈមានភាពមិនប្រាកដប្រជាជុំវិញការកាត់បន្ថយទិន្នផល
Clinic narith

(ក្រុងឡុងដ៍)៖ តម្លៃប្រេងត្រូវបានជួញដូរក្នុងតម្លៃជាង ៧៨ដុល្លារនៅថ្ងៃអង្គារ ដែលជំរុញដោយភាពមិនច្បាស់លាស់ជុំវិញការកាត់បន្ថយទិន្នផលដោយស្ម័គ្រចិត្តរបស់អង្គការប្រទេសនាំចេញប្រេង និងសម្ព័ន្ធមិត្តរួមទាំងរុស្ស៊ី (OPEC+) ភាពតានតឹងនៅមជ្ឈិមបូព៌ា និងសញ្ញាជំរុញសេដ្ឋកិច្ចមួយចំនួននៅអឺរ៉ុប។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា តម្លៃប្រេងឆៅប្រភេទ Brent ក្នុងកិច្ចសន្យាអនាគតបានកើនឡើង ៦៣សេន ឬ ០,៨ភាគរយដល់ ៧៨,៦៦ដុល្លារក្នុងមួយបារ៉ែលនៅរសៀលថ្ងៃអង្គារ។ តម្លៃប្រេងប្រភេទ West Texas Intermediate បានកើនឡើង ៦៦សេន ឬ ០,៩ភាគរយដល់ ៧៣,១៩ដុល្លារក្នុងមួយបារ៉ែល។

លោក Kelvin Wong អ្នកវិភាគមកពីក្រុមហ៊ុន OANDA បានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ការអត្ថាធិប្បាយរបស់រដ្ឋមន្ត្រីថាមពលអារ៉ាប៊ីសាអូឌីតថា ការកាត់បន្ថយផលិតកម្មអង្គការ OPEC+ អាចបន្តធ្វើឡើងនៅក្រោយត្រីមាសទី១ ឆ្នាំ២០២៤ បានជួយជំរុញខ្លះដល់តម្លៃប្រេងឆៅ។

លោក Tina Teng អ្នកវិភាគមកពីក្រុមហ៊ុន CMC Markets បានថ្លែងថា តម្លៃប្រេងបានធ្លាក់ចុះកាលពីថ្ងៃចន្ទ ដោយការសង្ស័យថា ការកាត់បន្ថយការផ្គត់ផ្គង់ប្រេងរបស់អង្គការ OPEC+ នឹងមានផលប៉ះពាល់យ៉ាងខ្លាំង។

ទោះយ៉ាងណា កាលពីថ្ងៃអង្គារ វិមានក្រឹមឡាំងបានឱ្យដឹងថា ការកាត់បន្ថយដែលបានព្រមព្រៀងដោយអង្គការ OPEC+ នឹងត្រូវការពេលវេលាដើម្បីចាប់ផ្តើម។

កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន អង្គការ OPEC+ បានយល់ព្រមកាត់បន្ថយទិន្នផលប្រេងឆៅដោយស្ម័គ្រចិត្តប្រហែល ២,២លានបារ៉ែលក្នុងមួយថ្ងៃ (bpd) សម្រាប់ត្រីមាសទីមួយឆ្នាំ២០២៤។

យ៉ាងហោចណាស់ ប្រេងឆៅចំនួន ១,៣លានបារ៉ែលក្នុងមួយថ្ងៃនៃបរិមាណដែលត្រូវបានកាត់បន្ថយទាំងនោះគឺជាបរិមាណដែលបន្តកាត់បន្ថយដែលធ្វើឡើងដោយស្ម័គ្រចិត្តដែលប្រទេសអារ៉ាប៊ីសាអូឌីត និងរុស្ស៊ីបានអនុវត្តរួចស្រាប់ទៅហើយ៕