Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

មន្ត្រីអាមេរិក នឹងធ្វើទស្សនកិច្ចទៅកោះតៃវ៉ាន់ ដើម្បីពន្យល់អំពីវិធានការទប់ស្កាត់នាំចេញបន្ទះឈីបថ្មី

Media LNN | Dec 06, 2023
មន្ត្រីអាមេរិក នឹងធ្វើទស្សនកិច្ចទៅកោះតៃវ៉ាន់ ដើម្បីពន្យល់អំពីវិធានការទប់ស្កាត់នាំចេញបន្ទះឈីបថ្មី
Clinic narith

(ក្រុងតៃប៉ិ)៖ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចរបស់កោះតៃវ៉ាន់បានឱ្យដឹងកាលពីថ្ងៃចន្ទថា មន្ត្រីអាមេរិកគ្រោងនឹងធ្វើដំណើរទស្សនកិច្ចទៅកោះតៃវ៉ាន់ដើម្បីពន្យល់ក្រុមហ៊ុននានាលម្អិតអំពីវិធានការទប់ស្កាត់ថ្មីៗលើការនាំចេញបន្ទះឈីបទំនើបដែលផ្តោតជាចម្បងទៅលើប្រទេសចិន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។ស

រដ្ឋាភិបាលរបស់លោកប្រធានាធិបតី ចូ បៃឌិន កាលពីខែតុលាបានឱ្យដឹងថា ខ្លួនគ្រោងនឹងបញ្ឈប់ការនាំចេញទៅកាន់ប្រទេសចិននូវបន្ទះឈីបឆ្លាតវៃសិប្បនិម្មិតដែលរចនាឡើងដោយក្រុមហ៊ុន Nvidia និងក្រុមហ៊ុនដទៃទៀត ដែលជាផ្នែកមួយនៃវិធានការដើម្បីព្យាយាមបញ្ឈប់ទីក្រុងប៉េកាំងពីការទទួលបានបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិកក្នុងគោលបំណងពង្រឹងយោធារបស់ខ្លួន។

កោះតៃវ៉ាន់ ដែលជាទីតាំងរបស់ក្រុមហ៊ុនផលិតបន្ទះឈីបតាមកិច្ចសន្យាធំជាងគេបំផុតរបស់ពិភពលោក TSMC និងក្រុមហ៊ុនផលិតឧបករណ៍ស៊ីមីកុងដាក់ទ័រ (semiconductor) ជាច្រើនផ្សេងទៀត បានដាក់កម្រិតការលក់ផ្ទាល់របស់ខ្លួនលើអ្វីដែលអាចសំដៅទៅដល់ប្រទេសចិន។

យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចតៃវ៉ាន់ លោក Wang Mei-hua បាននិយាយថា ព័ត៌មានលម្អិតមួយចំនួននៃច្បាប់ថ្មីរបស់សហរដ្ឋអាមេរិកត្រូវការការពន្យល់។

លោកមានប្រសាសន៍ថា៖ «យើងគិតថា ពួកគេ (សហរដ្ឋអាមេរិក) មកតៃវ៉ាន់ ដើម្បីពន្យល់រឿងរ៉ាងដល់ក្រុមហ៊ុននានា ដើម្បីស្វែងយល់ទល់មុខគ្នាអំពីការគិតរបស់ភ្នាក់ងារអនុវត្តច្បាប់របស់សហរដ្ឋអាមេរិក និយាយគ្នាដោយផ្ទាលអំពីព័ត៌មានលម្អិត ពោលគឺជាអ្វីដែលតៃវ៉ាន់ត្រូវការ»។

លោក Wang បាននិយាយថា ដោយសារផលិតកម្មបន្ទះឈីបជាច្រើននៅកោះតៃវ៉ាន់ វាជារឿងដែលមាន «អត្ថប្រយោជន៍» សម្រាប់ក្រុមហ៊ុនតៃវ៉ាន់ក្នុងការស្តាប់ព័ត៌មានលម្អិតអំពីវិធានការគ្រប់គ្រងថ្មីពីមន្ត្រីសហរដ្ឋអាមេរិក។

ទីភ្នាក់ងារព័ត៌មាន Central News Agency ផ្លូវការរបស់កោះតៃវ៉ាន់ បានរាយការណ៍ថា មន្ត្រីសហរដ្ឋអាមេរិកដែលមិនត្រូវបានបញ្ចេញឈ្មោះ នឹងធ្វើទស្សនកិច្ចនៅកោះតៃវ៉ាន់នៅខែក្រោយ ហើយរៀបចំព្រឹត្តិការណ៍នៅក្នុងមជ្ឈមណ្ឌលបន្ទះឈីបនៃទីក្រុង Hsinchu និង Tainan។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕