Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា រៀបចំអបអរទិវាសិទ្ធិមនុស្ស ១០ធ្នូ

Media LNN | Dec 08, 2023
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា រៀបចំអបអរទិវាសិទ្ធិមនុស្ស ១០ធ្នូ
Clinic narith

 

(ភ្នំពេញ)៖ ដើម្បីអបអរសាទរទិវាសិទ្ធិមនុស្ស ១០ ធ្នូ ក្រោមប្រធានបទខួបទី៧៥ នៃសេចក្តីប្រកាសជាសកល ស្តីពីសិទ្ធិមនុស្ស នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានរៀបចំអបអរសាទរទិវាសិទ្ធិមនុស្ស ១០ ធ្នូ ក្រោមប្រធានបទខួបទី៧៥ នៃសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស។

នាឱកាសនោះដែរ ទេសរដ្ឋមន្រ្តី កែវ រ៉េមី ប្រធាន គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានលើកឡើងថា វឌ្ឍនភាពនៃស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា មក ដល់បច្ចុប្បន្នតែប្រកាន់ខ្ជាប់ជានិច្ចនូវសិទ្ធិរស់រានមានជីវិត ក្នុងដំណាក់កាល២ សំខាន់ទី១ ការ សង្គ្រោះអាយុជីវិតរបស់ពលរដ្ឋពីរបបប្រល័យពូជសាសន៍ ប៉ុលពត និងការនាំមកនូវសន្តិភាពពេញលេញទូទាំងផ្ទៃប្រទេស ឯកភាពជាតិ ឯកភាពទឹកដី តាមរយៈនយោបាយឈ្នះឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន ហើយដែលសន្តិភាពនេះ គឺជាមូលដ្ឋានគ្រឹះនៃសិទ្ធិមនុស្ស ជាពិសេសសិទ្ធិរស់រានមានជីវិតដែលជាសិទ្ធិមូលដ្ឋានចាំបាច់បំផុតរបស់មនុស្ស ព្រមជាមួយនឹងការ អភិវឌ្ឍលើគ្រប់វិស័យ និងទី២ ក្នុងដំណាក់ប្រយុទ្ធប្រឆាំងនឹងការរីករាលដាល និងការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩។

ទេសរដ្ឋមន្រ្តី កែវ រ៉េមី បានបញ្ជាក់ថា សិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ត្រូវបានរាជរដ្ឋាភិបាល កម្ពុជាយកចិត្តទុកដាក់លើកកម្ពស់ ហើយដោះស្រាយ ការ លំបាករបស់ប្រជាពលរដ្ឋជាប់ជាប្រចាំដូចជាការចេញបណ្ណសមធម៌ជូនជនក្រីក្រ ការដំឡើងប្រាក់ឈ្នួល អប្បបរមាជូនកម្មករ និយោជិត ការផ្តល់របបសន្តិសុខសង្គមការឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងរងផលប៉ះពាល់ពីជំងឺកូវីដ១៩ជាដើម។ ការពង្រឹងកិច្ចគាំពារសង្គមត្រូវបានដាក់បញ្ចូលនៅក្នុងបញ្ចកោណទី១ គឺ ការអភិវឌ្ឍមូលធនមនុស្ស នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧។

គិតត្រឹមថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ គឺជាខួបលើកទី៧៥ នៃការប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ។ ទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ គឺជាថ្ងៃរំលឹកព្រឹត្តិការប្រវត្តិសាស្ត្រ ដែលមហាសន្និបាតរបស់អង្គការសហប្រជាជាតិ (UN) បានអនុម័តសេចក្តីប្រកាសជាសាកលស្តីពីសិទ្ធិមនុស្ស (Universal Declaration of Human Rights) នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩៤៨។

សេចក្តីប្រកាសនេះ មាន៣០មាត្រា ដោយបានទទួលស្គាល់នូវសិទ្ធិ និងសេរីភាពជាមូលដ្ឋានរបស់មនុស្សដោយមិនប្រកាន់សញ្ជាត ភេទ ជាតិសាសន៍ ក្រុមជាតិពន្ធុ ពណ៌សម្បុរ សាសនា ភាសា ឬ ឋានៈអ្វីឡើយ។

មហាសន្និបាតប្រកាសថា សេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្សនេះ ជាឧត្ដមគតិរួមដែលប្រជាពលរដ្ឋគ្រប់ៗប្រទេស និងប្រជាជាតិទាំងអស់ត្រូវធ្វើឱ្យបានសម្រេចដើម្បីឱ្យបុគ្គលគ្រប់ៗរូប និងអង្គការសង្គមទាំងអស់ ដោយរក្សាខ្ជាប់ខ្ជួនជានិច្ចក្នុងស្មារតីរបស់ខ្លួននូវសេចក្ដីប្រកាសនេះ ខិតខំប្រឹងប្រែងបណ្ដុះបណ្ដាលការគោរពសិទ្ធិ និងសេរីភាពទាំងនេះតាមរយៈការបង្រៀន និងការអប់រំហើយ និងខំប្រឹងប្រែងធានាឱ្យមានការទទួលស្គាល់ និងការអនុវត្តជាសកល និងដោយសក្កិសិទ្ធិនូវសិទ្ធិ និងសេរីភាព ដោយវិធានការជាតិ និងអន្ដរជាតិ ដែលមានលក្ខណៈរីកចម្រើនជាលំដាប់ ទាំងក្នុងចំណោមប្រជាពលរដ្ឋនៃរដ្ឋសមាជិក ទាំងក្នុងចំណោមប្រជាពលរដ្ឋដែនដី ដែលស្ថិតនៅក្រោមដែនសមត្ថកិច្ចនៃរដ្ឋទាំងនោះ៕