Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

កម្ពុជា រកចំណូលបានជាង៤០០លានដុល្លារ ពីការនាំចេញកៅស៊ូ

Media LNN | Dec 16, 2023
កម្ពុជា រកចំណូលបានជាង៤០០លានដុល្លារ ពីការនាំចេញកៅស៊ូ
Clinic narith

១១ខែមកនេះ កម្ពុជា ទទួលបានចំណូលប្រមាណ៤៤៦លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសកម្ម​រុក្ខាប្រមាញ់ និងនេសាទ នាថ្ងៃទី១៥ធ្នូ។​

ក្នុងចំណោមចំណូលខាងលើនេះ គឺមានចំនួន៤៤៥លានដុល្លារ បានពីការនាំចេញជ័រកៅស៊ូ ខណៈ១,៥លានដុល្លារទៀត បានពីការនាំចេញឈើកៅស៊ូ។ របាយការណ៍ពីអគ្គនាយកដ្ឋានកៅស៊ូ បានបង្ហាញថា គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២៣ ជ័រកៅស៊ូមានតម្លៃ ១ ៣៣៣ដុល្លារ ក្នុងមួយតោន។ តម្លៃថយចុះចំនួន ១១១ដុល្លារក្នុងមួយតោន ស្មើនឹង៧,៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២២។ 

ចំណែកតម្លៃ នៃការនាំចេញឈើកៅស៊ូ ក្នុងខែវិច្ឆិកា មានតម្លៃជាមធ្យម២៣១ដុល្លារ ក្នុងមួយម៉ែត្រគីប។

បច្ចុប្បន្ន កម្ពុជាមាន ផ្ទៃដីកៅស៊ូចំនួន​ ៤០៧ ១៧២ហិកតា ដោយក្នុងនោះ ផ្ទៃដីចៀរជ័រមានចំនួន៣២០ ១៨៤ហិកតា ស្មើនឹង៧៩ភាគរយ។​ រីឯ ផ្ទៃដីថែទាំកៅស៊ូ មានចំនួន ៨៦ ៩៨៨ហិកតា ស្មើនឹង២១ភាគរយ​នៃផ្ទៃដីកៅស៊ូសរុប។

កាលឆ្នាំ២០២២ កម្ពុជារកចំណូលបានជាង ៥៣១លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ។ ក្នុងនោះ មាន ៥២៧ ៧៧៤ ៥៦៩ដុល្លារ បានពីការនាំចេញជ័រកៅស៊ូ និង៤ ០៨៩ ២៧៣ដុល្លារ បានពី ការនាំចេញឈើកៅស៊ូ៕