Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

សម្ដេចធិបតី ហ៊ុន ម៉ាណែត ផ្ដាំអ្នកចង់ធ្វើបាតុកម្មប្រឆាំងដំណើរសម្ដេច សូមគិតពីមុខមាត់ប្រទេសជាតិ ហើយប្រយ័ត្នរំលោភច្បាប់ជប៉ុន

Media LNN | Dec 16, 2023
សម្ដេចធិបតី ហ៊ុន ម៉ាណែត ផ្ដាំអ្នកចង់ធ្វើបាតុកម្មប្រឆាំងដំណើរសម្ដេច សូមគិតពីមុខមាត់ប្រទេសជាតិ ហើយប្រយ័ត្នរំលោភច្បាប់ជប៉ុន
Clinic narith

 

(តូក្យូ-ជប៉ុន)៖ ក្រោយទទួលបានព័ត៌មានថា មានមនុស្សមួយក្រុមតូចចង់ធ្វើបាតុកម្មប្រឆាំងដំណើរទស្សនកិច្ចហើយនោះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣នេះ បានឆ្លៀតផ្ញើសារផ្ដាំផ្ញើទៅអ្នកដែលចង់ធ្វើបាតុកម្មសម្ដែងមតិប្រឆាំងសម្ដេច សូមគិតអំពីមុខមាត់ប្រទេសជាតិកម្ពុជា នៅលើឆាកអន្ដរជាតិ ហើយពិសេសប្រយ័ត្នរំលោភច្បាប់របស់ប្រទេសជប៉ុន។

ក្នុងជំនួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរ នៅប្រទេសជប៉ុន រួមជាមួយលោកជំទាវបណ្ឌិត ពេជ ច័ន្ទមុន្នី នាឱកាសអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលជប៉ុន-អាស៊ាន, សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបចំអកដល់ក្រុមអ្នកចង់សម្ដែងមតិប្រឆាំង ប្រយ័ត្នប៉ះពាល់ប្រទេសជប៉ុន រឿងរិះគន់ការធ្វើនយោបាយតជំនាន់ពីឪពុក ដល់កូន ព្រោះជប៉ុនក៏ធ្វើនាយករដ្ឋមន្ដ្រីតាំងឪពុកដល់កូនដែរ។

សម្ដេចធិបតី ហ៊ុន​ ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «បងប្អូនសម្ដែងមតិសម្ដែងទៅ ប៉ុន្ដែទីមួយសូមរក្សាភាពថ្លៃថ្នូរកុំធ្វើអីឲ្យគេប្រមាថ ព្រោះជនជាតិជប៉ុននៅទីនេះ តែយើងធ្វើអីមិនស្រួលបួលខ្មាស់គេ សម្ដែងមតិដោយថ្លៃថ្នូរជេរខ្ញុំ ជេរចុះ, ទីពីរកុំរំលោភច្បាប់ជប៉ុនប្រយ័ត្នជប៉ុនចាប់ ប៉ុន្ដែអ្វីដែលខ្ញុំបញ្ជាក់នេះ គឺសារទៅអ្នកដឹកនាំ។ គេតវ៉ាដោយសារនាយករដ្ឋមន្ដ្រីតពូជ ខ្ញុំដាក់នៅប្រទេសណាផ្សេង ដាក់នៅប្រទេសជប៉ុនប្រយ័ត្នចំម្ចាស់ផ្ទះ ព្រោះនៅជប៉ុនរឿងធម្មតាទេ»។

បើតាមប្រសាសន៍របស់សម្ដេចធិបតី នាយករដ្ឋមន្ដ្រី, នៅជប៉ុនជារឿងធម្មតា ដែលកូនចៅអ្នកនៅក្នុងត្រកូលអ្នកនយោបាយ ទៅកាន់តំណែងនយោបាយ រួមទាំងប្រមុខរដ្ឋាភិបាល និងសភា។ ខណៈក្រុមអ្នកទៅរិះគន់ ចង់សំដៅឲ្យជប៉ុនមិនទទួលស្គាល់រាជរដ្ឋាភិបាលកម្ពុជា គ្រាដែលនៅជប៉ុនក៏កូនតំណែងនាយករដ្ឋមន្ដ្រី បន្ទប់ពីឪពុកដូចគ្នា។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអះអាងថា មិនថាក្នុងខ្សែស្រឡាយអ្នកនយោបាយ ឬអ្នកណានោះទេឲ្យតែឈ្នះឆ្នោត ហើយគោរពនីតិវិធីផ្ទៃក្នុងរបស់គណបក្ស គោរពតាមរដ្ឋធម្មនុញ្ញ គោរពតាមច្បាប់របស់ប្រទេសនីមួយៗ គឺអាចកាន់តំណែងក្នុងជួរនយោបាយបានដូចគ្នា។ ដូច្នេះហាក់មិនសមស្របទាល់តែសោះ ដែលទៅរិះគន់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ថាបន្ដពីឪពុកទៅកូន នៅប្រទេសជប៉ុននេះ។

សម្ដេចមហាបវរធិបតី ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ឆ្លៀតណែនាំថា លើកក្រោយគួររកខ្លឹមសាររិះគន់សម្ដេ​ចឲ្យបានសមរម្យជាងនេះបន្ដិចទៅ។ តែទោះជាយ៉ាងណា សម្ដេចយល់ឃើញថា ក្រុមអ្នករិះគន់នេះគេធ្វើតាមមេកើយរបស់គេ ដែលសម្ដេចហៅថា «ម្សៀរចាស់វស្សា» ព្រោះគេមិនខ្វល់ពីខ្លឹមសាររិះគន់នោះទេ ពោលឲ្យតែបានរិះគន់ទៅបានហើយ។

ផ្ទុយពីក្រុមអ្នកដែលរង់ចាំរិះគន់មួយក្ដាប់តូចនោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត រួមជាមួយលោកជំទាវបណ្ឌិត បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែររស់នៅប្រទេសជប៉ុនរាប់ពាន់នាក់ ដើម្បីបង្ហាញពីស្មារតីទទួលខុសត្រូវ រួមសាមគ្គីគ្នា ក្នុងនាមជាជនរួមជាតិខ្មែរតែម្ដង៕