Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ក្រុមហ៊ុនជប៉ុន ចង់បង្កើតភូមិខ្មែរនៅខេត្តកាណាហ្គាវ៉ា ដើម្បីផ្សព្វផ្សាយវប្បធម៌ និងប្រពៃណីខ្មែរ

Media LNN | Dec 18, 2023
ក្រុមហ៊ុនជប៉ុន ចង់បង្កើតភូមិខ្មែរនៅខេត្តកាណាហ្គាវ៉ា ដើម្បីផ្សព្វផ្សាយវប្បធម៌ និងប្រពៃណីខ្មែរ
Clinic narith

 

(តូក្យូ, ជប៉ុន)៖ ក្រុមហ៊ុន KOJIMA របស់ជប៉ុន បានបង្ហាញបំណងបង្កើតភូមិខ្មែរនៅក្នុងខេ​ត្ត​កាណា​ហ្គា​វ៉ា ដើម្បីផ្សព្វផ្សាយវប្បធម៌ និងប្រពៃណីខ្មែរ។

បំណងនេះត្រូវបានបង្ហាញដោយលោក កូជីម៉ា ម៉ាសាណូប៊ូ (KOJIMA Masanobu) ប្រធានក្រុមហ៊ុន KOJIMA Holdings Co., Ltd. ក្នុងពេលចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ​ជាមួយសម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃចន្ទ ទី១៨ ខែធ្នូ ឆ្នាំ២០២៣នេះ នាទីក្រុង​តូក្យូ ប្រទេសជប៉ុន។

ក្នុងជំនួបនោះ លោក កូជីម៉ា ម៉ាសាណូប៊ូ បានថ្លែងអំណរគុណសម្តេចធិបតី ដែលបានឆ្លៀតពេលវេលា​ដ៏មមា​ញឹក​អនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម។ លោក កូជីម៉ា ម៉ាសាណូប៊ូ បាន​ជម្រាបជូនអំពីវឌ្ឍនភាពរីកចម្រើននៃការបណ្តុះបណ្តាល និងនាំយកកម្មសិក្សាការីខ្មែរ ទៅបម្រើការងារ​នៅ​ក្នុង​ប្រទេសជប៉ុន។

លោក កូជីម៉ា ម៉ាសាណូប៊ូ ក៏បានជម្រាបផងដែរថា ក្រុមហ៊ុនក៏បានបើកដំណើរការមជ្ឈមណ្ឌល​ពាណិជ្ជ​កម្ម​ឯកជនកម្ពុជា នៅទីក្រុងអាតស៊ូគិ ខេត្តកាណាហ្គាវ៉ា ដែលជាកន្លែងដ៏សំខាន់មួយក្នុងការផ្តល់​ព័ត៌មាន​ពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា ក៏ដូចជាការផ្សព្វផ្សាយអំពីផលិតផល និងម្ហូបអាហារខ្មែរ ការផ្លាស់ប្តូរ​វប្បធម៌ ការបណ្តុះបណ្តាលធនធានមនុស្ស និងការសម្របសម្រួលធុរកិច្ចពាណិជ្ជកម្មជាដើម។

លោកប្រធានក្រុមហ៊ុន ក៏បានជម្រាបផងដែរ អំពីគម្រោងនៃការពង្រីកការវិនិយោគរបស់ខ្លួននៅក្នុង​ប្រ​ទេស​​កម្ពុជា ជាពិសេសក្នុងវិស័យកសិកម្ម សម្រាប់បម្រើដល់ការនាំចេញ និងគម្រោងនៃការ​បង្កើត​ភូមិ​ខ្មែរនៅក្នុងខេត្តកាណាហ្គាវ៉ា ដើម្បីបង្កើនការផ្សព្វផ្សាយអំពីប្រពៃណីវប្បធម៌ខ្មែរនៅក្នុងប្រទេសជប៉ុន សំដៅ​លើកកម្ពស់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ ឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្តែងកិច្ចស្វាគមន៍ និងរីករាយ ចំពោះជំនួបជាមួយលោក កូជីម៉ា ម៉ា​សា​ណូប៊ូ និងសហការី។ សម្តេចធិបតី បានអរគុណក្រុមហ៊ុន ដែលបានបណ្តាក់ទុនវិនិយោគនៅកម្ពុជា ដែលជាការរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។

សម្តេចធិបតី បានថ្លែងអំណរគុណក្រុមហ៊ុន ចំពោះការចូលរួមចំណែកក្នុងការជួយបណ្តុះបណ្តាល និង​បញ្ជូនកម្មសិក្សាការីខ្មែរ មកធ្វើការនៅក្នុងប្រទេសជប៉ុន តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាល​វិជ្ជា​ជីវៈ និងក្រសួងពាណិជ្ជកម្មកម្ពុជា។ សកម្មភាពនេះ គឺពិតជាបានផ្តល់អត្ថប្រយោជន៍ចំពោះកម្ពុជា ទាំង​ចំពោះមុខ និងរយៈពេលវែង។ ផលប្រយោជន៍ចំពោះមុខ គឺការ​បង្កើត​ការងារ ដែលផ្តល់ប្រាក់ចំណូល និងកាត់បន្ថយភាពក្រីក្រ ខណៈដែលផលប្រយោជន៍រយៈពេលវែង គឺកម្មសិក្សាការីខ្មែរ នឹងក្លាយជាធន​ធាន​មនុស្សខ្មែរដែលមានបទពិសោធន៍ និងជំនាញច្បាស់លាស់ សម្រាប់ប្រទេសកម្ពុជា នាពេល​អនា​គត៕