Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ស្ពានអាកាសព្រះមុនីវង្សកម្ពស់ ២ជាន់ នឹងបញ្ចប់ការសាងសង់ជំហានទី១ មុនចូលឆ្នាំខ្មែរឆ្នាំ២០២៤

Admin Alynana | Dec 19, 2023
ស្ពានអាកាសព្រះមុនីវង្សកម្ពស់ ២ជាន់ នឹងបញ្ចប់ការសាងសង់ជំហានទី១ មុនចូលឆ្នាំខ្មែរឆ្នាំ២០២៤
Clinic narith

ភ្នំពេញ៖ ស្ពានអាកាសព្រះមុនីវង្ស ប្រសព្វរវាងមហាវិថីព្រះមុនីវង្ស មហាវិថីសម្តេចតេជោ ហ៊ុន សែន និងមហាវិថីយោធពលខេមរភូមិន្ទ គ្រោងនឹងបញ្ចប់ការសាងសង់ជំហានទី១ ឱ្យបានមុនចូលឆ្នាំខ្មែរ ឆ្នាំ២០២៤ ហើយបញ្ចប់ការសាងសង់ជំហានទី២ ឱ្យបានមុនចូលឆ្នាំខ្មែរ ឆ្នាំ២០២៥។

អភិបាលរងរាជធានីភ្នំពេញ លោក កើត ឆែ បានគូសបញ្ជាក់ថា ស្ពានអាកាសព្រះមុនីវង្សនេះ នឹងបញ្ចប់ការសាងសង់ជំហានទី១ មុនផែនការចំនួន ៤ខែ ហើយបញ្ចប់ការសាងសង់ជំហានទី២ឱ្យបានមុនចូលឆ្នាំខ្មែរឆ្នាំ២០២៥ មកដល់ផងដែរ។ 

ស្ពានអាកាសកម្ពស់ ២ជាន់នេះ បច្ចុប្បន្នកំពុងសាងសង់យ៉ាងសស្រាក់សស្រាំ ដោយសាងសង់រួចស្ពានអាកាសនេះនឹងជួយសម្រួលលំហូរចរាចរលើដងមហាវិថី ព្រះមុនីវង្ស មហាវិថីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វិថី កងយោធពលខេមរភូមិន្ទ និងតភ្ជាប់ចរាចរពីតំបន់ក្នុងទីក្រុងទៅមកអាកាសយានដ្ឋានអន្តរជាតិតេជោ។

ស្ពានអាកាសព្រះមុនីវង្ស ក្នុងទឹកដីខណ្ឌចំការមន និងខណ្ឌមានជ័យ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ក្រោមអធិបតីភាពអតីតនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ជាមួយនឹងបើកការដ្ឋានសាងសង់ស្ពានអាកាសមួយទៀត ដែលស្ថិតនៅចំណុចប្រសព្វមហាវិថីសហព័ន្ធរុស្ស៉ី ជាមួយមហាវិថីសម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល (ផ្លូវលេខ២០០៤) ក្នុងខណ្ឌពោធិ៍សែនជ័យ ដែលស្ពានអាកាសទាំងពីរនេះគ្រោងចំណាយថវិកាសាងសង់ជាង ៤៦លានដុល្លារ។ 

កាលនោះសម្តេចតេជោ បានបញ្ជាក់ថាការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងស្ពានអាកាសក្នុងរាជធានីភ្នំពេញ គឺជាប្រើយុទ្ធសាស្ត្រយកស្លឹកត្នោតខ្ចប់ស្ករត្នោត មានន័យថា យកលុយចំណូលពីការវិនិយោគក្នុងរាជធានី មកអភិវឌ្ឍរាជធានីភ្នំពេញវិញ៕