Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

រដ្ឋមន្ត្រីក្រសួងអធិការកិច្ច៖ ក្រសួងអធិការកិច្ច និង ACU មានទិសដៅរួមតែមួយក្នុងការប្រឆាំងនឹងអំពើពុករលួយ

Media LNN | Jan 04, 2024
រដ្ឋមន្ត្រីក្រសួងអធិការកិច្ច៖ ក្រសួងអធិការកិច្ច និង ACU មានទិសដៅរួមតែមួយក្នុងការប្រឆាំងនឹងអំពើពុករលួយ
Clinic narith

(ភ្នំពេញ)៖ ក្នុងកិច្ចពិភាក្សាជាមួយអ្នកសារព័ត៌មាន ដែលរៀបចំឡើងដោយក្លិបអ្នកកាសែតកម្ពុជា នាថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤នេះ លោករដ្ឋមន្ត្រីក្រសួងអធិការកិច្ច អះអាងថា ក្រសួងអធិការកិច្ច មានបេសកកម្មរួមមួយជាមួយនឹងអង្គភាពប្រឆាំងអំពើពុករលួយ ក្នុងការបង្ការ ទប់ស្កាត់ និងលើកវិធានការ ដើម្បីប្រឆាំងនឹងការប្រព្រឹត្តអំពើពុករលួយ ក៏ដូចជាការលុបបំបាត់បាតុភាពអសកម្មនានានៅក្នុងសង្គម។
Untitled-1.jpg10-2

បើតាមការគូសបញ្ជាក់ពីលោករដ្ឋមន្ត្រី ហួត ហាក់ ក្រសួងអធិការកិច្ច មានបេសកកម្មចម្បងសំខាន់ៗចំនួន៣ គឺទី១/ ការធ្វើអធិការកិច្ចនៅគ្រប់វិស័យ សំដៅប្រឆាំងអំពើពុករលួយ និងបាតុភាពអសកម្មនានា ទី២/ តាមដាន ត្រួតពិនិត្យរាល់ការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ព្រមទាំងអនុសាសន៍ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល និងទី៣/ ក្រសួងអធិការកិច្ច មានតួនាទីទទួលពាក្យបណ្ដឹង អង្កេត និងបោសសម្អាត។ តាមរយៈបេសកកម្មនេះ លោក ហួត ហាក់ បានអះអាងដូច្នេះថា៖ «ទាំងក្រសួងអធិការកិច្ច ទាំងអង្គភាពប្រឆាំងអំពើពុករលួយ រួមទាំងអាជ្ញាធរជាតិសវនកម្ម គឺមានបេសកកម្មរួមគ្នាបង្ការ​ រួមគ្នាទប់ស្កាត់​ រួមគ្នាលើកវិធានការ ដើម្បីប្រឆាំងអំពើពុករលួយ ប្រឆាំងជាមួយអំពើរំលោភអំណាច និងបាតុភាពអសកម្មនានា​ ដែលមាននៅក្នុងប្រទេសកម្ពុជា»។
Untitled-1.jpg9-1

លោករដ្ឋមន្ត្រី បានចាត់ទុកបេសកកម្មនេះ គឺបានដើរតួនាទីយ៉ាងសំខាន់ណាស់ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសនៅក្នុងអាណត្តិទី៧នេះ ដើម្បីសម្រេចឱ្យបានជោគជ័យកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ​ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី សំដៅធានាបានអភិបាលកិច្ចល្អ។
Untitled-1.jpg8-1

តែយ៉ាងណាមិញ លោករដ្ឋមន្ត្រី ហួត ហាក់ ក៏បានគូសរំលេចនូវភាពខុសគ្នារវាងក្រសួងអធិការកិច្ច និងអង្គភាពប្រឆាំងអំពើពុករលួយ ដោយលោក បញ្ជាក់ថា អង្គភាពប្រឆាំងអំពើពុករលួយ មានតួនាទីទទួលពាក្យបណ្ដឹងពីពលរដ្ឋ ហើយតាមដាន ត្រួតពិនិត្យ ស្រាវជ្រាវ និងលើកវិធានការនានា ដែលពាក់ព័ន្ធនឹងបទល្មើសពុករលួយនៅតាមក្រសួង-ស្ថាប័ន អង្គភាពសាធារណៈ និងឯកជនទាំងអស់ ស្របតាមនីតិវិធីធរមាន ដែលមានចែងក្នុងច្បាប់ស្ដិពីការប្រឆាំងអំពើពុករលួយ ។ ប៉ុន្តែ រាល់ការស៊ើបអង្កេតរបស់អង្គភាពប្រឆាំងអំពើពុករលួយ ត្រូវធ្វើរាយការណ៍ទៅកាន់ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ខណៈក្រសួងអធិការកិច្ច គឺមានកាតព្វកិច្ចធ្វើរបាយការណ៍គោរពជូនសម្ដេចនាយករដ្ឋមន្ត្រី ដែលជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីពិនិត្យ និងសម្រេច។
Untitled-1.jpg5-2

ទាក់ទងនឹងអាជ្ញាធរជាតិសវនកម្ម ត្រូវបានលោករដ្ឋមន្ត្រី បញ្ជាក់ថា ជាស្ថាប័នជាតិ ដែលមិនស្ថិតនៅក្រោមដំបូងរបស់រាជរដ្ឋាភិបាលឡើយ ពោល គឺស្ថាប័នអាជ្ញាធរជាតិសវនកម្ម ស្ថិតនៅក្រោមរដ្ឋសភា ដែលរបាយការណ៍របស់ស្ថាប័ននេះ ត្រូវរាយការណ៍ទៅកាន់រដ្ឋសភា ហើយអាជ្ញាធរជាតិសវនកម្ម មិនមានភារកិច្ចក្នុងការលើកជាវិធានការណាមួយឡើយចំពោះបញ្ហា ឬបាតុភាពផ្សេងៗ៕
Untitled-1.jpg4-2Untitled-1.jpg6-1Untitled-1.jpg7Untitled-1.jpg3-2Untitled-1.jpg2-2Untitled-1.jpg1-3Untitled-1-359