Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

គម្រោងប្រព័ន្ធធារាសាស្ត្រធំៗ២ នៅស្វាយរៀងមានលទ្ធភាពស្រោចស្រពបានជាង​ ២ម៉ឺនហិចតា

Media LNN | Jan 05, 2024
គម្រោងប្រព័ន្ធធារាសាស្ត្រធំៗ២ នៅស្វាយរៀងមានលទ្ធភាពស្រោចស្រពបានជាង​ ២ម៉ឺនហិចតា
Clinic narith

(ស្វាយរៀង)៖ ក្រសួងធនធានទឹក និងឧតុនិយម បានអនុវត្តគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រធំៗនៅខេត្តស្វាយរៀងដែលមានលទ្ធភាពស្រោចស្រពសរុបបានជាង ២សែនហិចតា ក្នុងគោលបំណងនាំទឹកទន្លេមេគង្គមកប្រើប្រាស់ និងដើម្បីពង្រីកផ្ទៃដីស្រោចស្រពឱ្យមានសក្តានុពលអាចបង្កើនផលិតភាព និងប្រសិទ្ធភាពកសិកម្ម ព្រមទាំងជួយលើកស្ទួយកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ នេះបើយោងតាម​របាយការណ៍ចុះពិនិត្យវឌ្ឍនភាពគម្រោងសាងសង់ប្រព័ន្ធធារាសាស្ត្រនេះ ដោយឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយមត្រូវនឹងថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤។

យោងតាមប្រភពពីក្រសួងធនធានទឹក ប្រព័ន្ធធារាសាស្ត្រសំខាន់ទាំងពីរនេះ គឺប្រព័ន្ធធារាសាស្ត្ររវ៉ៃគោ និងគម្រោងសាងសង់ប្រព័ន្ធធារាសាស្ត្រដូនទយ។ គម្រោងប្រព័ន្ធធារាសាស្ត្ររវ៉ៃគោ ដែលទទួលបានហិរញ្ញប្បទានពីធនាគាររបស់ចិន CHINA EXIMBANK ត្រូវបានអភិវឌ្ឍន៍សាងសង់ជា២ ជំហានគឺ៖ ជំហានទី១ ចាប់ផ្តើមក្នុងឆ្នាំ២០១៣ និងបញ្ចប់ក្នុងឆ្នាំ២០១៦ ស្ថិតនៅតំបន់ប្រសព្វគ្នារវាងខាងត្បូងខេត្តកំពង់ចាម និងខាងជើងខេត្តព្រៃវែង មានផ្ទៃរងទឹក ៧៩៥.០០០គីឡូម៉ែត្រការ៉េ មានលទ្ធភាពផ្គត់ផ្គង់ទឹកស្រោចស្រពបានទំហំ ១០៨.៣០០ហិកតានៅរដូវវស្សា និង ២៧០.១០០ហិកតានៅរដូវប្រាំង។

គម្រោងអភិវឌ្ឍន៍ប្រព័ន្ធស្រោចស្រពវ៉ៃគោជំហានទី២ (អាងទឹកកំពង់ជ្រៃ) ចាប់ផ្តើមក្នុងឆ្នាំ២០១៧ និងបញ្ចប់ក្នុងឆ្នាំ២០២១ ស្ថិតនៅតំបន់ប្រសព្វរវាងខាងកើតខេត្តព្រៃវែង និងខាងលិចខេត្តស្វាយរៀង មានផ្ទៃរងទឹក ៧៩៥.០០០ គីឡូម៉ែត្រការ៉េ មានលទ្ធភាពផ្គត់ផ្គង់ទឹកស្រោចស្រពបានទំហំ ៩៣.១០០ហិកតានៅរដូវវស្សា និង ២៣.៣០០ហិកតានៅរដូវប្រាំង។

សូមបញ្ជាក់ថា ការងារសាងសង់ដែលត្រូវអនុវត្តនៅក្នុងជំហានទី២ នេះរួមមាន៖ ទី១)ជីកព្រែក ២ខ្សែ សរុបប្រវែង ១៤,៦ គីឡូម៉ែត្រ ទី២)សាងសង់ប្រឡាយមេ ៤ ខ្សែ សរុបប្រវែង ៥៩,៥ គីឡូម៉ែត្រ ទី៣)សាងសង់ទំនប់សណ្តប្រវែង ៤១,៥ គីឡូម៉ែត្រ ទី៤)សាងសង់សំណង់បង្ហៀរ ចំនួន ១កន្លែង សំណង់ស្ទាក់ទឹក ៦កន្លែង និងសំណង់សម្រួលចរន្តទឹក ៨កន្លែង និង ទី៥)សាងសង់ស្ថានីយបូមទឹក ចំនួន ៤កន្លែង និងសំណង់លូទឹក ៣២កន្លែង។

ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី រួមជាមួយឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ក៏បានអញ្ជើញចុះពិនិត្យប្រព័ន្ធធារាសាស្រ្តដូនទយ ស្ថិតក្នុងភូមិសាស្ត្រសង្កាត់ព្រៃអង្គុញ ក្រុងបាវិត និងឃុំព្រៃគគីរ ស្រុកចន្ទ្រា ខេត្តស្វាយរៀង។

ប្រព័ន្ធធារាសាស្រ្តដូនទយនេះ ត្រូវបានជួសជុល និងស្ដារឡើងវិញនៅឆ្នាំ២០១១ ដោយក្រសួងធនធានទឹក និងឧតុនិយម មានបរិមាណទឹក ១៧លានម៉ែត្រត្រីគុណ មានផ្ទៃដីស្រោចស្រពសរុប ៧.២៣៩ហិកតា ក្នុងនោះស្រូវវស្សាចំនួន ៦០៤៩ហិកតា និងស្រូវប្រាំងចំនួន ១.១៩០ហិកតា។

ឯកឧត្តមរដ្ឋមន្ត្រីបានឱ្យដឹងថា គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រទាំងនេះ គឺក្នុងគោលបំណង ដើម្បីនាំទឹកទន្លេមេគង្គតាមរយៈ ផ្នែកខាងលើទន្លេតូច តាមព្រែកកំពង់ត្របែក និងព្រែកជីកថ្មី និងដើម្បីពង្រីកផ្ទៃដីស្រោចស្រពឱ្យមានសក្តានុពលអាចបង្កើនផលិតភាព និងប្រសិទ្ធភាពកសិកម្ម ព្រមទាំងជួយលើកស្ទួយកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែមានភាពរីកចម្រើននិងជំរុញកំណើនសេដ្ឋកិច្ចជាតិ ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលកម្ពុជា៕