Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

តៃវ៉ាន់រិះគន់វត្តមានបាឡុងចិនថា ជាការគំរាមកំហែងសុវត្ថិភាព និងជាសង្រ្គាមចិត្តសាស្រ្ត ខណៈមួយសប្តាហ៍ទៀត នឹងត្រូវបោះឆ្នោត

Media LNN | Jan 08, 2024
តៃវ៉ាន់រិះគន់វត្តមានបាឡុងចិនថា ជាការគំរាមកំហែងសុវត្ថិភាព និងជាសង្រ្គាមចិត្តសាស្រ្ត ខណៈមួយសប្តាហ៍ទៀត នឹងត្រូវបោះឆ្នោត
Clinic narith

(តៃវ៉ាន់)៖ ក្រសួងការពារជាតិតៃវ៉ាន់កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ បានចោទប្រកាន់ចិនថា បង្កការគំរាមកំហែងដល់សុវត្ថិភាពអាកាសចរណ៍ និងធ្វើសង្រ្គាមចិត្តសាស្រ្តប្រឆាំងប្រជាជនតៃវ៉ាន់ តាមរយៈវត្តមានបាឡុង ដែលត្រូវបានប្រទះឃើញជាបន្តបន្ទាប់ នៅក្បែនិងលើដែនកោះនេះ ខណៈសល់តែមួយសប្តាហ៍ទៀតប៉ុណ្ណោះ តៃវ៉ាន់នឹងត្រូវបោះឆ្នោតជ្រើសរើសមេដឹកនាំអាណត្តិថ្មី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអាទិត្យ ទី៧ ខែមករា ឆ្នាំ២០២៤។

ក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ ក្រសួងការពារជាតិតៃវ៉ាន់ បាននិយាយថា បាឡុងរបស់ចិន គឺជាការគំរាមកំហែងធ្ងន់ធ្ងរ ចំពោះ​សុវត្ថិភាពអាកាសចរណ៍អន្តរជាតិ ហើយបានអះអាងថា បើយោងតាមការវិភាគរបស់ខ្លួន បាឡុងទាំងនោះគឺជាផ្នែកមួយនៃយុទ្ធសាស្រ្តរបស់ចិនប្រឆាំងនឹងតៃវ៉ាន់ តាមរយៈការព្យាយាមប្រើប្រាស់សង្រ្គាមផ្នែកចិត្តសាស្រ្ត ដើម្បីជះឥទ្ធិពលលើស្មារតីប្រជាជនតៃវ៉ាន់។ កាលពីដំបូងៗ តៃវ៉ាន់បានអះអាងថា បាឡុងចិនទាំងនោះ ទំនងត្រឹមជាបាឡុងឧតុនិយមប៉ុណ្ណោះ ដែលត្រូវខ្យល់ខ្លាំងបក់ឱ្យរសាត់។

គួរបញ្ជាក់ថា តៃវ៉ាន់កំពុងស្ថិតក្រោមការប្រុងជើងការខ្ពស់ សម្រាប់សកម្មភាពយោធាក៏ដូចជានយោបាយរបស់ចិន នៅមុនការបោះឆ្នោតជ្រើសរើសមេដឹកនាំ និងការបោះឆ្នោតជ្រើសរើសសមាជិកសភា នាថ្ងៃទី១៣ ខែមករានេះ។ ទីក្រុងតៃប៉ិបានចោទថា ចិនកំពុងប្រឹងប្រែងដាក់សម្ពាធតាមផ្នែកយោធានិងសេដ្ឋកិច្ច ដើម្បីប៉ុនប៉ងលូកលាន់ដំណើរការបោះឆ្នោតទាំងនេះ។ ចំពោះទីក្រុងប៉េកាំង​ កោះតៃវ៉ាន់គឺជាផ្នែកដែលមិនអាចកាត់ផ្តាច់ឡើយ នៃទឹករបស់ប្រទេសចិន ហើយចិនបានប្តេជ្ញាយ៉ាងមុតមាំថា នឹងបង្រួបបង្រួមគ្នាវិញ​នៅថ្ងៃណាមួយជាមួយតៃវ៉ាន់៕