Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

សម្តេចធិបតី ហ៊ុន ម៉ាណែតមានសុទិដ្ឋិនិយមខ្ពស់ក្នុងការកសាងជាតិឆ្ពោះទៅរកការរីកចម្រើន តែទាមទារឱ្យមានការគាំទ្រពីគ្រប់មជ្ឈដ្ឋាន

Media LNN | Jan 09, 2024
សម្តេចធិបតី ហ៊ុន ម៉ាណែតមានសុទិដ្ឋិនិយមខ្ពស់ក្នុងការកសាងជាតិឆ្ពោះទៅរកការរីកចម្រើន តែទាមទារឱ្យមានការគាំទ្រពីគ្រប់មជ្ឈដ្ឋាន
Clinic narith

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញសុទិដ្ឋិនិយមខ្ពស់ក្នុងការកសាងជាតិឆ្ពោះទៅរកការរីកចម្រើនបាន ប៉ុន្តែទាមទារឱ្យមានការចូលរួម និងគាំទ្រពីប្រជាពលរដ្ឋ និងមន្ត្រីរាជការដែលអនុវត្ត កងកម្លាំងប្រដាប់អាវុធ ដើម្បីបង្កើតវប្បធម៌មួយ និងបរិស្ថានមួយដែលអាចធានាបាននូវការរីកលូតលាស់ប្រកបដោយបរិយាប័ន្ន ប្រកបដោយភាពប្រកួតប្រជែង។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសុទិដ្ឋិនិយមខ្ពស់ដូចនេះនៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤នេះ នាឱកាសដែលសម្តេចបានអញ្ជើញ ជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A ក្នុងឆ្នាំសិក្សា២០២២-២០២៣ សរុប ១,៦៩១នាក់ រាប់ទាំងបេក្ខជនអប់រំបច្ចេកទេស ១៨នាក់ផងដែរ។ ជំនួបសំណេះសំណាលនេះ ធ្វើឡើងនៅមជ្ឈមណ្ឌលពាណិជ្ជកម្មជ្រោយចង្វារ (OCIC)។

គួរបញ្ជាក់ដែរថា ការប្រលងមធ្យមសិក្សាទុតិយភូមិ ឬហៅបាក់ឌុប ដែលបានប្រព្រឹត្តទៅនាថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ មានសិស្សប្រឡងជាប់សរុប ៩៨,៤៦០នាក់ ស្មើនឹង ៧២.៨៩ភាគរយ។ ក្នុងនោះសិស្សទទួលបាន និទ្ទេស A ចំនួន ១,៦៧៣នាក់, និទ្ទេស B ចំនួន ៦,៩៦៤នាក់, និទ្ទេស C ចំនួន ១៨,៣០៨នាក់, និទ្ទេស D ចំនួន ៣៤,២៤៦នាក់ និងនិទ្ទេស E ចំនួន ៣៧,២៦៩នាក់។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «ខ្ញុំមានសុទិដ្ឋិនិយមច្បាស់លាស់ ប៉ុន្តែត្រូវការការចូលរួមនិងគាំទ្ររបស់ប្រជាពលរដ្ឋយើងទាំងអស់ និងមន្ត្រីរាជការដែលអនុវត្ត កងកម្លាំងប្រដាប់អាវុធ និងបងប្អូនប្រជាពលរដ្ឋគ្រប់វិស័យទាំងអស់ ទាំងឯកជន ដើម្បីបង្កើតវប្បធម៌មួយ និងបរិស្ថានមួយដែលអាចធានាបាននូវការរីកលូតលាស់ប្រកបដោយបរិយាប័ន្ន ប្រកបដោយភាពប្រកួតប្រជែង យកគោលការណ៍កូណាធិបតេយ្យ និងការបង្កើននូវប្រសិទ្ធភាពរបស់ប្រទេសជាតិរបស់យើង ហើយខ្ញុំគិតថាយើងនឹងអាចធ្វើបានហើយរួមគ្នាដើម្បីធ្វើបានដើម្បីជាតិរបស់យើង»។

នាឱកាសនោះដែរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដែរថា គោលនយោបាយ និងចក្ខុវិស័យយើងបានដាក់ចេញហើយ ដែលយើងអាចយកបទពិសោធដែលមានស្រាប់ដើម្បីយកជាឧទាហរណ៍ ឧទាហរណ៍ដែលយើងត្រូវជឿជាក់លើខ្លួនឯងថា បើយើងមានចក្ខុវិស័យច្បាស់លាស់ផ្អែកលើមូលដ្ឋានជាតិនិយម ការប្ដេជ្ញាចិត្តខ្ពស់ការចូលរួមពីគ្រប់ភាគី និងការចូលរួមលះបង់ដើម្បីផលប្រយោជន៍រួម ការលំបាកយ៉ាងណាយើងអាចពុះពារបាន និងអាចកែសម្រួលបានដើម្បីនិរន្តរភាពនៃកំណែទម្រង់របស់យើង។
សម្តេចធិបតី បានបន្ថែមថា ការធ្វើការប្រឡងបាក់ឌុប គ្រាន់តែជាឧទាហរណ៍មួយ ប៉ុន្តែឧទាហរណ៍ដែលលំបាកបំផុតនូវគោលការណ៍៤ ដែលសម្តេចបានធ្វើ គឺបានបញ្ចប់សង្គ្រាម ការវ៉ៃគ្នា ៥០០ឆ្នាំ បង្កើតភាពមិនជឿទុកចិត្តរវាងគ្រប់ភាគីទាំងអស់ តែដោយសារកត្តា៤ រួមមាន៖ ចក្ខុវិស័យច្បាស់លាស់នៅក្នុងការបញ្ចប់សង្គ្រាមរកសន្តិភាព ការឯកភាពជាតិពេញលេញបង្រួបបង្រួមទឹកដីទាំងស្រុងដើម្បីជាតិ និងប្រជាជន, ការប្ដេជ្ញាចិត្តខ្ពស់របស់ថ្នាក់ដឹកនាំ ដែលសម្តេចតេជោ និងថ្នាក់ដឹកនាំប្រតិបត្តិករទាំងអស់ និងប្រជាពលរដ្ឋ, ការចូលរួមរបស់ប្រជាពលរដ្ឋគ្រប់ភាគីទាំងអស់ និងកម្លាំងប្រដាប់អាវុធ, ការលះបង់នូវតួនាទីការសម្របសម្រួល ដោយខាងភាគីរដ្ឋកម្ពុជាក៏លះបង់អំណាចមួយចំនួនជូនទៅឲ្យខាងខ្មែរក្រហម ហើយខ្មែរក្រហមក៏លះបង់តំបន់គ្រប់គ្រងរបស់ខ្លួនដើម្បីចូលរួម បានធ្វើឱ្យយើងជោគជ័យរក្សាសន្តិភាពបាន។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ដោយសារតែកត្តាទាំង ៤នេះហើយ បានធ្វើឱ្យយើងជោគជ័យរក្សាសន្តិភាពបាន ដូចនេះកំណែរទម្រង់ដែលយើងធ្វើលំបាកពីមុន គឺបានឆ្លងកាត់រូបមន្តទាំង៤នេះ ហើយសម្តេចគិតថា កំណែទម្រង់ទៅមុខទៀត យើងនឹងនៅតែរួមគ្នាធ្វើបានបន្តទៀតផងដែរ៕