Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

កម្ពុជាពង្រីកជើងហោះហើរត្រង់ទៅទីក្រុងចុងគឹង ដើម្បីជំរុញកំណើនទេសចរចិន

Media LNN | Jan 10, 2024
កម្ពុជាពង្រីកជើងហោះហើរត្រង់ទៅទីក្រុងចុងគឹង ដើម្បីជំរុញកំណើនទេសចរចិន
Clinic narith

ក្រុមហ៊ុនអាកាសចរណ៍ Cambodia Airways បានបើកសម្ពោធជើងហោះហើរត្រង់ពីទីក្រុងភ្នំពេញទៅកាន់ទីក្រុង Chongqing របស់ប្រទេសចិននៅថ្ងៃទី ០៦ ខែមករា។ ជើងហោះហើរត្រង់ថ្មីនេះ នឹងប្រតិបត្តិការទៅមកពីរដងក្នុងមួយសប្តាហ៍ ដែលដំណើរការនៅថ្ងៃច័ន្ទ និងថ្ងៃសៅរ៍ ដើម្បីបង្កើនទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសចិន និងជំរុញទេសចរណ៍ ជាពិសេសដើម្បីជំរុញសកម្មភាពសេដ្ឋកិច្ចក្រោយវិបត្តិសាកល នេះបើយោងតាម Tin Media ធ្វើបច្ចុប្បន្នភាពកាលពីថ្ងៃទី ០៤ ខែមករា​ ឆ្នាំ ២០២៤នេះ។

កន្លងមក ក្រុមហ៊ុនអាកាសចរណ៍ Cambodia Airways បានតភ្ជាប់ទីក្រុងចំនួនប្រាំបីរបស់ប្រទេសចិនជាមួយប្រទេសកម្ពុជារួចហើយ ក្នុងនោះមាន Beijing, Shenzhen, Chengdu, Macau, Sanya, Jinan, Jieyang and Haikou និងទី០៩ក្រោយគេនេះ គឺទីក្រុង Chongqing នេះតែម្តង។

នៅពេលដែលប្រទេសចិនចាប់ផ្តើមដំណើរទេសចរណ៍អន្តរជាតិឡើងវិញបន្ទាប់ពីដាក់ចេញនូវគោលនយោបាយ ‘កូវីដសូន្យ’ កម្ពុជារំពឹងថានឹងមានការកើនឡើងនៃការមកដល់របស់ភ្ញៀវទេសចរចិន។ នៅឆ្នាំ ២០២៣ ក្រោយការបើកដំណើរការឡើងវិញ កម្ពុជាបានឃើញការកើនឡើងបន្តិចម្តងៗនៃភ្ញៀវទេសចរចិន ឈានដល់មួយលាននាក់ ដែលជាការកើនឡើងគួរឱ្យកត់សម្គាល់ពី ១១០.០០០ នាក់ក្នុងឆ្នាំ ២០២២។

និន្នាការវិជ្ជមាននេះស្របនឹងរបាយការណ៍ពីប្រទេសចិន ដែលថ្ងៃឈប់សម្រាកចូលឆ្នាំថ្មីនាពេលថ្មីៗនេះមានការកើនឡើងនៅក្នុង សកម្មភាពធ្វើដំណើរដែលជាសញ្ញានៃការចាប់ផ្តើមដ៏រឹងមាំដល់ឆ្នាំ ២០២៤។

យោងតាមទិន្នន័យពីវិទ្យាស្ថានស្រាវជ្រាវនៃទីភ្នាក់ងារទេសចរណ៍អនឡាញ Trip.com ទីតាំងទេសចរណ៍នៅតាមតំបន់ព្រិល និងទឹកកកក្នុងប្រទេសចិន បានលេចចេញជាគោលដៅពេញនិយមបំផុត ដោយមានការកើនឡើងនៃការបញ្ជាទិញសំបុត្រ។ ភាពទាក់ទាញនៃគោលដៅទាំងនេះ បញ្ជាក់ពីចំណូលចិត្តចម្រុះរបស់អ្នកធ្វើដំណើរក្នុងអំឡុងពេលថ្ងៃឈប់សម្រាក។

នៅទូទាំងប្រទេសចិន ក្នុងរដូវវិស្សមកាល មធ្យោបាយដឹកជញ្ជូនផ្សេងៗ ចាប់ផ្តើមមានចលនាច្រើន ដោយបរិមាណអ្នកដំណើរលើផ្លូវដែក ផ្លូវថ្នល់ ផ្លូវទឹក និងផ្លូវអាកាសកើនឡើងជិត ១៣០លាននាក់ ចាប់ពីថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២៣ ដល់ថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៤ នេះបើតាមប្រភពរាយការណ៍ដោយក្រសួងដឹកជញ្ជូនចិន។

សន្ទុះ​ជាវិជ្ជមាននេះ ​បាន​ពង្រីក​ដល់​ទីផ្សារ​ទេសចរណ៍ ដោយ​ចំណូល​សរុប​របស់​ប្រទេស​ចិន​កើន​លើស​ចំនួន​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​ចំនួន ១១,២៦ ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល​បី​ថ្ងៃ។ នេះ​ជា​ការ​កើន​ឡើង​បី​ដង​ធៀប​នឹង​រដូវ​កាល​ឈប់​សម្រាក​កាល​ពី​ឆ្នាំ​មុន និង​មាន​កំណើន ៥,៦ ភាគរយ​ធៀប​នឹង​ឆ្នាំ ២០១៩ នេះ​បើ​តាមប្រភព​ក្រសួង​វប្បធម៌ និង​ទេសចរណ៍ចិន។

ភ្ញៀវទេសចរបរទេសក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកដល់ទីផ្សារថ្ងៃឈប់សម្រាកដ៏រស់រវើកនៅក្នុងប្រទេសចិន។ ប្រទេសនេះបានកត់ត្រាការធ្វើដំណើរក្នុង និងក្រៅប្រទេសចំនួន ៥,១៨ លានជើង ក្នុងអំឡុងវិស្សមកាលរយៈពេល ៣ ថ្ងៃ ដែលតំណាងឱ្យការកើនឡើងគួរឱ្យកត់សម្គាល់ប្រមាណ ៤,៧ ដងបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន និងការវិលត្រឡប់ទៅកាន់កម្រិតដែលធ្លាប់មានក្នុងឆ្នាំ ២០១៩ នេះបើតាមរបាយការណ៍ពីរដ្ឋបាលអន្តោប្រវេសន៍ជាតិចិន។

សម្រាប់ភាគីកម្ពុជា លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក បានស្វាគមន៍ចំពោះការដាក់ឱ្យប្រើប្រាស់ជើងហោះហើរត្រង់រវាងទីក្រុងភ្នំពេញ និងទីក្រុង Chongqing នេះ ដោយបានសង្កត់ធ្ងន់លើសក្ដានុពលនៃការកើនឡើងចំនួនភ្ញៀវទេសចរមកពីប្រទេសចិន។ លោក ស៊ីណាន បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការត្រួតពិនិត្យគោលនយោបាយទ្វេភាគី និងបទប្បញ្ញត្តិរបស់រដ្ឋាភិបាល ដោយទទួលស្គាល់តួនាទីសំខាន់របស់ពួកគេក្នុងភាពជោគជ័យនៃផ្លូវថ្មីក្នុងការជំរុញទេសចរណ៍។

“វា​ជា​ដំណឹង​ល្អ​សម្រាប់​វិស័យ​ទេសចរណ៍។ ទោះជាយ៉ាងណាក៏ដោយ វាជារឿងសំខាន់ដែលត្រូវកត់សម្គាល់ថា ផលប៉ះពាល់ជាក់ស្តែងលើការមកដល់របស់ភ្ញៀវទេសចរ នឹងមិនត្រឹមតែអាស្រ័យទៅលើភាពងាយស្រួលនៃជើងហោះហើរប៉ុណ្ណោះទេ ប៉ុន្តែក៏អាស្រ័យលើគោលនយោបាយ និងបទប្បញ្ញត្តិដែលកំណត់ដោយរដ្ឋាភិបាលចិនផងដែរ។ គោលនយោបាយទ្វេភាគីរវាងចិន និងកម្ពុជានឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការកំណត់ភាពជោគជ័យនៃផ្លូវហោះហើរថ្មីនេះក្នុងការជំរុញទេសចរណ៍” ប្រសាសន៍របស់លោក ស៊ីណាន៕