Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

តើវិបត្តិនៅសមុទ្រក្រហមកើនឡើងដល់កម្រិតណាទើបបានជាបង្កហានិភ័យរាប់ពាន់លានដុល្លារដល់ប្រទេសឥណ្ឌា?

Media LNN | Feb 03, 2024
តើវិបត្តិនៅសមុទ្រក្រហមកើនឡើងដល់កម្រិតណាទើបបានជាបង្កហានិភ័យរាប់ពាន់លានដុល្លារដល់ប្រទេសឥណ្ឌា?
Clinic narith

តម្រូវការអង្ករក្រអូបគ្រាប់វែងបាម៉ាទី (Basmati) របស់ប្រទេសឥណ្ឌាពីសំណាក់អ្នកទិញនៅមជ្ឈិមបូព៌ា សហរដ្ឋអាមេរិក និងអឺរ៉ុបបានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារតម្លៃវាបានហក់ឡើងខ្ពស់ ក្រោយមានការកើនឡើងភាពតានតឹងនៅសមុទ្រក្រហម ដែលជាផ្លូវពាណិជ្ជកម្មជិតបំផុត និងមានប្រសិទ្ធភាពបំផុតសម្រាប់នាវាដែលធ្វើដំណើរពីអាស៊ីទៅអឺរ៉ុប។ តើវិបត្តិសមុទ្រក្រហមនេះនឹងធ្វើឱ្យឥណ្ឌាខាតបង់ប្រាក់ក្នុងកម្រិតណាដែរ?

ការវាយប្រហាររបស់ក្រុមឧទ្ទាមហ៊ូទីគាំទ្រដោយអ៊ីរ៉ង់ចេញពីប្រទេសយេម៉ែនទៅលើនាវាដឹកទំនិញឆ្លងកាត់សមុទ្រក្រហម បានបង្ខំឱ្យនាវាទាំងនេះបើកវាងផ្លូវពាណិជ្ជកម្មដ៏សំខាន់បំផុតនៅក្នុងពិភពលោកមួយនេះ ឆ្ពោះទៅកាន់ផ្លូវវាងនៅជុំវិញតំបន់ Cape of Good Hope នៅចុងភាគខាងត្បូងនៃទ្វីបអាហ្រ្វិកដោយបានបន្ថែមចម្ងាយផ្លូវសមុទ្រជាង៦ពាន់គីឡូម៉ែត្រជាហេតុធ្វើឱ្យកើនថ្លៃដឹកជញ្ជូនយ៉ាងខ្លាំង។

លោក វីចាយ គូម៉ា សេតធៀ (Vijay Kumar Setia) នាយកក្រុមហ៊ុននាំចេញ ចាម៉ាន ឡាល់ សេតធៀ (Chaman Lal Setia) និងជាអតីតប្រធានក្រុមហ៊ុន All India Rice Exporters របស់ឥណ្ឌាបាននិយាយថា ការនាំចេញអង្ករបាម៉ាទីចេញពីប្រទេសឥណ្ឌាបានក្លាយជាបញ្ហាប្រឈមសម្រាប់អ្នកដឹកជញ្ជូនដោយសារថ្លៃដឹកបានកើនឡើង៥ដងជាមួយនឹងការកើនឡើងនូវបុព្វលាភធានារ៉ាប់រង កង្វះកុងតឺន័រ និងរយៈពេលដឹកជញ្ជូនកាន់តែយូរ។

ប្រទេសឥណ្ឌាដែលជាអ្នកនាំចេញអង្ករដ៏ធំបំផុតរបស់ពិភពលោក បានដឹកជញ្ជូនអង្ករបាម៉ាទីជាង៤លានតោនចេញពីប្រទេសក្នុងមួយឆ្នាំៗ ហើយអង្ករប្រហែល៣៥%នៃផលិតកម្មអង្ករប្រហែលជាង៧លានតោនត្រូវបានដឹកជញ្ជូនពីឥណ្ឌាទៅតំបន់អឺរ៉ុប អាមេរិកខាងជើង អាហ្វ្រិកខាងជើង និងមជ្ឈិមបូព៌ាតាមរយៈសមុទ្រក្រហម។

លោក សេតធៀ បាននិយាយថា អ្នកទិញមានការរារែកក្នុងការទទួលយកក្នុងតម្លៃខ្ពស់ ហើយថា ការនាំចេញមួយចំនួនកំពុងតែបន្តធ្វើ ប៉ុន្តែអាជីវកម្មមិនរលូនដូចកាលពីមុននោះទេ។ ដូច្នេះហើយពួកគេកំពុងបាត់បង់ប្រាក់ចំណេញដោយសារតែថ្លៃដឹកជញ្ជូនកើនឡើងខ្ពស់ជាងមុន។

ប្រទេសឥណ្ឌាបានពឹងផ្អែកយ៉ាងខ្លាំងលើផ្លូវសមុទ្រក្រហមកាត់តាមព្រែកជីកស៊ុយអេសម្រាប់ពាណិជ្ជកម្មជាមួយនឹងអឺរ៉ុប អាមេរិកខាងជើង អាហ្រ្វិកខាងជើង និងមជ្ឈិមបូព៌ា ហើយតំបន់ទាំងនេះបានរួមចំណែកប្រហែល៥០% នៃការនាំចេញរបស់ឥណ្ឌាចំនួន២១៧ពាន់លានដុល្លារ និងប្រហែល៣០% នៃការនាំចូលចំនួន២០៥ពាន់លានដុល្លារក្នុងឆ្នាំសារពើពន្ធ ដែលបានបិទបញ្ចប់នៅខែមីនា ឆ្នាំ២០២៣។ នេះបើយោងតាមក្រុមហ៊ុនវាយតម្លៃ CRISIL Ratings។

លោក សាជីន ចាទូវ៉េឌី (Sachin Chaturvedi) អគ្គនាយកប្រព័ន្ធស្រាវជ្រាវ និងព័ត៌មានសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍នៅរដ្ឋធានីញូវដែលីបាននិយាយថា ការដឹកជញ្ជូនបច្ចុប្បន្នបានពន្យារពេល២១-២៨ថ្ងៃ ហើយថា វិបត្តិនេះអាចធ្វើឲ្យឥណ្ឌាបង្កើនចំណាយជាង៣០ពាន់លានដុល្លារក្នុងការនាំចេញសម្រាប់ឆ្នាំសារពើពន្ធ ដែលបិទបញ្ចប់នៅខែមីនា ពោលគឺកើនឡើងជិត៧%ឡើងដល់៤៥១ពាន់លានដុល្លារនៃការនាំចេញកាលពីឆ្នាំមុន៕