Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

តម្លៃជ្រូករស់ហក់ឡើងថ្លៃក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិន ហាក់ផ្ទុយពីការរំពឹងទុករបស់សមាគមអ្នកចិញ្ចឹមសត្វ

Admin Alynana | Feb 08, 2024
តម្លៃជ្រូករស់ហក់ឡើងថ្លៃក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិន ហាក់ផ្ទុយពីការរំពឹងទុករបស់សមាគមអ្នកចិញ្ចឹមសត្វ
Clinic narith
ការរំពឹងតម្លៃជ្រូករស់ហក់ឡើងថ្លៃក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនរបស់សមាអ្នកចិញ្ចឹមសត្វកម្ពុជា ទំនងជាអាចខកបំណង ដ្បិតថា មកទល់ពេលនេះតម្លៃជ្រូករស់នៅតំបន់មួយចំនួនពុំមានការឡើងនោះទេ ហើយកន្លែងខ្លះមានការឡើងថ្លៃតិចតួចប៉ុណ្ណោះ។

បើតាមការអះអាងរបស់ថ្នាក់ដឹកនាំសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា តម្លៃជ្រូករស់បច្ចុប្បន្នអាចលក់ចេញ ចម្លោះពី៨ពាន់រៀល ទៅ៨ពាន់៣រយរៀល ក្នុងមួយគីឡូក្រាមតែប៉ុណ្ណោះ។ តម្លៃក្នុងទំហំប៉ុណ្ណេះ ទំនងជាមិនទាន់អាចផ្តល់ប្រាក់ចំណេញដល់កសិករចិញ្ចឹមជ្រូកនៅឡើយទេ ពោលគឺគ្រាន់តែអាចជួយបន្ថយការខាតមួយកម្រិតតែប៉ុណ្ណោះ។

លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានប្រាប់ខេមបូណូមីសថា ទីផ្សារជ្រូករស់នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិននៅឆ្នាំនេះ ហាក់គឺផ្ទុយពីអ្វីដែលលោកបានរំពឹងទុកនាពេលកន្លងមក​។ ផ្ទុយពីការរំពឹងទុក ក៏ដោយសារជ្រូករស់បច្ចុប្បន្នអាចលក់បានចម្លោះពី៨ពាន់រៀល ទៅ៨ពាន់៣រយរៀល ក្នុង១គីឡូក្រាមប៉ុណ្ណោះ វាអាស្រ័យលើតំបន់មានតម្រូវការសាច់ជ្រូកតិច ឬច្រើន ខណៈកន្លងមកលោករំពឹងថា នឹងអាចហក់ឡើងដល់ចម្លោះពី១ម៉ឺន ទៅ១ម៉ឺន១ពាន់រៀល ក្នុងមួយគីឡូក្រាម។

បើតាមការវាយតម្លៃរបស់អ្នកជំនាញរូបនេះ កត្តាដែលធ្វើឱ្យតម្លៃជ្រូកនៅក្នុងឱកាសបុណ្យចូលឆ្នាំចិនឆ្នាំនេះមិនមានការឡើងថ្លៃខ្ពស់ គឺអាចដោយសារជ្រូកចាលនៅក្នុងទ្រុងច្រើនពេក គួបផ្សំសាច់បង្កកនៅតែចរាចរលើទីផ្សារ។

​បើតាមការគូសបញ្ជាក់របស់ថ្នាក់ដឹកនាំសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា រូបនេះ បច្ចុប្បន្ននៅតាមកសិដ្ឋាន និងកសិករចិញ្ចឹមជ្រូកមិនទាន់ហ៊ានដាក់ជ្រូកបន្ថែមនៅឡើយទេ ដោយពួកគេរង់ចាំឱ្យទីផ្សារជ្រូករស់មានស្ថិរភាពល្អប្រសើរ ដែលអាចផ្តល់ប្រាក់ចំណេញដល់ពួកគេជាមុនសិន។ តែយ៉ាងណាលោក ស្រ៊ុន ពៅ រំពឹងថា នៅពេលដែលរដ្ឋាភិបាលបិទការនាំចូលប្រភេទគ្រឿងក្នុងបង្កកជាបណ្ដោះអាសន្ន ដែលនឹងចូលជាធរមាននាពេលខាងមុខ តម្លៃជ្រូករស់អាចនឹងមានស្ថិរភាពល្អឡើងវិញ។

​សូមបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា សម្រចផ្អាកមិនឱ្យមានការនាំចូលជាបណ្ដោះអាសន្ននូវប្រភេទគ្រឿងក្នុងបង្កក និងបំណែកសាច់បង្កកមួយចំនួន រយៈពេល៦ខែ គិតចាប់ពីថ្ងៃទី១២ ខែមីនា រហូតដល់ថ្ងៃទី ១២ ខែកញ្ញាឆ្នាំ២០២៤។ ប៉ុន្ដែ វិធានការនេះមិនអនុវត្តចំពោះគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ជាធាតុចូលផលិតកម្មសម្រាប់ការនាំចេញឡើយ៕