Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

អ្នកជំនាញថា វិស័យអចលនទ្រព្យកម្ពុជា កំពុងស្ថិតដំណាក់កាលសំងំ មិនទាន់ឈានដល់មាត់ជ្រោះនោះទេ

Media LNN | Feb 15, 2024
អ្នកជំនាញថា វិស័យអចលនទ្រព្យកម្ពុជា កំពុងស្ថិតដំណាក់កាលសំងំ មិនទាន់ឈានដល់មាត់ជ្រោះនោះទេ
Clinic narith

វិស័យអចលនទ្រព្យកម្ពុជា ដែលកំពុងនៅទ្រឹងដោយសារឥទ្ធិពលនៃជំងឺកូវីដ-១៩ បញ្ហាសង្រ្គាមនិងភាពតានតឹងភូមិសាស្ត្រនយោបាយសកល ត្រូវបានអ្នកជំនាញសេដ្ឋកិច្ចកម្ពុជា អះអាងថា វិស័យនេះពុំទាន់ឈានដល់មាត់ជ្រោះនៃការដួលរលំនោះទេ។ ប៉ុន្តែវិស័យដែលធ្លាប់មានសក្ដានុពលខ្លាំងមួយនេះ កំពុងស្ថិតក្នុងស្ថានភាពសំងំ ដើម្បីរង់ចាំតម្រូវការ និងលំហូរទុនវិនិយោគពីខាងក្រៅ។

យ៉ាងណាមិញបើតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជាវិស័យសំណង និងអចលនទ្រព្យនៅក្នុងឆ្នាំ២០២៣ បន្តកើនឡើងក្នុងកម្រិតមួយយឺត បើធៀបនឹងឆ្នាំ២០២២ ខណៈដែលការលក់លំនៅឋានប្រណីតៗមានការធ្លាក់ចុះយ៉ាងគំហុក។

នៅក្នុងកិច្ចសម្ភាស លោកបណ្ឌិត គី សេរីវឌ្ឍ អ្នកស្រាវជ្រាវសេដ្ឋកិច្ច និងជាប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា សង្កេតឃើញថា វិស័យអចលនទ្រព្យកម្ពុជា នាពេលបច្ចុប្បន្ននៅពុំទាន់ឈានដល់ក្បែរមាត់ជ្រោះនៃការដួលរលំនៅឡើយទេ។ ប៉ុន្តែវិស័យនេះកំពុងស្ថិតក្នុងស្ថានភាពសំងំ ដើម្បីរង់ចាំការជួយស្រោចស្រង់ពីលំហូរតម្រូវការ និងទុនវិនិយោគពីខាងក្រៅ។

ការអភិវឌ្ឍ​អចលនទ្រព្យនៅកម្ពុជាបច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់កាលទីផ្សារឆ្អែត ពោលគឺការសាងសង់លើសតម្រូវការ។ បើតាមលោកបណ្ឌិត គី សេរីវឌ្ឍន៍ បើពឹងផ្អែកតែលើតម្រូវការក្នុងស្រុក ហើយគ្មានការជួយពីតម្រូវការខាងក្រៅស្រុក នោះវិស័យអចលនទ្រព្យកម្ពុជាទំនងជាមិនអាចស្ទុះងើបឡើងវិញបានលឿននោះទេ។

​ទោះយ៉ាងនេះក្ដី អ្នកជំនាញសេដ្ឋកិច្ចរូបនេះបានអះអាងថា នៅឆ្នាំ២០២៤នេះ សេដ្ឋកិច្ចរបស់កម្ពុជា ចាប់ផ្ដើមមានសម្ទុះឡើងវិញ តាមរយៈរបត់នៃការប្រែប្រួលផ្នែកឧស្សាហកម្មផលិតរថយន្ត ការនាំចេញកង់ទៅក្រៅប្រទេសដែលមានរហូតដល់៥%នៃទីផ្សារពិភពលោក ការទាក់ទាញអ្នកវិនិយោគចូលមកកម្ពុជា និងគោលនយោបាយងាកចេញពីវិស័យសេវាកម្ម មកវិនិយោគលើវិស័យផលិតកម្មជាដើម។

យោងតាមទិន្ន័យពីធនាគារជាតិនៃកម្ពុជា សកម្មភាពលក់លំនៅឋាន ប្រភេទផ្ទះល្វែង វីឡាភ្លោះនិងទោលបានថយចុះជាង៤៩% ខណៈដែលការលក់ខុនដូកើនឡើង២%។ សន្ទស្សន៍ថ្លៃលំនៅឋានបានថយចុះ២,៤% ដែលក្នុងនោះនៅរាជធានីភ្នំពេញបានថយចុះ៣,២% ខណៈនៅតាមបណ្តាខេត្តបានកើនឡើង៣,២%៕