Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

រដ្ឋនឹងកែប្រែមុខមាត់ភ្នំពេញ ទៅជារាជធានីដ៏ទាក់ទាញបំផុត សម្រាប់អ្នកវិនិយោគ និងទេសចរ

Media LNN | Feb 15, 2024
រដ្ឋនឹងកែប្រែមុខមាត់ភ្នំពេញ ទៅជារាជធានីដ៏ទាក់ទាញបំផុត សម្រាប់អ្នកវិនិយោគ និងទេសចរ
Clinic narith

(ភ្នំពេញ)៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួមនឹងក្រសួង-ស្ថាប័នពាក់ព័ន្ធផ្សេងទៀត កំពុងរៀបចំគម្រោងពិសេសមួយ ដោយផ្តោតលើការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ដើម្បីកែប្រែមុខមាត់ក្រុងភ្នំពេញឱ្យក្លាយជារាជធានីដែលមានភាពទាក់ទាញបំផុតសម្រាប់អ្នកវិនិយោគ និងភ្ញៀវទេសចរ ។

ក្នុងកិច្ចប្រជុំអន្តរក្រសួងស្ដីពីការរៀបចំហេដ្ឋារចនាសម្ព័ន្ធក្នុងរាជធានីភ្នំពេញនាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងថា គម្រោងរៀបចំហេដ្ឋារចនាសម្ព័ន្ធក្នុងរាជធានី នឹងធ្វើឱ្យអ្នកភ្នំពេញ មានមោទកភាពក្នុងការបង្ហាញប្រាប់ទៅកាន់ពិភពលោកថា “យើងខ្ញុំជាអ្នករស់នៅទីក្រុងភ្នំពេញ ដែលជារាជធានីដ៏ស្រស់បំព្រងនៃព្រះរាជាណាចក្រកម្ពុជា”។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា គម្រោងនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីកែប្រែមុខមាត់រាជធានីរបស់យើងឱ្យកាន់តែមានភាពស្រស់បំព្រង លើកកម្ពស់ផាសុកភាពក្នុងការរស់នៅ បង្កភាពងាយស្រួលក្នុងការប្រកបរបរចិញ្ចឹមជីវិត និងទាក់ទាញការវិនិយោគ ដែលគឺធ្វើឱ្យគុណភាពជីវិត និងបែបបទនៃការរស់នៅរបស់ប្រជាពលរដ្ឋក្នុងរាជធានី កាន់តែមានភាពប្រសើរឡើង ស្របតាមចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសមានប្រាក់ចំណូលខ្ពស់។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានប្តេជ្ញាចូលរួមសហការជាមួយក្រសួងរៀបចំដែនដី ដើម្បីជំរុញឱ្យគម្រោងនេះលេចជារូបរាងឡើង សំដៅធ្វើឱ្យភ្នំពេញក្លាយជារាជធានីដែលមានភាពទាក់ទាញប្រកបដោយមោទនភាព៕