Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

កម្ពុជាសង្ឃឹមថាការប្រមូលផលស្វាយចន្ទីនៅឆ្នាំ២០២៤នេះ នឹងកើនចន្លោះពី២០ទៅ២៥%

Media LNN | Feb 15, 2024
កម្ពុជាសង្ឃឹមថាការប្រមូលផលស្វាយចន្ទីនៅឆ្នាំ២០២៤នេះ នឹងកើនចន្លោះពី២០ទៅ២៥%
Clinic narith

 

ដោយសារកត្តាអាកាសធាតុអំណោយផល លោកសហព័ន្ធស្វាយចន្ទីកម្ពុជា បានលើកឡើងថា យោងតាមការពិនិត្យជាក់ស្តែង ទាំងទិន្នផល និងគុណភាពនឹងអាចល្អប្រសើរ ខណៈឆ្នាំ២០២៣ ការ​ប្រមូលផលបានចំនួនប្រមាណ ៧០ម៉ឺនតោន ហើយឆ្នាំ២០២៤នេះសង្ឃឹមថា អាច​នឹង​កើន​ចន្លោះ​ពី ២០ទៅ២៥%។

លោក អាន តារា ប្រធានសហព័ន្ធស្វាយចន្ទីកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈនេះ បាន​មាន​ប្រសាសន៍​ប្រាប់​ទូរទស្សន៍ព័ត៌មាន ប៊ីធីវី ឲ្យដឹងថា ដោយសារអាកាសធាតុអំណោយផល គួបផ្សំ​ការ​យល់​ដឹងរបស់ប្រជាកសិករក៏ច្រើនជាងមុននោះ ការប្រមូលផលស្វាយចន្ទីឆ្នាំ២០២៤នេះ នឹង​អាច​ល្អ​ប្រសើរថែមទៀត។ ពាក់ព័ន្ធតម្លៃវិញ លោកសង្ឃឹមដែរថា ក៏នឹងល្អដូចគ្នា ប្រសិន​បើ​ការ​ថែ​ទាំ​ដិត​ដល់ ធ្វើឲ្យគ្រាប់ធំល្អ ហើយមានគុណភាព នោះនឹងអាចលក់ចេញបានក្នុងតម្លៃខ្ពស់ ដែល​ជា​ទូទៅ​តម្លៃចន្លោះពី ១,៥០០ដុល្លារ ទៅ ១,៨០០ដុល្លារ ក្នុង១តោន។

លោកបន្ថែមថា គិតមកដល់ពេលនេះ ស្វាយចន្ទីរបានចាប់ផ្តើមចេញផ្កាកាន់ក្តិបជាបណ្តើរៗហើយ ដែល​លឿន​ជាងឆ្នាំមុន និងខណៈប្រជាកសិករនៅខេត្តស្ទឹងត្រែង បានកំពុង​ចាប់​ផ្តើម​ប្រមូល​ផល​ជា​បណ្តើរ​ហើយដែរ។

យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម បច្ចុប្បន្ន កម្ពុជា​មាន​ផ្ទៃដី​ដាំ​ដុះ​ស្វាយ​ចន្ទី​ប្រមាណ​ជាង ៤៧ម៉ឺនហិកតា និងទទួលបានទិន្នផលសរុបចំនួនជាង ៧០ម៉ឺនតោន។ ដោយឡែក ការ​នាំ​ចេញ​គ្រាប់​ស្វាយចន្ទីឆៅទៅទីផ្សារអន្តជាតិ បានចំនួនប្រមាណ ៦៥ម៉ឺនតោន ទៅកាន់ប្រទេស​ជប៉ុន ថៃ វៀតណាម ចិន បង់ក្លាដែស និងឥណ្ឌាជាដើម និងគ្រាប់ស្វាយចន្ទីកែច្នៃរួច មាន​ទៅ​កាន់​ប្រទេស​ចិន សាធារណរដ្ឋឆែក ជប៉ុន កូរ៉េខាងត្បូង ហូឡង់ វៀតណាម និងសហរដ្ឋអាមេរិក៕