Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គោលដៅអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា មិនដកថយនោះឡើយ

Media LNN | Feb 19, 2024
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គោលដៅអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា មិនដកថយនោះឡើយ
Clinic narith

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានលើកឡើងថា គោលដៅអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងប្រទេសកម្ពុជា គឺរាជរដ្ឋាភិបាល មិនមានការដកថយនោះឡើយ។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់ស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) តម្លៃជាង៦០លានដុល្លារ ដែលជាស្ពានឆ្លងកាត់ទន្លេ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «នៅក្នុងរាជរដ្ឋាភិបាល អាណត្ដិទី៧ នៅក្នុងហេដ្ឋារចនាសម្ព័ន្ធ ការតភ្ជាប់នៅក្នុងរយៈពេល៦ខែនេះ (ខ្វះ៣ថ្ងៃទៀត) ខ្ញុំបានចូលរួមសម្ពោធសមិទ្ធផលច្រើន [...] ការដាក់ទិសដៅហេដ្ឋារចនាសម្ព័ន្ធ យើងមិនថយនោះទេ»។

ទន្ទឹមគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា មានផ្លូវកាន់តែរឹងមាំ ក្តីសង្ឃឹមកាន់តែរឹងមាំ មានផ្លូវកាន់តែច្រើន ក្តីសង្ឃឹមក៏កាន់តែច្រើន។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ផ្លូវ ដូចសរសៃឈាមអ៊ីចឹង ផ្លូវទៅដល់ទីណា ជួយចិញ្ចឹមសរីរាង្គនៅទីនោះ។

បន្ថែមពីនោះទៀត សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ផ្លូវ គឺជួយសម្រួលក្នុងការធ្វើចរាចរណ៍ កាត់បន្ថយការចំណាយ និងបើកឱកាសឲ្យប្រជាពលរដ្ឋ អាចប្រកបរបបរកស៊ីបានផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងទៀតថា ផ្លូវមិនមែនប្រើសម្រាប់តែការធ្វើចំណាកស្រុកប៉ុណ្ណោះទេ តែផ្លូវ បានរួមចំណែករុញរោងចក្រ និងការងារជូនប្រជាពលរដ្ឋ។

បើតាមការបញ្ជាក់ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា បច្ចុប្បន្នកម្ពុជា មានស្ពានឆ្លងកាត់ទន្លេចំនួន២៥ស្ពាន។ ក្នុងនោះ ស្ពានចំនួន១៩ ធ្វើរួចរាល់, ៣ស្ពានកំពុងសាងសង់ និង៣ស្ពានទៀត កំពុងសិក្សា។

សូមជម្រាបថា ការកសាងផ្លូវ និងស្ពានបម្រើជាប្រយោជន៍ដល់ជាតិ និងប្រជាជន គឺជាគោលនយោបាយដ៏ចាំបាច់ ដែលរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ប្រកាន់យកតាំងពីពេលដែល សម្តេចតេជោ ហ៊ុន សែន ដឹកនាំមកម្ល៉េះ។ បន្តមកដល់អ្នកដឹកនាំឈាមថ្មី សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏នៅតែបន្តយកនូវគោលនយោបាយនេះផងដែរ៕
photo_2024-02-19_10-18-21photo_2024-02-19_10-18-25photo_2024-02-19_10-18-40photo_2024-02-19_10-17-30photo_2024-02-19_10-18-20