Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ផ្លូវដូចសរសៃឈាម ផ្លូវទៅដល់ទីណា ជួយចិញ្ចឹមសរីរាង្គនៅទីនោះ

Media LNN | Feb 19, 2024
សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ផ្លូវដូចសរសៃឈាម ផ្លូវទៅដល់ទីណា ជួយចិញ្ចឹមសរីរាង្គនៅទីនោះ
Clinic narith

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា​ បានបង្ហាញអំពីសារសំខាន់ផ្លូវ និងស្ពាន សម្រាប់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ សម្តេចបានបញ្ជាក់ថា ផ្លូវប្រៀបដូចជាសរសៃឈាម ដែលផ្លូវទៅដល់ទីណា នឹងជួយសម្រួល និងបង្កើនសេដ្ឋកិច្ចជូនប្រជាពលរដ្ឋដល់ទីនោះ។

ថ្លែងក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់ស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) តម្លៃជាង៦០លានដុល្លារ នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចធិបតី នាយករដ្ឋមន្រ្តីបានបញ្ជាក់ដូច្នេះថា៖ «ផ្លូវជួយសម្រួលការធ្វើចរាចរណ៍ កាត់បន្ថយក្នុងការចំណាយ បើកឱកាសឱ្យប្រជាពលរដ្ឋ អាចប្រកបរបបបាន ផ្លូវដូចសរសៃឈាមអញ្ចឹង ផ្លូវទៅដល់ណា ចិញ្ចឹមសិរីរាង្គនៅទីនោះ»។

សម្តេចធិ​បតី ហ៊ុន ម៉ាណែត ក៏បានរំលឹកអំពីកិច្ចពិភាក្សាជាមួយ អតីតតំណាងធនាគារពិភពលោកនៅកម្ពុជា កាលពីឆ្នាំ២០០២ ខណៈដែលពេលនេះគាត់ជាប្រធាន WTO ដែលគាត់បានផ្តល់អនុសាសន៍ទាក់ទងជាមួយនឹងផ្លូវ។ សម្តេចបន្ថែមថា៖ «រុញផ្លូវទៅដល់ទីណា សេដ្ឋកិច្ចរីកទៅដល់កន្លែងនោះ យើងរុញផ្លូវទៅដល់មូលដ្ឋាន ប្រជាពលរដ្ឋគាត់នឹងចាប់ឱកាសខ្លួនឯង មិនចាំបាច់បង្រៀនគាត់នោះទេ យើងរុញទៅដល់វាលស្រែ ប្រជាពលរដ្ឋអាចច្នៃកន្លែងហ្នឹងដើម្បីបង្កើតផលិតផល ការលក់ដូររបស់គាត់រួចទៅហើយ គាត់បង្កើតទីផ្សារកសិផល»។

សម្តេចបានបន្ថែមថា ផ្លូវជួយសម្រួលដល់ការធ្វើដំណើរ ហើយផ្លូវ និងស្ពាន បានជួយច្រើនណាស់ដល់ប្រជាពលរដ្ឋ។ ការកសាងផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធ គឺបានជួយបង្កើនជីវភាពរស់នៅ ផ្លូវមិនមែនរុញតែសម្រាប់ប្រជាជនចំណាកស្រុកនោះទេ តែផ្លូវក៏អាចជួយរុញរោងចក្រ សហគ្រាសទៅដល់មូលដ្ឋាន។ ពេលដែលធ្វើផ្លូវ គឺបានរុញទឹក និងភ្លើងទៅដល់ ហើយរោងចក្រ ក៏បានរុញពីរាជធានី ទៅដល់បណ្តាខេត្តផងដែរផងដែរ ដែលមិនត្រឹមតែរោងចក្រកាត់ដេរនោះទេ។ការសាងសង់ស្ពានក៏ដូចគ្នាដែរ គឺមានសារសំខាន់សម្រាប់ប្រជាពលរដ្ឋដូចទៅនឹងផ្លូវដែរ៕