Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ក្រសួងការងារកំពុងបន្តការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈចំនួន ៥៤៥ថ្នាក់ នៅទូទាំងប្រទេស

Media LNN | Feb 20, 2024
ក្រសួងការងារកំពុងបន្តការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈចំនួន ៥៤៥ថ្នាក់ នៅទូទាំងប្រទេស
Clinic narith

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈគិតត្រឹមថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ កំពុង​ដំណើរ​ការ​បណ្តុះ​បណ្តាល​ជំនាញវិជ្ជាជីវៈ និងបច្ចេកទេសចំនួន ៥៤៥ថ្នាក់នៅទូទាំងប្រទេស។ នេះ​បើ​តាម​ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​នៅ​ថ្ងៃទី១៩កុម្ភៈនេះ។

បើតាមឯកឧត្តមអ្នកនាំពាក្យ ក្នុងចំណោមទាំងជាង៥០០ថ្នាក់នេះ រួមមានវិស័យសំណង់ ១២៥ថ្នាក់ អគ្គិសនី និងថាមពល ៨ថ្នាក់, អេឡិចត្រូនិកចំនួន ១៩ថ្នាក់, កម្មន្តសាលចំនួន ២១ថ្នាក់, មេកានិកទូទៅ/មេកានិករថយន្តចំនួន ៨៥ថ្នាក់, ធុរកិច្ច និងព័ត៌មានវិទ្យា ១២០ថ្នាក់, សេវាកម្មចំនួន ៣៥ថ្នាក់, បរិក្ខារត្រជាក់ និងកម្តៅចំនួន ៦៦ថ្នាក់ ទេសចរណ៍ចំនួន ៤១ថ្នាក់, និង កសិកម្ម និងកសិ-ឧស្សាហកម្មចំនួន ២៥ថ្នាក់ មានសិស្សចូលរៀនសរុប ១២ ១១២នាក់។

ឯកឧត្តមបន្ថែមថា ដើម្បីផ្សព្វផ្សាយ និងកៀរគរ​យុវជន​គោល​ដៅ​ម​ក​ចុះ​ឈ្មោះចូ​លរៀ​នជំ​នាញ​វិជ្ជាជីវៈ និងបច្ចេកទេសនេះ ក្រសួងបានធ្វើយុទ្ធនាការផ្សព្វផ្សាយតាមបណ្តាញទំនាក់ទំនងសង្គម Facebook, Telegram, YouTube និង TikTok ព្រម​ទាំង​បាន​ចុះ​យុទ្ធនាការ​ផ្សព្វ​ផ្សាយផ្ទា​ល់​នៅ​តាម​សង្កាត់ និងតាមខ្នងផ្ទះគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ និងបាន​បណ្តុះ​បណ្តាល​ជន​បង្គោលឱ្យចេះប្រើប្រាស់កម្មវីធីចុះឈ្មោះរៀនតាមប្រព័ន្ធឌីជីថល ដើម្បីត្រៀម​ជួយ​ដល់​ក្រុម​គោល​ដៅ​ក្នុង​ការចុះឈ្មោះចូលរៀនកម្មវិធីបណ្តុះបណ្តាល។

ឯកឧត្តមគូសបញ្ជាក់ថាចាប់តាំងពីការបើកបវេសនកាលជាផ្លូវការកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ កន្លងទៅវិទ្យាស្ថាន​បណ្តុះ​បណ្តាល​បច្ចេក​ទេស​នៅ​ទូទាំង​ប្រទេស​បាន​នឹង​កំពុង​បន្តកា​រ​បណ្តុះ​បណ្តាលរបស់ខ្លួនដោយរលូន សិស្សានុសិស្សពេញចិត្តក្នុងការសិក្សាជាមួយគ្រូបង្រៀន ដែ​ល​មាន​ទាំងទ្រឹស្តី និងការអនុវត្តផ្ទាល់ ជាពិសេស​នោះ​វិទ្យាស្ថាន​មួយ​ចំនួ​ន​បាន​​បញ្ជូ​ន​សិក្ខា​កាម​របស់​ខ្លួន​ចុះកម្មសិក្សានៅតាមក្រុមហ៊ុនឯកជននានារួចមកហើយ។

ឯកឧត្តមបានអំពាវនាវឱ្យយុវជននៅទូទាំងប្រទេសទាំងអស់មកចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ និង​បច្ចេកទេសនេះបន្តទៀត ពីព្រោះ​គ្រប់​វិទ្យាស្ថាន​បណ្តុះ​បណ្តាល​ទាំង​អស់​នៅ​ទូទាំង​ប្រទេស​នៅ​តែ​បន្ត​ទទួលពាក្យសិស្សចុះឈ្មោះចូលរៀនជារៀងរហូត។ យុវជនទាំងអស់អាចទាញយកកម្មវិធីចុះឈ្មោះចូលរៀនតាមរយៈទូរស័ព្ទ (TVET 1.5M) ឬស្វែង​រក​ព័ត៌មាននៃការចុះឈ្មោះចូលរៀននៅតាមវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេសនៅជិតផ្ទះខ្លួន ឬ​ទូរស័ព្ទមកលេខ ១២៩៧ សម្រាប់ព័ត៌មានបន្ថែម៕