Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

វិស័យធំៗ៤ របស់កម្ពុជា កំពុងក្លាយជាកម្លាំងចលករ ជួយជំរុញកំណើនសេដ្ឋកិច្ចនៅ​ក្នុង​ការ​បង្កើត​ការងារ និងបង្កើនប្រាក់ចំណូល

Media LNN | Feb 20, 2024
វិស័យធំៗ៤ របស់កម្ពុជា កំពុងក្លាយជាកម្លាំងចលករ ជួយជំរុញកំណើនសេដ្ឋកិច្ចនៅ​ក្នុង​ការ​បង្កើត​ការងារ និងបង្កើនប្រាក់ចំណូល
Clinic narith

 

(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម ចាត់ទុកវិស័យឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ជា​កម្លាំង​ចលករមួយក្នុងការជំរុញដល់កំណើនសេដ្ឋកិច្ច ដោយបានដើរតួនាទីយ៉ាងសំខាន់ នៅ​ក្នុង​ការ​បង្កើត​ការងារ និងបង្កើនប្រាក់ចំណូលជូនប្រជាជនកម្ពុជា។

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើក​ឡើង​ក្នុង​ពិធី​បើកសន្និបាត បូកសរុបលទ្ធផលការងារឆ្នាំ ២០២៣ និងទិសដៅការងារឆ្នាំ ២០២៤ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ នេះថា សមិទ្ធផលសំខាន់ៗ សម្រេចបានក្នុងឆ្នាំ ២០២៣ គឺជា​មូលដ្ឋាន​គ្រឹះ​ដ៏រឹងមាំ សម្រាប់ការអនុវត្តផែនការយុទ្ធសាស្ត្រឆ្នាំ ២០២៤, សមិទ្ធិផលទាំង​នេះ​ត្រូវ​បានបង្ហាញនៅក្នុងសន្និបាតប្រចាំឆ្នាំរបស់ក្រសួង ដែលជា​វេទិកា​មួយ ដើម្បី​លើក​ទិស​ដៅ​យុទ្ធសាស្ត្រ​របស់ខ្លួន សម្រាប់ឆ្នាំ២០២៤ និងឆ្នាំ បន្តបន្ទាប់។

ឯកឧត្តមរដ្ឋមន្ត្រី លើកឡើងបន្តថា ជាក់ស្តែងវិស័យឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និង​នវានុវត្តន៍ ត្រូវបានចាត់ទុកជាកម្លាំងចលករមួយ ក្នុងការជំរុញដល់កំណើនសេដ្ឋកិច្ច ហើយ​វិស័យ​នេះ​បាន​កំពុង​មានការអភិវឌ្ឍឈានទៅមុខប្រកបដោយថាមវន្ត មានលក្ខណៈចម្រុះ សម្បូរបែប ផ្តោត​លើ​ទំនួលខុសត្រូវខាងបរិស្ថាន និងសង្គមខ្ពស់ ហើយពង្រីកបាននូវអន្តរកម្មសេដ្ឋកិច្ច រវាង​ផ្នែក កែច្នៃ នវានុវត្តន៍ កម្មន្តសាល ជាមួយវិស័យកសិកម្ម ពាណិជ្ជកម្ម និងសេវាកម្ម ដើម្បី​ជំរុញ​សមាហរណ​កម្ម​សេដ្ឋកិច្ចខ្សែច្រវាក់តម្លៃ និងភាព ប្រកួតប្រជែងរបស់កម្ពុជា ទាំងនៅក្នុងតំបន់ និង​នៅ​លើពិភពលោក។

ឯកឧត្តម ហែម វណ្ណឌី បានបន្តទៀតថា សម្រាប់ឆ្នាំ ២០២៤ សេដ្ឋកិច្ចកម្ពុជា នឹង​បន្ត​និន្នាការ​កើន​ឡើង ដោយរំពឹងថា នឹងសម្រេចបានកំណើនក្នុងរង្វង់ ៦,៦ ភាគរយ ដែល​នឹង​គាំទ្រ​ដោយ​វិស័យ​សេដ្ឋកិច្ច​សំខាន់ៗមួយចំនួន ក្នុងនោះវិស័យឧស្សាហកម្ម ត្រូវបានព្យាករថា នឹង​បន្ត​និន្នាការ​កើន​ឡើង​ក្នុង​រង្វង់ ៨,៥ ភាគរយ ធៀបនឹងឆ្នាំ ២០២៣ មានប្រមាណ ៧,៧ ភាគរយ ដោយ​សារ​ការ​រំពឹងទុកការងើបឡើងវិញ នៃអនុវិស័យកាត់ដេរ ស្របពេលដែលអនុវិស័យ​កម្មន្តសាល​មិន​មែន​កាត់​ដេរ នៅបន្តរក្សាបានកំណើនរឹងមាំ ដោយឡែកអនុវិស័យសំណង់នៅបន្តមានកំណើនទាប។

ឯកឧត្តម បញ្ជាក់បន្ថែមថា ចំពោះអាទិភាពបច្ចុប្ប្នន្នការលើកកម្ពស់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ក្នុងឆ្នាំ ២០២៤ ក្រសួងនឹងខិតខំរៀបចំឱ្យបានជោគជ័យ នូវព្រឹត្តិការណ៍​ជាតិ​សំខាន់ៗ​ដូច​ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២ ដែលក្រោមប្រធានបទ «សហ​គ្រាស​ធុនតូច និង​មធ្យមឆ្ពោះទៅវិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍» កិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាន ផ្នែក​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី ២០, កិច្ចប្រជុំ​គណៈកម្មាធិការ​អាស៊ាន​ផ្នែក​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី ៨៥, និងកិច្ចប្រជុំពាក់ព័ន្ធឱ្យទទួលបានជោគជ័យ ដើម្បី​មោទនភាព​ជាតិ​ និង​រួម​ចំណែក​សម្រេច​នូវ​អាទិភាព​គន្លឹះ​នៃ​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់​កាលទី១​៕