Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី សម្ដេចធិបតី បានជួបពិភាក្សាការងារ​ទ្វេភាគីជាមួយថ្នាក់ដឹកនាំកំពូល ៦

Media LNN | Mar 07, 2024
ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី សម្ដេចធិបតី បានជួបពិភាក្សាការងារ​ទ្វេភាគីជាមួយថ្នាក់ដឹកនាំកំពូល ៦
Clinic narith

 

(ភ្នំពេញ)៖ ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី នៅទីក្រុងម៉ែលប៊ន ពីថ្ងៃទី ២-៦ ខែមីនា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា បានជួបពិភាក្សាការងារទ្វេភាគីប្រកបដោយផ្លែផ្កាជាមួយថ្នាក់ដឹកនាំ ៦រូប ក្នុង​នោះមា​នឯកឧត្តម Ferdinand Romualdez Marcos Jr. ប្រធានាធិបតីហ្វីលីពីន ឯកឧត្តម Joko Widodo ប្រធានាធិបតីឥណ្ឌូណេស៊ី ឯកឧត្តម Lee Hsien Loong នាយករដ្ឋមន្ត្រី សិង្ហបុរី ឯកឧត្តម Anthony Albanese នាយករដ្ឋមន្ត្រីអូស្ត្រាលី ឯកឧត្ដម Christopher Luxon នាយករដ្ឋ​មន្ត្រីនូវែលសេឡង់ និងឯកឧត្តម Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម។

ក្នុងជំនួបនៅថ្ងៃទី៤ ខែមីនា សម្តេចធិបតីនាយករដ្ឋមន្ត្រី និង ប្រធានាធិបតីហ្វីលីពីន បាន​សម្តែង​ការ​ពេញ​ចិត្តដែលភាគីទាំងពីរបានឯកភាពគ្នារៀបចំកិច្ចប្រជុំលើកទី៤នៃគណៈកម្មការចម្រុះ សម្រាប់​កិច្ច​សហប្រតិបត្តិការទ្វេភាគីនៅប្រទេសហ្វីលីពីន ក្នុងឆមាសទី២ ឆ្នាំ២០២៤ ដើម្បី​ពិភាក្សា ​រិះរកមធ្យោបាយជំរុញសន្ទុះកិច្ចសហប្រតិបត្តិការដែលមានស្រាប់ និងពង្រីក​កិច្ច​សហ​ប្រតិបត្តិការ​ទៅលើវិស័យថ្មីៗទៀត។

ក្នុងវិស័យសេដ្ឋកិច្ច ថ្នាក់ដឹកនាំទាំងពីរបានឯកភាពគ្នាបង្កើនពាណិជ្ជកម្ម ទ្វេភាគី ពិសេសការ​ទិញ-​លក់​អង្ករ និងផលិតផលកសិកម្មផ្សេងៗទៀត ព្រមទាំងលើកទឹកចិត្ត ឱ្យស្ថាប័ន រដ្ឋ និង​ផ្នែកឯ​កជន​សហការគ្នាជំរុញលំហូរទេសចរ រួមទាំងតាមរយៈការបង្កើតជើងហោះហើរត្រង់ តភ្ជាប់​តំបន់​ទេសចរណ៍សំខាន់ៗនៃប្រទេសទាំងពីរ។ ក្នុងឱកាសនេះដែរឯកឧត្តមប្រធានាធិបតី ហ្វីលីពីន បានបញ្ជាក់ថា​នឹង​ជំរុ​ញ​ឱ្យ​បាន​ឆាប់​ការ​ចុះហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង​ស្តីពី​ការ​ចៀស​វាង ការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល ដែល​នឹង​ជួយជំរុញដល់ការផ្លាស់ប្តូរផ្នែកធុរកិច្ច និងវិនិយោគរវាងប្រទេសទាំងពីរ។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានទទួលយក​ដោយ​រីក​រាយ​នូវ​ការ​អញ្ជើញ​ទៅ​បំពេញ​ទស្សន​កិច្ច​ផ្លូវ​ការ​នៅ​ហ្វីលីពីនក្នុងពេលសមស្រប។

ជំនួបរវាង សម្តេចធិបតីនាយករដ្ឋមន្ត្រី និងឯកឧត្តមប្រធានាធិបតីឥណ្ឌូណេស៊ី បានប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី៥ ខែមីនា។ ថ្នាក់ដឹកនាំទាំងពីរ បានលើកពីការប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៥ នៃ​ទំនាក់​ទំនងការទូតកម្ពុជា-ឥណ្ឌូណេស៊ីនៅឆ្នាំ២០២៤ ដែលជាឱកាសប្រសើរសម្រាប់រៀបចំ កិច្ច​ប្រជុំ​គណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីលើកទី៥។ ភាគីទាំងពីរ បាន​ឯកភាព គ្នាលើកទឹក​ចិត្ត​ស្ថាប័ន​ពាក់​ព័ន្ធ​អនុវ​ត្ត​ឱ្យ​មាន​ប្រសិទ្ធ​ភាព​នូវ​អនុស្ស​រណៈ​ស្តីពី​កិច្ច​សហ​ប្រតិបត្តិការ លើវិស័យកសិកម្ម និងជំរុញឱ្យ​បាន​ឆាប់​នូវ​ការ​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​ស្តីពីការ​ពង្រីកពាណិជ្ជកម្ម អង្គរ។ ឯកឧត្តមប្រធានាធិបតីឥណ្ឌូណេស៊ី បាន​ឯកភាព​ជាមួយ​សម្តេច​ធិបតី​នាយករដ្ឋ​មន្ត្រី អំពី សារៈសំខាន់នៃការតភ្ជាប់ការដឹកជញ្ជូនតាមផ្លូវសមុទ្រ និងអាកាស ដើម្បី​បង្កើន​ពាណិជ្ជកម្ម និង វិនិយោគ ព្រមទាំងលំហូរទេសចររវាងប្រទេសទាំងពីរ។ ភាគីទាំងពីរ បាន​ឯកភាព​លើកទឹកចិត្តឱ្យ ស្ថាប័នជំនាញ និងផ្នែកឯកជន សិក្សាពីលទ្ធភាព​តភ្ជាប់​តំបន់​ទេសចរណ៍​នៃ​ប្រទេស​ទាំងពីរ។ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានស្វាគមន៍ឱ្យសហគ្រាស និងក្រុមហ៊ុន​ឥណ្ឌូណេស៊ី ពិនិត្យលទ្ធភាព វិនិយោគលើគម្រោងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជាផងដែរ។

ជំនួបរវាង សម្តេចធិបតីនាយករដ្ឋមន្ត្រី និងឯកឧត្តមនាយករដ្ឋមន្រ្តីសិង្ហបុរី នៅរសៀលថ្ងៃ ដដែល បាន​គ្រប​ដណ្តប់លើវិស័យជាច្រើន រួមទាំងវិស័យសេដ្ឋកិច្ច និងអប់រំ។ ថ្នាក់ដឹកនាំទាំងពីរ បាន​ឯកភាព​ជំរុញ​គម្រោងសហប្រតិបត្តិការទ្វេភាគីផ្នែកថាមពលកកើតឡើងវិញ និងយល់ស្របគ្នា ផងដែរថា​ជា​ការសំខាន់ក្នុងការជំរុញការតភ្ជាប់បណ្ដាញថាមពលអគ្គិសនីអាស៊ាន ដើម្បីលើក​កម្ពស់​ សន្តិសុខថាមពលក្នុងតំបន់។ សម្តេចធិបតីនាយករដ្ឋមន្ត្រី និង ឯកឧត្តម​នាយករដ្ឋ​មន្ត្រី​សិង្ហ​បុរី​ ក៏ បានលើកពីការបង្កើនកិច្ចសហប្រតិបត្តិការ លើវិស័យទេសចរណ៍ ពិសេសការ​លើក​ទឹក​ចិត្ត​វិស័យ​ឯកជន​ឱ្យ​បង្កើត​កញ្ចប់​ទេសចរណ៍​រួមសំដៅ​ជំរុញ​វិស័យ​ទេសចរណ៍​ឱ្យ​ងើប​ឡើង​វិញ​ពី​វិបត្តិ​ជំងឺ​កូវីដ-១៩។ ដើម្បីជួយបង្កើនសមត្ថភាពជំនាញនៃកម្លាំងពលកម្មកម្ពុជា ឯកឧត្តម​នាយករដ្ឋ​មន្ត្រី​ Lee Hsien Loong បានថ្លែងថា សិង្ហបុរីត្រៀមចែករំលែកបទពិសោធន៍ដល់កម្ពុជា ក្នុង​ការ​លើក កម្ពស់ការអប់រំបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បាន​ទទួលយក ដោយរីករាយចំពោះការអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅសិង្ហបុរី ក្នុង​ត្រីមាស​ទី៣​ឆ្នាំ២០២៤។

ក្នុង​ជំនួបជាមួយ ឯកឧត្តមនាយករដ្ឋមន្ត្រីអូស្ត្រាលី សម្តេចធិបតីនាយករដ្ឋមន្ត្រី បានវាយ តម្លៃ​ខ្ពស់​​ចំ​ពោះ​ការរួមចំណែករបស់អូស្ត្រាលីដល់ដំណើរការសន្តិភាពនៅកម្ពុជា និងការគាំទ្រ​ដល់​ការ​ស្តារ និងអភិវឌ្ឍន៍កម្ពុជាលើវិស័យជាច្រើន ដូចជាកសិកម្ម អប់រំ សកម្មភាពមីន។ល។ និង​ស្វាគមន៍ ការប្រកាស​ដាក់​ចេញ​នូវ​យុទ្ធ​សាស្ត្រ​សេដ្ឋកិច្ច​អូស្ត្រាលី​សម្រាប់​អាស៊ី​អាគ្នេយ៍​ឆ្ពោះ​ទៅ​ឆ្នាំ​២០៤០​។

សម្តេចធិបតីនាយករដ្ឋមន្ត្រី ស្នើឱ្យស្ថាប័នពាក់ព័ន្ធ​នៃប្រទេស​ទាំង​ពីរ​ធ្វើ​ការ​ជាមួយ​គ្នា​កាន់​តែ​សកម្ម ដើម្បីបង្កើនការផ្លាស់ប្តូរពាណិជ្ជកម្ម និងវិនិយោគ លើកទឹកចិត្ត​ឱ្យ​សាកល​វិទ្យាល័យ​នៃ​ប្រទេស ទាំងពីរសហការគ្នាលើការស្រាវជ្រាវ និងអភិវឌ្ឍន៍ផ្នែកកសិកម្ម និងវិទ្យាសាស្ត្រ ព្រម​ទាំង​ជំរុញ​ឱ្យ​មានកិច្ចសហប្រតិបត្តិការផ្នែកអប់រំបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ និងការងារ។

ឯកឧត្តមនាយករដ្ឋមន្ត្រីអូស្ត្រាលី បានបញ្ជាក់​ពីការយក​ចិត្ត​ទុក​ដាក់​ខ្ពស់​លើ​ទំនាក់​ទំនង​គ្រប់​វិស័យ​ជាមួយ តំបន់អាស៊ីអាគ្នេយ៍និយាយជារួម និងជាមួយកម្ពុជា និយាយដោយឡែក ហើយ​បាន​យល់​ស្របថា មានវិស័យជាច្រើនដែលកម្ពុជា និងអូស្ត្រាលី​អាច​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្នា​បាន ជាអាទិ៍ អូស្ត្រាលីមានបទពិសោធន៍ក្នុងការលើកកម្ពស់ផលិតភាពកសិកម្ម និង​ជំនាញ​ផ្នែក​វិទ្យា​សាស្ត្រ រីឯកម្ពុជាមានកាលានុវត្តភាពវិស័យទេសចរណ៍។

ថ្នាក់ដឹកនាំ​ទាំងពីរបានអបអរសាទរចំពោះការចុះ ហត្ថលេខាលើកិច្ច​ព្រមព្រៀង​ស្ដីពី​សេវា​កម្ម​ដឹក​ជញ្ជូន​តាម​ផ្លូវអាកាស ដោយរដ្ឋមន្ត្រីការបរទេសនៃ ប្រទេសទាំងពីរ នៅថ្ងៃទី៥ ខែមីនា នេះដែរ ដែល​នឹងជួយជំរុញទំនាក់ទំនងពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងការប្រាស្រ័យ​ទាក់​ទង​រវាង​ប្រជាជន និង​ប្រជាជន។ ឯកឧត្តមនាយករដ្ឋមន្ត្រីអូស្ត្រាលី បាន ទទួលយក​ដោយ​ភាព​រីករាយ​នូវ​ការ​អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាក្នុងពេលវេលាសមស្រប។

ក្នុង​ជំនួប​ជាមួយនាយករដ្ឋមន្ត្រីនូវែលសេឡង់ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានវាយតម្លៃ ខ្ពស់​ចំពោះ​ទំនាក់​ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការ​ប្រកប​ដោយ​ផ្លែផ្កា​រវាង​ប្រទេស​ទាំងពីរ​។ ឯកឧត្ដម Christopher Luxon បានកោតសរសើរចំពោះការអភិវឌ្ឍយ៉ាងឆាប់រហ័ស របស់​កម្ពុជា​ក្រោមការដឹកនាំរបស់សម្តេចតេជោ និងសម្តេចធិបតី។

សម្តេចធិបតី​នាយករដ្ឋមន្ត្រី​បានថ្លែង​អំណរគុណ​ជ្រាលជ្រៅ​ចំពោះជំនួយ​ដ៏មានត​ម្លៃ​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​សេដ្ឋកិច្ចរបស់កម្ពុជា ពិសេសការអភិវឌ្ឍធនធានមនុស្ស កសិកម្ម និងការបោស​សម្អាត​មីន​។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានស្នើឱ្យមានទំនាក់ទំនងពាណិជ្ជកម្ម និងការ​វិនិយោគ​បន្ថែម​ទៀតពីប្រទេសនូវែលសេឡង់លើ វិស័យដែលមានសក្តានុពល រួមទាំងវិស័យ កសិកម្ម និងកសិឧស្សាហកម្ម។

ដោយឡែក​នៅព្រឹកថ្ងៃទី៦ ខែមីនា សម្តេចធិបតីនាយករដ្ឋមន្ត្រីក៏បានឆ្លៀតពេលជួប ពិភាក្សា​ជាមួយ​ ឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាម ផងដែរដើម្បីបន្តកិច្ចពិភាក្សាអំពីការខិតខំបន្ត លើក​កម្ពស់​ទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងកម្ពុជា និង វៀតណាម។

នាយករដ្ឋ​មន្ត្រីទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់ដ៏ ញឹកញាប់​រវាង​ប្រទេស​ទាំងពីរដែលបាន ធ្វើឱ្យទំនាក់ទំនងកាន់តែមានភាពស្អិតរមួតក្នុងក្របខ័ណ្ឌរដ្ឋ ក៏​ដូច​ជា​ក្រប​ខ័ណ្ឌ​បក្ស និងបានផ្លាស់ប្តូរយោបល់គ្នាអំពីការត្រៀមរៀបចំទទួលទស្សនកិច្ចផ្លូវរដ្ឋរបស់ ប្រធាន​រដ្ឋវៀតណាមនៅកម្ពុជា និងទស្សនកិច្ចផ្លូវរដ្ឋរបស់ ព្រះករុណាព្រះមហាក្សត្រនៃព្រះរាជា ណា​ចក្រ​កម្ពុជា នៅវៀតណាម ក្នុងអំឡុងត្រីមាសទី២ ឆ្នាំ២០២៤។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានជម្រាប​សមភាគី​វៀតណាម​អំពី​ការ​រៀបចំ​កិច្ច​ប្រជុំ​កំពូល​ត្រី​កោណ​អភិវឌ្ឍន៍កម្ពុជា-ឡាវ- វៀតណាម នៅចុងឆ្នាំនេះនៅកម្ពុជា និងបានរំលឹក​អំពី​ការ​ឯកភាព​ឱ្យ​មាន​កិច្ច​ប្រជុំទៀងទាត់ជារៀង រាល់ឆ្នាំរវាងស្ថាប័នទទួលបន្ទុកកិច្ចការបរទេស សន្តិសុខ និង​ការពារ​ជាតិ។ ក្នុងគោលដៅជំរុញសន្ទុះ ទំនាក់ទំនងសេដ្ឋកិច្ច សម្តេចធិបតីនាយករដ្ឋមន្ត្រី បាន​ឯក​ភាព​ជាមួយ ឯកឧត្តមនាយករដ្ឋមន្ត្រី វៀតណាម អំពីការ​ចាំបាច់​ត្រូវ​លើក​ទឹក​ចិត្ត​ឱ្យ​ស្ថាប័ន​ពាក់ព័​ន្ធ​បន្តខិតខំរិះរកមធ្យោបាយធ្វើយ៉ាងណា សម្រេចឱ្យបានទំហំពាណិជ្ជកម្មទ្វេភាគី ២០ ប៊ីលាន​ដុល្លារអាមេរិក ក្នុងអនាគតដ៏ខ្លីខាងមុខ។

ពាក់ព័ន្ធនឹងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ នាយករដ្ឋមន្ត្រីទាំងពីរ បានឯកភាពគ្នាឱ្យស្ថាប័នជំនាញ កំណត់​ឱ្យបានឆាប់នូវចំណុចតភ្ជាប់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត-ម៉ុកបាយ-ហូជីមិញ និង​បន្ត​ខិតខំ សម្រេចការកសាងផ្លូវល្បឿនលឿនផ្សេងទៀត ដើម្បីបង្កើនប្រសិទ្ធភាព និង​ភាព​ងាយ​ស្រួល​សម្រាប់ការដឹកជញ្ជូនទំនិញ និងអ្នកដំណើរ។ ចំពោះការតភ្ជាប់វិស័យទេសចរណ៍ ភាគីទាំងពីរ បាន​ឯកភាព ជំរុញ​ការ​អនុវត្ត​គំនិត​ផ្ដួច​ផ្ដើម​ប្រទេស​បី​គោលដៅតែ​មួយ​ដែល​ជា​រូបមន្ត​កិច្ច​សហ​ប្រតិបត្តិការវិស័យ ទេសចរណ៍កម្ពុជា-ឡាវ-វៀតណាម។

សម្តេចធិបតីនាយករដ្ឋមន្ត្រីក៏បានផ្លាស់ប្តូរយោបល់ជាមួយថ្នាក់ដឹកនាំកំពូលទាំង៦រូបខាងលើ អំពី​ការ​បង្កើន​កិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែនផងដែរ រួមទាំង​ការ​ជួញ​ដូរ​មនុស្ស និងឧក្រិដ្ឋកម្មតាមប្រព័ន្ធពត៌មានវិទ្យា ដែលទាមទារកិច្ចសហប្រតិបត្តិការ ពហុភាគី​។ ក្រៅពីជំនួបខាងលើសម្តេចធិបតីនាយករដ្ឋមន្ត្រីបានទទួលជួបក្រុមហ៊ុនជាច្រើនដែល មាន​ការចាប់អារម្មណ៍ចំពោះកាលានុវត្តភាពសេដ្ឋកិច្ច និងវិនិយោគនៅកម្ពុជា៕