Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

តម្លៃប្រេងឥន្ធនៈនៅកម្ពុជា អាចនឹងឡើងថ្លៃ ក្រោយតម្លៃប្រេងឆៅនៅទីផ្សារអន្តរជាតិ ឡើងថ្លៃ២%

Media LNN | Mar 08, 2024
តម្លៃប្រេងឥន្ធនៈនៅកម្ពុជា អាចនឹងឡើងថ្លៃ ក្រោយតម្លៃប្រេងឆៅនៅទីផ្សារអន្តរជាតិ ឡើងថ្លៃ២%
Clinic narith

តម្លៃប្រេងឥន្ធនៈលក់រាយនៅកម្ពុជា អាចនឹងហក់ឡើងថ្លៃមួយកម្រិតទៀត ក្រោយតម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិ បានឡើងថ្លៃ២% នៅក្នុងសប្តាហ៍នេះ ខណៈបច្ចុប្បន្នតម្លៃប្រេងលក់រាយនៅកម្ពុជាសម្រាប់ប្រេងម៉ាស៊ូតថ្លៃ៤,២០០រៀល ប្រេងសាំងធម្មតា៤,៣០០ រៀល និងប្រេងសាំងស៊ុបពែរតម្លៃ៤,៩៥០រៀល នៅក្នុងមួយលីត្រ។ បច្ចុប្បន្នតម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិលក់ចេញក្នុងមួយបារ៉ែលបានកើនឡើង១,៦៥ដុល្លារ។

សារព័ត៌មានធំៗបានរាយការណ៍ថា តម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិ បានពុះកញ្រ្ជោលជាថ្មីម្តងទៀតនៅពាក់កណ្តាលសប្តាហ៍នេះ ដោយមួយធុងបារ៉ែល បានកើនឡើង២%។តម្លៃប្រេងឆៅនៅទីផ្សារអន្តរជាតិ កាលពីថ្ងៃពុធ បានឡើងថ្លៃ១,៦៥ដុល្លារ ឫ២% ដែលជំរុញឱ្យប្រេងក្នុងមួយធុងបារ៉ែល មានតម្លៃ៨៣,៦៩ដុល្លារ ស្របពេលដែលនៅទីផ្សារសហរដ្ឋអាម៉េ​រិកវិញ គឺឡើងថ្លៃ២,៧% ឫប្រមាណជា២ដុល្លារ ដូច្នេះតម្លៃប្រេងឆៅនៅទីនោះ១បារ៉ែលថ្លៃ ៨០,២២ដុល្លារ។

ជុំវិញការកើនឡើងតម្លៃប្រេងឆៅនេះ ត្រូវបានអ្នកវិភាគអះអាងថា អាចដោយសារតែមានការប៉ាន់ប្រមាណថា តម្រូវការប្រេងនឹងកើនឡើង ស្របពេលដែលធនាគារកណ្តាលសហរដ្ឋអាម៉េរិក បង្ហាញសេចក្តីសង្ឃឹម​ពីការបញ្ចុះអត្រាការប្រាក់នៅពាក់ឆ​​មាសទី១នៃឆ្នាំ២០២៤ ខាងមុខ និងពាក់ព័ន្ធនឹងការសើរើស្តុកប្រេងឥន្ធនៈនៅសហរដ្ឋអាម៉េ​រិក។

រដ្ឋបាលព័ត៌មានថាមពលរបស់សហរដ្ឋអាម៉េ​រិក (EIA) បាននិយាយថា បរិមាណស្តុកបម្រុងប្រេងរបស់អាម៉េ​រិក បានធ្លាក់ចុះ ប៉ុន្តែក្រុមហ៊ុនថាមពលអាមេរិក បានបន្ថែមស្តុកប្រេងឆៅតិច។ជាក់ស្តែងនៅដើមខែមីនា នេះ ក្រុមហ៊ុនថាមពលអាម៉េ​រិក បានសម្រេចបន្ថែមបរិមាណស្តុកប្រេងឆៅត្រឹមតែ១,៤លានបារ៉ែលប៉ុណ្ណោះ ខណៈដែលជាធម្មតាអាម៉េ​រិកតែងបំពេញស្រុកនៅក្នុងកម្រិតប្រមាណជា២,១លានបារ៉ែល។

ការកើនឡើងតម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិនេះ វាអាចនឹងជំរុញឱ្យតម្លៃប្រេងលក់រាយនៅកម្ពុជាមានការកើនឡើងផងដែរ។ យោងតាមចំណាត់ការរបស់ក្រសួងពាណិជ្ជកម្ម និងក្រសួងរ៉ែនិងថាមពល ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ ប្រេងម៉ាស៊ូតនៅកម្ពុជាលក់ចេញក្នុងតម្លៃ៤,២០០រៀល ប្រេងសាំងធម្មតា៤,៣០០រៀល និងប្រេងសាំងស៊ុបពែរ៤, ៩៥០រៀលនៅក្នុងមួយលីត្រ៕