Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ឥណ្ឌាចាប់ផ្តើមបណ្តេញជនភៀសខ្លួនមីយ៉ាន់ម៉ា ដែលបានរត់គេចពីរដ្ឋប្រហារយោធាឆ្នាំ២០២១

Media LNN | Mar 09, 2024
ឥណ្ឌាចាប់ផ្តើមបណ្តេញជនភៀសខ្លួនមីយ៉ាន់ម៉ា ដែលបានរត់គេចពីរដ្ឋប្រហារយោធាឆ្នាំ២០២១
Clinic narith

(ញូវដែលី)៖ កាលពីថ្ងៃសុក្រសប្តាហ៍នេះ ឥណ្ឌាបានចាប់ផ្តើមបណ្តេញជនភៀសខ្លួនមីយ៉ាន់ម៉ាក្រុមដំបូងគេ ដែលបានមកស្វែងរកការជ្រកកោននៅទីនោះ បន្ទាប់ពីកើតមានរដ្ឋប្រហារយោធានៅឆ្នាំ២០២១ ហើយគ្រោងនឹងបញ្ជូនទៅវិញ បន្ថែមទៀត ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ ក្រោយឥណ្ឌាបាន​ប្រកាសថា នឹងបិទបញ្ចប់គោលការណ៍ធ្វើដំណើរដោយមិនចាំបាច់មានទិដ្ឋាការ នៅតំបន់ព្រំដែនជាមួយមីយ៉ាន់ម៉ា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី៩ ខែមីនា ឆ្នាំ២០២៤។

ជនស៉ីវិលរាប់ពាន់នាក់ និងទាហានរាប់រយនាក់មកពីមីយ៉ាន់ម៉ា បានរត់ភៀសខ្លួនទៅកាន់បណ្តារដ្ឋរបស់ឥណ្ឌា ជាហេតុបង្កឱ្យទីក្រុងញូវដែលី ​មានការព្រួយបារម្ភ។ អាជ្ញាធររដ្ឋ Manipur ភាគឦសានឥណ្ឌា ជាប់ព្រំប្រទល់មីយ៉ាន់ម៉ា បានប្រកាសថា «ក្រុមដំបូងនៃជនជាតិមីយ៉ាន់ម៉ា ដែលបានចូលមកក្នុងប្រទេសឥណ្ឌាដោយខុសច្បាប់ ត្រូវបានបណ្តេញចេញទៅវិញ នាថ្ងៃនេះ»។ រដ្ឋ Manipur គ្រោងបញ្ជូនជនភៀសខ្លួន​យ៉ាងហោច៧៧នាក់ ត្រឡប់ទៅមីយ៉ាន់ម៉ាវិញ ដោយចាប់ផ្តើមពីថ្ងៃសុក្រសប្តាហ៍នេះ។

គួរបញ្ជាក់ថា ឥណ្ឌាមិនបានចុះហត្ថលេខាលើ អនុសញ្ញាជនភៀសខ្លួនឆ្នាំ១៩៥១ របស់អង្គការសហប្រជាជាតិឡើយ ដែលមានចែងអំពីសិទ្ធិ​របស់ជនភៀសខ្លួន និងការទទួលខុសត្រូវរបស់ប្រទេសនីមួយៗ ដើម្បីជួយការពារពួកគេ ហើយប្រទេសឥណ្ឌាផ្ទាល់ ក៏មិនមានច្បាប់ស្តីអំពី​ការការពារជនភៀសខ្លួនដែរ។ កាលពីខែកុម្ភៈ ឥណ្ឌាបានប្រកាសថា ខ្លួននឹងបញ្ចប់គោលការណ៍ធ្វើដំណើរដោយសេរីជាមួយមីយ៉ាន់ម៉ា សម្រាប់ប្រជាជនរស់នៅតាមតំបន់ព្រំដែន រវាងប្រទេសទាំងពីរ ដែលបានអនុវត្តរាប់ទសវត្សរ៍មកហើយ ក្រោមហេតុផលរួមមានទាំងបញ្ហាសន្តិសុខជាតិ បន្ទាប់ពី​ប៉ុន្មានថ្ងៃមុនសេចក្តីប្រកាសនោះ រដ្ឋមន្រ្តីមហាផ្ទៃឥណ្ឌា បានប្រកាសអំពីគម្រោងសាងសង់រនាំង នៅតាមបណ្តោយព្រំដែនប្រវែង១,៦៤៣គីឡូម៉ែត្រ ជាមួយមីយ៉ាន់ម៉ា៕