Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ឯកឧត្តម ហេង សួរ៖ ការអភិវឌ្ឍជំនាញ គឺជាគន្លឹះរួមចំណែកឱ្យកម្ពុជាទាក់ទាញវិនិយោគបន្ថែម និងជាចន្ទល់ប្រែក្លាយជាប្រទេសរីកចម្រើន

Media LNN | Mar 12, 2024
ឯកឧត្តម ហេង សួរ៖ ការអភិវឌ្ឍជំនាញ គឺជាគន្លឹះរួមចំណែកឱ្យកម្ពុជាទាក់ទាញវិនិយោគបន្ថែម និងជាចន្ទល់ប្រែក្លាយជាប្រទេសរីកចម្រើន
Clinic narith

 

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងថា ការ​អភិវឌ្ឍ​ជំនា​ញ​បច្ចេកទេសវិជ្ជាជីវៈ គឺជាគន្លឹះដ៏សំខាន់​ក្នុងការកសាង​សមត្ថភាព​ពលរដ្ឋ​កម្ពុជា​ឱ្យ​ក្លាយ​ជា​កម្លាំង​ពលកម្មជំនាញដែលមានផលិតភាពខ្ពស់សម្រាប់ទាក់ទាញការវិនិយោគបន្ថែម និងជា​ចន្ទល់​ដ៏​រឹងមាំសម្រាប់កម្ពុជាប្រែក្លាយជាប្រទេសរីកចម្រើននាពេលខាងមុខ។

ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងបែបនេះក្នុងពិធីប្រកាសដាក់ឱ្យអនុវត្ត “កម្មវិធី​អភិវឌ្ឍន៍​ជំនាញ​ សម្រាប់​សេដ្ឋកិច្ចនាពេលអនាគត”ដែលធ្វើឡើងនារសៀលថ្ងៃចន្ទ ទី១១ ខែមីនា ឆ្នាំ២០២៤ នា​ទីស្តីការក្រសួង។

នៅចំពោះមុខដៃគូអន្តរជាតិដូចជាធនាគារអភិវឌ្ឍន៍អាស៊ី(ADB) និង​ទីភ្នាក់ងារ​បារាំង​សម្រាប់​អភិវឌ្ឍន៍(AFD) ឯកឧត្តមរដ្ឋមន្ត្រី បានពន្យល់ថា ការបណ្តុះបណ្តាលជំនាញនេះ នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ទៅ​ជាប្រទេស​ដែល​សម្បូរ​ដោយ​កម្លាំង​ពលកម្ម​ជំនា​ញ​ប្រកប​ដោយ​ភាព​ទាក់​ទាញ​ សម្រាប់​វិនិយោគ​បរទេសដែលកំពុងបង្វែរការបោះទុនមកកាន់តំបន់អាស៊ីអាគេ្នយ៍ ហើយតាមរយៈ​ជំនាញ​របស់​ពលរដ្ឋ និងការវិនិយោគនេះ នឹងធ្វើ​ឱ្យ​កម្ពុជា​ប្រែ​ក្លាយ​ជា​ប្រទេស​ដែល​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ២០៣០ និងប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានរំលេចក្នុងពិធីប្រកាសដែរថា ការអភិវឌ្ឍជំនាញ គឺពិតជា​ការ​ឆ្លើយ​តប​ទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់​កាលទី១ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាល​វិជ្ជាជីវៈ ​ឆ្នាំ២០២៤-២០២៨ ព្រមទាំងឆ្លើយតបទៅនឹងស្ថានភាពបច្ចុប្បន្ន ដែល​នឹង​ជួយ​ដោះ​ស្រាយ​គម្លាត​ជំនាញ និងកង្វះខាត​ជំនាញ​ក្នុង​ឧស្សាហកម្ម​ដែល​ជា​ចន្ទល់​ដ៏រឹងមាំ​សម្រាប់​ឱ្យកម្ពុ​ជា​ក្លាយ​ជា​ប្រទេសដែលមានសេដ្ឋកិច្ចពឹងផ្អែកលើជំនាញ៕