Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

លោក ត្រាំ គំរាមមាន “ការបង្ហូរឈាម” ប្រសិនបើគាត់ មិនឈ្នះអាណត្តិនេះ

Admin Alynana | Mar 18, 2024
លោក ត្រាំ គំរាមមាន “ការបង្ហូរឈាម” ប្រសិនបើគាត់ មិនឈ្នះអាណត្តិនេះ
Clinic narith

តាមការចុះផ្សាយរបស់ CNN, អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានអំពី “ការបង្ហូរឈាម” ប្រសិនបើគាត់ មិនឈ្នះអាណត្តិទីពីរ ក្នុងការបោះឆ្នោតសហរដ្ឋអាមេរិកនៅថ្ងៃទី៥ខែវិច្ឆិកា ទេនោះ។

លោក ត្រាំ បានព្រមានបែបនេះ ក្នុងអំឡុងការជួបជុំជាមួយអ្នកគាំទ្រនៅទីក្រុង Vandalia នៃរដ្ឋ Ohio កាលពីថ្ងៃអាទិត្យទី១៧ខែមីនា ដើម្បីប្រកាសអំពីផែនការរបស់គាត់ ការពារក្រុមហ៊ុនផលិតរថយន្តអាមេរិកពីការប្រកួតប្រជែងរបស់ចិន។

ក្នុងការជួបជុំនោះ លោក ត្រាំ បានជំរុញប្រជាជនអាមេរិក ឲ្យបោះឆ្នោតជូនគាត់ដោយនិយាយថា “ឥឡូវនេះ ប្រសិនបើខ្ញុំមិនជាប់ឆ្នោតទេ វានឹងក្លាយជាការបង្ហូរឈាមសម្រាប់ប្រទេសទាំងមូល”។ លោកក៏បានព្រមានប្រជាជនដែរថា “ប្រសិនបើខ្ញុំមិនឈ្នះការបោះឆ្នោតនេះ ខ្ញុំមិនប្រាកដថា អ្នកនឹងមានការបោះឆ្នោតមួយផ្សេងទៀតនៅក្នុងប្រទេសនេះទេ”។

លើសពីនេះ បេក្ខជនតែងតាំងខាងគណបក្សសាធារណរដ្ឋរូបនេះ ក៏ថ្លែងសារផ្តាំផ្ញើទៅមេដឹកនាំចិន ស៊ី ជីនពីង ផងដែរដោយនិយាយថា “អ្នកនិងខ្ញុំជាមិត្តនឹងគ្នា ប៉ុន្តែរោងចក្រផលិតរថយន្តដ៏ធំដែលអ្នកកំពុងសាងសង់នៅប្រទេសម៉ិកស៊ិកឥឡូវនេះ អ្នកមិនជួលជនជាតិអាមេរិកឲ្យធ្វើការឡើយ ហើយអ្នកនឹង​លក់​រថយន្ត​ឲ្យ​យើង មិនអាចទៅរួចទេ។ យើងនឹងដាក់ពន្ធ១០០% លើគ្រប់រថយន្តដែលឆ្លងកាត់ខ្សែបន្ទាត់ ហើយអ្នកនឹងមិនអាចលក់រថយន្តទាំងនោះបានឡើយ ប្រសិនបើខ្ញុំជាប់ឆ្នោត”។

ឆ្លើយតបទៅលោក ត្រាំ, ក្រុមយុទ្ធនាការរបស់ប្រធានាធិបតីអាមេរិក ចូ បៃដិន បានចាត់ទុកការព្រមានបង្ហូរឈាមនេះ ថាជាការគំរាមកំហែងនៃអំពើហិង្សាផ្នែកនយោបាយ ពីគូប្រជែង។

លោក James Singer អ្នកនាំពាក្យយុទ្ធនាការរបស់លោក បៃដិន បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា “លោក ត្រាំ កំពុងចង់បានការបះបោរថ្ងៃទី៦ខែមករាមួយទៀត ប៉ុន្តែប្រជាជនអាមេរិក នឹងឲ្យគាត់ស្គាល់ភាពបរាជ័យក្នុងការបោះឆ្នោតម្តងទៀត នៅខែវិច្ឆិកា ពីព្រោះពួកគេមិនអនុញ្ញាតឲ្យភាពជ្រុលនិយម ការស្រលាញ់អំពើហិង្សា និងការស្រេកឃ្លានសងសឹករបស់គាត់ កើតឡើងបានឡើយ”។

សូមបញ្ជាក់ថា ការប្រកួតរវាងលោក បៃដិន និង ត្រាំ នៅខែវិច្ឆិកា គឺជាការប៉ះគ្នារវាងបេក្ខជនដដែលលើកដំបូងក្នុងការបោះឆ្នោតអាមេរិកចាប់តាំងពីឆ្នាំ១៩៥៦មក ដែលកាលនោះប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋ Dwight D. Eisenhower ផ្តួលលោក Adlai Stevenson ជាលើកទី២៕