Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

គម្រោងសាងសង់ផ្លូវរថភ្លើងធុនស្រាលពីរាជធានីភ្នំពេញទៅព្រលានយន្តហោះអន្តរជាតិតេជោ និងផ្លូវក្រោមដីក្នុងភ្នំពេញ

Media LNN | Mar 18, 2024
គម្រោងសាងសង់ផ្លូវរថភ្លើងធុនស្រាលពីរាជធានីភ្នំពេញទៅព្រលានយន្តហោះអន្តរជាតិតេជោ និងផ្លូវក្រោមដីក្នុងភ្នំពេញ
Clinic narith

 

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអញ្ជើញដឹកនាំកិច្ចប្រជុំអន្តរក្រសួងស្តីពីគម្រោងអភិវឌ្ឍផ្លូវរថភ្លើងធុនស្រាលតភ្ជាប់ពីរាជធានីភ្នំពេញ ទៅអាកាសយានដ្ឋានអន្តរជាតិតេជោ និងផ្លូវក្រោមដីក្នុងរាជធានីភ្នំពេញ។

ឯកឧត្តម ស៊ុន ចាន់ថុល មាន​ប្រសាសន៍​ក្នុង​ឱកាស​ដឹកនាំ​កិច្ច​ប្រជុំ​អន្តរ​ក្រសួង​ស្តីពី​គម្រោង​អភិវឌ្ឍ​ផ្លូវ​រថភ្លើងធុនស្រាលតភ្ជាប់ពីរាជធានីភ្នំពេញទៅអាកាសយានដ្ឋានអន្តរជាតិតេជោ និង​ផ្លូវ​ក្រោម​ដីក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤នេះថា កិច្ចប្រ​ជុំនេះធ្វើ​ឡើង​ដោយ​អនុវត្ត​តាម​អនុសាសន៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី កាលពី​ពេល​កន្លង​ទៅ និងបន្តអនុវត្តតាមអនុសាសន៍សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែល​បាន​ណែនាំ​ឱ្យ​មានការរៀបចំកិច្ចប្រជុំអន្តរក្រសួងលើគម្រោងសាងសង់ផ្លូវក្រោមដី ដើម្បីរំដោះ​ការ​កក​ស្ទះចរាចរណ៍ និងជួយសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ រួមទាំង​ទេសចរណ៍​អន្តរជាតិ​ឱ្យ​កាន់​តែងាយស្រួល និងជួយឱ្យការធ្វើដំណើរមានភាពឆាប់រហ័សជាងមុន។

ឯកឧត្តមមានប្រសាសន៍ថា ដើម្បីសាងសង់ផ្លូវក្រោមដីក្នុងរាជធានីភ្នំពេញ និងផ្លូវ​រថភ្លើង​ធុន​ស្រាល​ក្រោម​ដី​តភ្ជាប់ពីរាជធានីភ្នំពេញទៅអាកាសយានដ្ឋានអន្តរជាតិតេជោ រាជរដ្ឋាភិបាល​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន China Metro សិក្សាលើគម្រោងនេះ ដោយសហការជាមួយក្រុមហ៊ុន OCIC ដែលកំពុងដំណើរការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ ខណៈ​ការ​សាង​សង់​អាកាស​យាន​ដ្ឋានអន្តរជាតិដ៏ធំនេះបានសម្រេចលទ្ធផលបានចំនួនជាង៦០ភាគរយ។

ឯកឧត្ត​មថ្លែងថា ការរៀបចំកិច្ចប្រជុំអន្តរក្រសួងលើកដំបូងនេះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មាន​គោល​បំណង​ចង់ឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន, រដ្ឋបាលរាជធានីភ្នំពេញ និង​រដ្ឋបាល​ខេត្ត​កណ្តាល បានពិភាក្សាគ្នារកដំណោះស្រាយ និងលើក​នូវ​បញ្ហា​ផ​ល​ប៉ះពាល់​ពី​ការ​សិក្សា​លើ​គម្រោង​នេះ ដោយរៀបចំក្រុមការងាររបស់ក្រសួង និងស្ថាប័ន​ពាក់ព័ន្ធ​បន្ត​ចុះ​សិក្សា​នៅ​ទីតាំង​ផ្ទាល់​បន្ថែម​ទៀតផងដែរ។

នាឱកាស​នោះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ក៏បានស្នើដល់ក្រសួងសាធារណការ និងដឹកជញ្ជូន, រដ្ឋបាល​រាជធានីភ្នំពេញ និងខេត្តកណ្តាល រួមទាំងក្រុមហ៊ុន China Metro សហការគ្នា​ចែក​រំលែក​នូវ​ព័ត៌មាន ឬឯកសារនានាដើម្បីជួយដល់ការសិក្សាលើគម្រោងឱ្យបានកាន់តែលឿន ខណៈ​បញ្ហា​ការ​កក​ស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញជាកង្វល់ដែលត្រូវជំរុញការដោះស្រាយ។

ចំពោះ​គម្រោងសាងសង់ផ្លូវរថភ្លើងធុនស្រាល និងផ្លូវក្រោមដីក្នុងរាជធានីភ្នំពេញនេះ ឯកឧត្តម ឧប​នាយករដ្ឋមន្រ្តី បានណែនាំដល់ក្រសួងសាធារណការ និងដឹកជញ្ជូន និង​ក្រុមហ៊ុន​ត្រូវ​ពិនិត្យ​នូវ​ទីតាំង​ នៃ​ចំណតសំខាន់ៗក្នុងរាជធានីភ្នំពេញ ដែលជាកន្លែងប្រជុំជន ដូចជាផ្សារទំនើបធំៗ សម្រាប់​ប្រជាពលរដ្ឋ និងទេសចរណ៍អន្តរជាតិងាយស្រួលធ្វើដំណើរចេញ-ចូល ហើយ​ថែម​ទាំង​ជួយ​ដល់​ការ​អភិវឌ្ឍសង្គមជាតិទាំងមូល។

ជាមួយគ្នានោះ តំណាងក្រុមហ៊ុន China Metro បានថ្លែងអំណរគុណ​ដល់​រាជ​រដ្ឋាភិបាល​ដែល​បាន​អនុញ្ញាត​ឱ្យក្រុមហ៊ុនសិក្សាលើគម្រោងដ៏សំខាន់នេះ ក្នុងការរួមចំណែក​ដល់​ការ​អភិវឌ្ឍ​ផ្លូវ​ក្រោម​ដី និងផ្លូវរថភ្លើងធុនស្រាល ដែលមាន​តួនាទី​សំខាន់​ជួយ​ពន្លឿន​ការ​ធ្វើ​ដំណើរ​ការ​របស់​ប្រជាពលរដ្ឋ​កម្ពុជា។

ទន្ទឹមនោះដែរ តំណាងរដ្ឋបាលរាជធានីភ្នំពេញ និងខេត្តកណ្តាល បានបង្ហាញការគាំទ្រ និង​សហការ​ជាមួយក្រុមហ៊ុន China Metro ក្នុងការផ្តល់នូវរបាយការណ៍ ឬព័ត៌មាន ក៏ដូច​ជា​ចូល​រួម​ដោះ​ស្រាយ​រាល់​បញ្ហាដែលប៉ះពាល់ និងរាំងស្ទះដល់គម្រោងនេះ សំដៅធ្វើយ៉ាងណា​ជំរុញ​ឱ្យ​គម្រោង​ផ្លូវ​រថភ្លើង​ធុន​ស្រាល​ក្រោម​ដី​នេះ​អាច​ដំណើរ​ការ​ហើយ​ផ្តល់​អត្ថ​ប្រយោជន៍​សម្រាប់​ប្រជា​ពលរដ្ឋ​ទាំង​អស់ប្រើប្រាស់៕