Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

៣ខែដើមឆ្នាំនេះ ការនាំចេញរបស់កម្ពុជាមានតម្លៃជាង ៦.២៦ពាន់លានដុល្លារ កើន១៨% ខណៈការនាំចូលមានតម្លៃ ៦.២៣ពាន់លានដុល្លារ

Media LNN | Apr 11, 2024
៣ខែដើមឆ្នាំនេះ ការនាំចេញរបស់កម្ពុជាមានតម្លៃជាង ៦.២៦ពាន់លានដុល្លារ កើន១៨% ខណៈការនាំចូលមានតម្លៃ ៦.២៣ពាន់លានដុល្លារ
Clinic narith

 

(ភ្នំពេញ)៖ ក្នុងរយៈពេល៣ខែ ដើមឆ្នាំ២០២៤នេះ កម្ពុជាបាននាំចេញទំនិញសំខាន់ៗ មានទំហំទឹកប្រាក់ប្រមាណជាង ៦.២ពាន់លានដុល្លារ កើនឡើង១៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣ ដែលបង្ហាញពីសញ្ញណល្អនៃការនាំចេញរបស់កម្ពុជា។ នេះបើយោងតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

ទិន្នន័យដដែលនេះបានបញ្ជាក់ថា ពីខែមករា ដល់ខែមីនា ការនាំចេញរបស់កម្ពុជាសម្រេចបាន ជាង ៦.២៦ពាន់លានដុល្លារ កើនឡើង១៨% ខណៈការនាំចូលវិញមានទំហំប្រមាណ ៦.២៣ពាន់លានដុល្លារ កើនឡើង ៦.៤% ដែលធ្វើឱ្យទំហំពាណិជ្ជកម្មរបស់កម្ពុជា និងទីផ្សារអន្តរជាតិ សម្រេចបានជាង១២.៤៩ពាន់លានដុល្លារ កើនឡើង១១.៩%។

ទំនិញសំខាន់ៗដែលកម្ពុជា បាននាំចេញច្រើនជាងគេ គឺសម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំ ដែលធ្វើឡើងពីក្រណាត់ មានតម្លៃជាង២ពាន់លានដុល្លារ, ផ្លែឈើ និងគ្រាប់ផ្លែឈើដែលអាចបរិភោគបាន ជាង៤០៧លានដុល្លារ ,ម៉ាស៊ីន និងឧបករណ៍អគ្គិសនី ជាង៤៤៨លានដុល្លារ ,ស្បែកជើង ជាង៤៨៣លានដុល្លារ និងកៅស៊ូ និង ផលិតផលធ្វើអំពីកៅស៊ូ មានតម្លៃ៣១៦លានដុល្លារ រួមនឹងទំនិញសំខាន់ៗផ្សេងទៀត។

ប្រទេសដែលកម្ពុជាបាននាំចេញទៅច្រើនជាងគេ​គឺ សហរដ្ឋអាមេរិក វៀតណាម ចិន ជប៉ុន ថៃ កាណាដា អង់គ្លេស អាល្លឺម៉ង់ អេស្ប៉ាញ ហូឡង់ បារាំង ហុងកុង និងបណ្តាប្រទេសដៃគូពាណិជ្ជកម្មសំខាន់ៗមួយចំនួនទៀត។

លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងពាណិជ្ជកម្ម បានប្រាប់នៅថ្ងៃទី១០ ខែមេសានេះថា ការនាំចេញរបស់កម្ពុជាកើនឡើងជាងការនាំចូល ដោយសារកម្ពុជាផលិតនូវប្រភេទទំនិញចាំបាច់ សម្រាប់បម្រើដល់តម្រូវការប្រើប្រាស់ ខណៈទំនិញដែលបាននាំចូលវិញ ត្រូវបានកាត់បន្ថយ។

លោកបានពន្យល់ថា ការនាំចូលទំនិញតិចជាងការនាំចេញនៅដើមឆ្នាំនេះ ដោយសារភាគច្រើនកម្ពុជានាំចូលប្រភេទទំនិញគ្រឿងឧបភោគបរិភោគ និងរបស់ប្រើប្រាស់ ដែលជាប្រភេទទំនិញមានតម្លៃទាប បើធៀបទៅនឹងប្រភេទទំនិញដែលមានតម្លៃខ្ពស់ ដូចជាគ្រឿងសំណង់ គ្រឿងអេឡិចត្រូនិក និងរថយន្ត ជាដើម។

លោកកត់សម្គាល់ថា ស្របពេលដែល​ស្ថានភាពសេដ្ឋកិច្ចពិភពលោកមិនសូវល្អ ប្រជាពលរដ្ឋកម្ពុជាហាក់មានការសន្សំសំចៃច្រើន និងកាត់បន្ថយការចំណាយរបស់ទៅលើប្រភេទទំនិញដែលជាគ្រឿងប្រណិតភាព និងគ្រឿងអេឡិចត្រូ​។ ហើយជាមួយគ្នានេះ ដោយសារការថយចុះនៃសកម្មភាពសាង់សង់ បុរី អគារជាដើម ប្រភេទទំនិញដូចជាសម្ភារៈសំណង់ក៏ត្រូវបានកាត់បន្ថយនាំចូលផងដែរ។

លោកគូសបញ្ជាក់ទៀតថា ចំណែកការនាំចេញរបស់កម្ពុជានៅតែមានកំណើនល្អ ហើយការបញ្ជាទិញនៅតែមាន បើទោះបីជាមានការកាត់បន្ថយតិចតួច ​ដោយសារតែកម្ពុជាផលិតប្រភេទទំនិញចាំបាច់ ដូចជាសម្លៀកបំពាក់ ស្បែកជើង កង់ កសិផល អង្ករ ​ដែលធ្វើឱ្យប្រទេសនាំចូល​ នៅតែបន្តនាំចូល៕