Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ក្រសួងការងារប្រមូលធាតុចូលពីអង្គការអន្តរជាតិ ដើម្បីរៀបចំទារកដ្ឋានសហគមន៍សម្រាប់កម្មករ

Media LNN | Apr 19, 2024
ក្រសួងការងារប្រមូលធាតុចូលពីអង្គការអន្តរជាតិ ដើម្បីរៀបចំទារកដ្ឋានសហគមន៍សម្រាប់កម្មករ
Clinic narith

 

 

 

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបើកកិច្ច​ប្រជុំ​ប្រមូល​ធាតុ​ចូល​ពីអង្គការពិភពកុមារ និងអភិវឌ្ឍន៍ និងធនាគារពិភពលោក ដើម្បីរៀបចំទារកដ្ឋាន​សហគមន៍​ សម្រាប់កម្មករឱ្យមានលក្ខណៈស្តង់ដាអន្តរជាតិ។

នៅក្នុងកិច្ចប្រជុំ អ្នកជំនាញមកពីអង្គការពិភពកុមារ និងអភិវឌ្ឍន៍ និងធនាគារពិភពលោក បាន​ធ្វើ​បទ​បង្ហាញ​អំពីនីតិវិធីក្នុងការសាងសង់ទារកដ្ឋានសហគមន៍សម្រាប់កម្មករ ការស្ទង់មតិកម្មករ​និយោជិត និងកិច្ចសហការ ព្រមទាំងពិភាក្សា​ជាមួយ​និយោជក​ដើម្បី​សាង​សង់​ទារកដ្ឋាន​សហគមន៍ និងផ្តល់អត្ថប្រយោជន៍ឱ្យចំគោលដៅ។

ក្រោយស្តាប់នូវបទបង្ហាញ ឯកឧត្តមរដ្ឋមន្រ្តី បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ការ​ចែករំលែក​នូវបទ​បង្ហា​ញ​នៃ​កា​ររៀបចំទារកដ្ឋានសហគមន៍សម្រាប់កម្មករ កម្មការិនីរោងចក្រកាត់ដេរ ដោយអង្គការ​ពិភព​កុមារ​ និងអភិវឌ្ឍន៍ និងធនាគារពិភពលោក ដែលជាធាតុ​ចូល​យ៉ាង​សំខាន់​លើ​កិច្ច​ការ​បង្កើត​ទារកដ្ឋាន​សហគមន៍នាពេលខាងមុខ។

ចំពោះកិច្ចការងារនេះ ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ក្រសួងការងារ ជាមួយក្រសួង​ពាក់ព័ន្ធ​បាន​ដាក់​ចេញនូវនីតិវិធីប្រតិបត្តិការស្តង់ដា ក្នុងការបង្កើតទារកដ្ឋានសហគមន៍ ក្នុងនោះ​ក្រសួង​ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជជែកពិភាក្សាជាមួយនិយោជកនៃរោងចក្រ សហគ្រាស​មួយ​ចំនួ​នរួច​មក​ហើយ​ទាក់​ទង​នឹង​ការ​ជួយ​ជ្រោម​ជ្រែង​លើ​កិច្ច​ការ​បង្កើត​ទារកដ្ឋាន​សហគមន៍​នេះ​។

សូមបញ្ជាក់ថា ការរៀបចំឱ្យមានទារកដ្ឋានសហគមន៍សម្រាប់កម្មករ កម្មការិនី គឺជាអនុសាសន៍​មួយ​ក្នុង​ចំណោមអនុសាសន៍ទាំង ១០ចំណុច របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែល​បាន​ដាក់ឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អនុវត្តកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣កន្លងទៅ៕