Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

គ្រាប់ស្វាយចន្ទីសើមនៅខែមេសា នេះ បានចាប់ផ្ដើមហក់ឡើងថ្លៃខ្ពស់មិនធ្លាប់មានក្នុងរយៈពេល១៥ឆ្នាំ

Media LNN | Apr 19, 2024
គ្រាប់ស្វាយចន្ទីសើមនៅខែមេសា នេះ បានចាប់ផ្ដើមហក់ឡើងថ្លៃខ្ពស់មិនធ្លាប់មានក្នុងរយៈពេល១៥ឆ្នាំ
Clinic narith

គ្រាប់ស្វាយចន្ទីសើមនៅកម្ពុជាបានចាប់ផ្ដើមឡើងថ្លៃជាបណ្តើរៗវិញហើយនៅក្នុងខែមេសា នេះ បន្ទាប់ពីបានធ្លាក់ចុះខ្លាំងជាបន្តបន្ទាប់នៅប៉ុន្មានខែកន្លងមកនេះ។ ការហក់ឡើងថ្លៃគ្រាប់ស្វាយចន្ទីសើមនៅពេលនេះត្រូវបានប្រធានសមាគមស្វាយចន្ទីកម្ពុជាអះអាងថា គឺបានកើតឡើងក្រោយប្រជាកសិករនាំគ្នាហាលគ្រាប់ស្វាយចន្ទីស្តុកទុក។ បច្ចុប្បន្នតម្លៃគ្រាប់ស្វាយចន្ទីសើមអាចលក់បានក្នុងតម្លៃ៥ពាន់រៀលក្នុងមួយគីឡូក្រាម ដែលជាតម្លៃមួយខ្ពស់មិនធ្លាប់មានក្នុងរយៈពេល១៥ឆ្នាំកន្លងមកនេះ។

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជាបានបញ្ជាក់ថា ចូលដល់ខែមេសា នេះ គ្រាប់ស្វាយចន្ទីសើមនៅកម្ពុជា បានហក់ឡើងថ្លៃដល់៥ពាក់រៀលក្នុង១គីឡូក្រាម ដែលជាតម្លៃមួយខ្ពស់បំផុតក្នុងរយៈពេល១៥ឆ្នាំកន្លងមកនេះ។ ការហក់ឡើងថ្លៃនេះ ត្រូវបានប្រធានសមាគមរូបនេះអះអាងថា គឺបន្ទាប់កសិករភាគច្រើនបាននាំគ្នាហាលគ្រាប់ស្វាយចន្ទីទុក បន្ទាប់ពីមានការធ្លាក់ថ្លៃខ្លាំងនៅប៉ុន្មានខែកន្លងមកនេះ គួបផ្សំគ្រាប់ស្វាយចន្ទីមានការធ្លាក់ចុះទិន្នផលនៅឆ្នាំនេះ។ ហើយការនាំគ្នាហាលគ្រាប់ស្វាយចន្ទីទុកនេះ ក៏បានទាញតទម្លាក់បរិមាណនាំចេញគ្រាប់ស្វាយចន្ទីឆៅទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសទីផ្សារវៀតណាមផងដែរ។ ទន្ទឹមនេះ លោកសង្ឃឹមថា គ្រាប់ស្វាយចន្ទីស្ងួត ដែលកសិករបានហាលទុកនឹងបន្តឡើងថ្លៃបន្ថែមទៀតនាពេលខាងមុខ ក្រោយប្រទេសជាច្រើនដែលដាំដំណាំស្វាយចន្ទីបានរងផលប៉ះពាល់ពីបាតុភូតអែលនីណូ ដែលបណ្តាលឱ្យទិន្នផលមានការធ្លាក់ចុះយ៉ាងខ្លាំង។

សូមបញ្ជាក់ថា នៅក្នុងឆ្នាំនេះ ដំណាំស្វាយចន្ទីនៅកម្ពុជា បានរងការគំរាមកំហែងពីបាតុភូតអែលនីណូ បង្កឱ្យមានការខូចខាតដល់ផ្លែ ផ្កា និងធ្លាក់ចុះទិន្នផល។ តាមរយៈការគំរាមកំហែងពីបាតុភូតអែលនីណូនេះបានជំរុញឱ្យសមាគមស្វាយចន្ទីកម្ពុជាព្យាករថា ទិន្នផលគ្រាប់ស្វាយចន្ទីនៅឆ្នាំនេះ អាចនឹងធ្លាក់ចុះចន្លោះពី១០% ទៅ៣០% បើធៀបនឹងឆ្នាំ២០២៣។ បើយោងតាមទិន្នន័យពីសមាគមស្វាយចន្ទីកម្ពុជា នៅក្នុងរយៈពេល៣ខែ ដើមឆ្នាំ២០២៤នេះ កម្ពុជាផលិតគ្រាប់ស្វាយចន្ទីឆៅបានចំនួន៤៧ម៉ឺន៤ពាន់តោន កើនឡើង១៣% ក្នុងនោះនាំចេញទៅប្រទេសវៀតណាមបានចំនួន៤២ម៉ឺន៤ពាន់តោន គិតជាប្រាក់៥៤៣លានដុល្លារ ខណៈតម្លៃមធ្យមសម្រាប់គ្រាប់ស្វាយចន្ទីស្ងួតត្រូវបានឈ្មួញទិញក្នុងតម្លៃ១ពាន់២រយដុល្លារក្នុង១តោន៕