Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ក្រសួងរៀបចំដែនដី និងរដ្ឋបាលខេត្តកំពង់ធំ ឯកភាពគ្នាពន្លឿនការចុះបញ្ជីដីធ្លីឲ្យចប់ត្រឹមរយៈពេល ២ឆ្នាំទៀត

Media LNN | Apr 20, 2024
ក្រសួងរៀបចំដែនដី និងរដ្ឋបាលខេត្តកំពង់ធំ ឯកភាពគ្នាពន្លឿនការចុះបញ្ជីដីធ្លីឲ្យចប់ត្រឹមរយៈពេល ២ឆ្នាំទៀត
Clinic narith

(កំពង់ធំ)៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងរដ្ឋបាលខេត្តកំពង់ធំ បានឯកភាពគ្នា ពន្លឿនការចុះបញ្ជីដីធ្លីជាប្រព័ន្ធជូនប្រជាពលរដ្ឋ ដែលនៅសេសសល់ឲ្យចប់សព្វគ្រប់ត្រឹមរយៈពេល ២ឆ្នាំទៀត ខណៈខេត្តមួយនេះ ចែកបណ្ណកម្មសិទ្ធិដីធ្លីរួចរាល់បានចំនួន ៣៣៩ ០៥៧បណ្ណ។

ក្នុងកិច្ចប្រជុំជំរុញការចុះបញ្ជីដីធ្លី ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ក្រោមធិបតីភាពឯកឧត្តម សាយ សំអាល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ មានប្រសាសន៍ថា ដើម្បីពន្លឿនការងារចុះបញ្ជីដីធ្លីតាមគោលនយោបាយ ចុះបញ្ជីដីធ្លីបញ្ចប់ សេវាគាប់ចិត្ត និងបរិយាកាសគ្មានវិវាទ រដ្ឋបាលខេត្តកំពង់ធំ ដែលមានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដីខេត្ត ជាសេនាធិការ បានដាក់ចេញនូវផែនការចុះបញ្ជីដីធ្លីបញ្ចប់ចំនួន ២២៥ ៣២៤ក្បាលដី លើ២៧៧ភូមិ ៤៧ឃុំ និង៧ស្រុក ក្នុងរយៈពេល២ឆ្នាំ (២០២៤ -២០២៥ ) ដោយបានបន្ថែមធនធានមនុស្សចំនួន ១៤៩នាក់ និងចែកជា ៧ក្រុម។

ឯកឧត្តម បានបន្តថា មកដល់ពេលនេះ ក្រុមការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធបានចុះបញ្ជីដីចំនួន ៣៨២ភូមិ ក្នុង៣៤ឃុំ ក្នុងនោះវាស់វែងបាន ៣៦៨ ២៦៤ ក្បាលដី និងចែកបណ្ណកម្មសិទ្ធិដីធ្លីបាន ៣៣៩ ០៥៧បណ្ណ ។

ឯកឧត្តម ងួន រតនៈ បានបន្ថែមថា រដ្ឋបាលខេត្ត បានជំរុញឱ្យមន្ទីរសុរិយោដីខេត្ត សហការជាមួយរដ្ឋបាលក្រុង ស្រុក ក្នុងការចុះវាស់វែងដី ដើម្បីធ្វើបណ្ណសម្គាល់សិទ្ធិកាន់កាប់ ប្រើប្រាស់ អាស្រ័យផល ជូនប្រជាពលរដ្ឋលើទីតាំងដីដែលបានកាត់ឆ្វៀលពីតំបន់៣ មកតំបន់២ និងទីតាំងតំបន់២ចាស់ ក្នុង៦ក្រុង-ស្រុក ដែលមានផ្ទៃដីសរុប ១២០ ៦៩៥ហិកតា ដែលជាលទ្ធផលវាស់វែងបាន ១៤ ២៣០ក្បាលដី ស្មើនឹង ៧០ ១៧៩ហិកតា ស្មើនឹង ៧ ៣៣១គ្រួសារ ស្មើនឹង ៥៨,១៥ភាគរយ។

ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ មានប្រសាសន៍ថា ក្រសួងរៀបចំដែនដី បាននិងកំពុងអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួន និងពេញលេញ នូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ហើយលើវិស័យដីធ្លីនេះក្រសួងមិនអាចអនុវត្តន៍តែឯងបានទេ គឺត្រូវមានការចូលរួមសហការពីគ្រប់ភាគីពាក់ព័ន្ធ ទើបការងារដំណើរការដោយរលូន និងមានប្រសិទ្ធភាព ហើយកិច្ចការធំដែលត្រូវអនុវត្ត គឺការជ្រោងទង់សាមគ្គីឯកភាពផ្ទៃក្នុង លើវិស័យរៀបចំដែនដី ដែលជាការងារមួយដ៏សំខាន់និ ងចាំបាច់សម្រាប់រៀបចំដំណើរឆ្ពោះទៅមុខ ក្នុងអាណត្តិទី៧នេះ។

សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដែលក្នុងនោះរួមបញ្ចូល ការធ្វើកំណែទម្រង់ដីធ្លី និងនគរូបនីយកម្ម ឱ្យកាន់តែស៊ីជម្រៅ ជាមួយនឹងការបង្កើតឱ្យមាននូវគោលនយោបាយដីធ្លីចំនួន ៣ចំណុច រួមមានការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ការដោះស្រាយវិវាទដីធ្លីក្រៅប្រព័ន្ធតុលាការ និងការផ្ដល់សេវារដ្ឋបាលដីធ្លី ជូនប្រជាពលរដ្ឋប្រកបដោយតម្លាភាព និងប្រសិទ្ធភាពខ្ពស់ សំដៅលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

ការងារចុះបញ្ជីដីធ្លី ដើម្បីបន្តផ្តល់បណ្ណកម្មសិទ្ធិដល់ប្រជាជនឱ្យបានលឿន ដើម្បីជាមូលដ្ឋានប្រភពសេដ្ឋកិច្ច និងសុវត្ថិភាពនៃការកាន់កាប់ដីធ្លី ជាអាទិភាពទី៥ នៃទិសដៅអាទិភាពគោលនយោបាយ ១៥ ចំណុច ដែលក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញ ផ្អែកទៅលើអាទិភាពនៃយុទ្ធសាស្រ្តបញ្ចកោណ ក្នុងបញ្ចកោណទី៤ មុំទី៤៕