Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

យុវជនជាច្រើន បានចាប់ផ្តើមចុះឈ្មោះ ដើម្បីរៀនជំនាញបច្ចេកទេសនិងវិជ្ជាជីវៈក្នុងជំហានទី២

Media LNN | Apr 20, 2024
យុវជនជាច្រើន បានចាប់ផ្តើមចុះឈ្មោះ ដើម្បីរៀនជំនាញបច្ចេកទេសនិងវិជ្ជាជីវៈក្នុងជំហានទី២
Clinic narith

 

(ភ្នំពេញ)៖ មន្រ្តីអ្នកនាំពាក្យ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ឲ្យដឹងថា កម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ជំហានទី២បានចាប់ផ្តើមចូលរៀនហើយ ក្នុងនោះសាលានីមួយៗដែលមានសិស្សចុះឈ្មោះចាប់ពី ២០ ទៅ ៣០នាក់ នឹងបើកបង្រៀន១ថ្នាក់ ។

ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ប្រាប់ព័ត៌មាន ប៊ីធីវី នៅព្រឹកថ្ងៃទី២០ ខែមេសានេះថា គិតត្រឹមដំណាច់ត្រីមាសទី១ ឆ្នាំ២០២៤នេះ ឃើញថា មានយុវជនសរុបចំនួនជាង ៤ម៉ឺននាក់ បានចូលសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ក្នុងនោះសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស មានចំនួនជាង ១៦,០០០នាក់ សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ កម្រិត៣ មានជាង ១,៤០០នាក់ សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត២ មានជាង ២៦,០០០នាក់ ហើយសិស្សដែលចូលសិក្សាសញ្ញាបត្របច្ចេកទេសកម្រិត១ និងកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ១,៥លាននាក់នេះ មានចំនួនជាង ១៦,០០០នាក់។ 

កាលពីទី១៥ ខែមករា ឆ្នាំ២០២៤ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសបើកបវេសនកាលទូទាំងប្រទេស ដើម្បីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ចំនួន ១,៥លាននាក់។ ក្នុងជំហ៊ានទី១នេះ បានរៀបចំឲ្យមានថ្នាក់សិក្សារហូតចំនួន ៥៤៤ថ្នាក់ ស្មើនឹងយុវជនចំនួនជាង ១ម៉ឺន ៦ពាន់ម៉ឺននាក់។ វគ្គបណ្តុះបណ្តាលនេះដែរ បានកំណត់យកមុខជំនាញចំនួន៣៨ នៅក្នុងវិស័យអាទិភាពចំនួន១០ រួមមាន៖ សំណង់ , អគ្គិសនីនិងថាមពល , បរិក្ខាត្រជាក់និងកម្តៅ ,ទេសចរណ៍ , មេកានិកទូទៅ/មេកានិករថយន្ត , សេវាកម្ម , កសិកម្ម និងកសិ-ឧស្សាហកម្ម , កម្មន្តសាល , អេឡិចត្រូនិច និងធុរកិច្ចនិងព័ត៌មានវិទ្យា។ 

សូមបញ្ជាក់ទៀតថា កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់នេះដែរ គឺជាការចង្អុលបង្ហាញរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា និងបានប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។

បន្ថែមពីនេះ រាល់ការចំណាយទាំងអស់ ដូចជាថ្លៃសិក្សា និងប្រាក់ឧបត្ថម្ភប្រចាំខែសម្ររាប់ផ្តល់ការបណ្តុះបណ្តាលជំនាញនេះ គឺជាបន្ទុករបស់រដ្ឋាភិបាលកម្ពុជាទាំងអស់ ក្នុងគោលបំណងដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារការងារ ព្រមទាំងជួយលើកកម្ពស់ជីវភាពរបស់យុវជន ឲ្យកាន់តែប្រសើរជាងមុន៕