Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

រដ្ឋមន្ត្រីក្រសួងបរិស្ថាន៖ ការលួចដីរដ្ឋ គឺមិនអាចលាក់បាំងបានទេ ត្រូវបញ្ឈប់ការរំលោភបំពានដីព្រៃរបស់រដ្ឋជាបន្ទាន់

Admin Alynana | Apr 23, 2024
រដ្ឋមន្ត្រីក្រសួងបរិស្ថាន៖ ការលួចដីរដ្ឋ គឺមិនអាចលាក់បាំងបានទេ ត្រូវបញ្ឈប់ការរំលោភបំពានដីព្រៃរបស់រដ្ឋជាបន្ទាន់
Clinic narith

ភ្នំពេញ៖ សូមបញ្ឈប់ជាបន្ទាន់នូវសកម្មភាពកាប់រានទន្រ្ទានដីព្រៃរបស់រដ្ឋដោយខុសច្បាប់ ពីព្រោះទង្វើបំពាននេះ មិនអាចលាក់កំបាំងបានទេ ហើយរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី ៧នៃរដ្ឋសភាកំពុងយកចិត្តទុកដាក់ និងអនុវត្តយ៉ាងតឹងរ៉ឹងនូវវិធានការច្បាប់ ប្រកបដោយតម្លាភាព និងប្រសិទ្ធភាព។

នេះជាការថ្លែងពីសំណាក់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅក្នុងសិក្ខាសាលាថ្នាក់ជាតិ ស្ដីពីការវិនិយោគលើការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ តាមរយៈការស្ដារតំបន់ទេសភាពកសិអេកូឡូស៊ី នៅថ្ងៃទី ២២ ខែមេសា ឆ្នាំ២០២៤ ក្នុងសណ្ឋាគារ Hyatt Regency ភ្នំពេញ ។

គួរបញ្ជាក់ថា ការថ្លែងប្រកាសយ៉ាងម៉ឺងម៉ាត់របស់រដ្ឋមន្ត្រីក្រសួងបរិស្ថាន អំពីវិធានការច្បាប់យ៉ាងតឹងរ៉ឹងលើបទល្មើសធនធានធម្មជាតិ របស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភានេះ គឺដើម្បីទប់ស្កាត់ និងការពារការកាប់រានដីព្រៃរបស់រដ្ឋជាបន្តបន្ទាប់ដោយខុសច្បាប់ ដែលជាក់ស្តែងនាពេលថ្មីៗនេះ ក្រោមកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយក្រសួង មន្ទីរពាក់ព័ន្ធ អ្នកច្បាប់ សមត្ថកិច្ច កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងអង្គភាពប្រឆាំងអំពើពុករលួយ សម្រេចតាមការបង្ក្រាបជាច្រើនករណី និងបានដកហូតយកដីព្រៃត្រឡប់ជូនរដ្ឋវិញជាច្រើនហិកតា។

ឯកឧត្តម អ៊ាង សុផល្លែត បានលើកឡើងថា រដ្ឋាភិបាល ដែលមានក្រសួងបរិស្ថានជាសេនាធិការ បានដាក់យុទ្ធនាការបណ្ដុះកូនឈើ ១លានដើមយ៉ាងតិចក្នុង ១ឆ្នាំ សម្រាប់ចែកជូនប្រជាពលរដ្ឋដាំដោយឥតគិតថ្លៃ នៅទូទាំង ២៥រាជធានី/ខេត្ត កាលពី ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣។

ជាមួយគ្នានេះ ក៏មានការរៀបចំថ្នាលបណ្ដុះកូនឈើជាលក្ខណៈតំបន់ចំនួន ៥ទីតាំង រួមមាន ខេត្តសៀមរាប ត្បូងឃ្មុំ កំពង់ស្ពឺ កំពង់ធំ និងខេត្តមណ្ឌលគិរី ហើយជាពិសេសនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ខាងមុខនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បានអនុញ្ញាតឱ្យបើកយុទ្ធនាការពិព័រណ៍កូនឈើ និងផ្តល់ជូនកូនឈើគ្រប់ប្រភេទ ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ នៅមុខទីស្តីការក្រសួងបរិស្ថាន រយៈពេល ៦ថ្ងៃ គឺចាប់ពីថ្ងៃទី១០ ដល់ ទី១៥ខែកក្កដា ឆ្នាំ២០២៤ ។

ចំណែកប្រជាពលរដ្ឋ ប្រជាសហគមន៍ ដែលបានមកទស្សនកិច្ចនៅតាមស្តង់កូនឈើ ពេញចិត្តប្រភេទកូនឈើអ្វី អាចទៅយកកូនឈើពីមន្ទីរបរិស្ថាន នៅតាមខេត្តដែលខ្លួនរស់នៅបាន ដោយមិនចំណាយថ្លៃដឹកជញ្ជូនពីរាជធានីភ្នំពេញទៅតាមខេត្តឡើយ ។

ជាសារគាំទ្រ និងលើកទឹកចិត្តជូនចំពោះប្រជាពលរដ្ឋ ប្រជាសហគមន៍ ក្រសួង/មន្ទីរពាក់ព័ន្ធ អ្នកច្បាប់ អាជ្ញាធរមូលដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងអង្គភាពប្រឆាំងអំពើពុករលួយ ដែលបានសហការគ្នាយ៉ាងសកម្មក្នុងការធ្វើឱ្យសម្រេចបាននូវបេសកកម្មដ៏ចម្បងក្នុងការបង្រ្កាបបទល្មើសធនធានធម្មជាតិទូទាំងប្រទេស ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងថា សូមកុំអស់សង្ឃឹមចំពោះកិច្ចខិតខំប្រឹងប្រែងរបស់យើងទាំងអស់គ្នា បើទោះថាមានការបំភាន់ ឬការផ្សព្វផ្សាយមិនល្អពីកម្ពុជា ចំពោះការបាត់បង់ព្រៃឈើនេះក្តី ក៏សកម្មភាពដ៏ស្រស់ស្អាតចេញពីបេះដូងខ្មែរ និងប្រកបដោយភាពបៃតងពីក្នុងចំណោមយុវជន និងប្រជាពលរដ្ឋអ្នកស្រឡាញ់ព្រៃឈើ នៅតែចែងចាំង និងជះពន្លឺបៃតងជានិច្ច។

យើងរួមគ្នាឆ្ពោះទៅមុខ ដើម្បីពង្រីកគម្របព្រៃឈើឲ្យបានជាង ៦០% នៅឆ្នាំ២០៥០ ហើយយើងទាំងអស់គ្នាធ្វើបាន ពីព្រោះសិស្សានុសិស្សជាង៣លាននាក់ កំពុងរង់ចាំជួយដាំ និងការពារ ថែទាំព្រៃឈើរបស់ខ្មែរយើង។ លើសពីនេះ យើងក៏មានអ្នកវិនិយោគបរទេស និងដៃគូអភិឌ្ឍន៍ជាច្រើន បានកំពុងចូលរួមចំណែកយ៉ាងសកម្មក្នុងយុទ្ធសាស្រ្តបញ្ចកោណរបស់ជាតិ ដូចនេះ សូមកុំយកអតីតកាលមកកំណត់អនាគតរបស់កម្ពុជា តែត្រូវយកទង្វើនាពេលបច្ចុប្បន្ន ដែលកំពុងកើតឡើងនេះ មកធ្វើជាកត្តាវាស់វែង ដើម្បីឈានឆ្ពោះទៅសមិទ្ធផលគួរជាទីមោទនៈនាពេលអនាគតសម្រាប់អ្នកជំនាន់ក្រោយរបស់ប្រជាជាតិកម្ពុជាវិញ ៕