Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

វៀតណាម គ្រោងចំណាយថវិកាជិត១៩០ពាន់លានដុល្លារ ដើម្បីអភិវឌ្ឍន៍វិស័យថាមពលនៅត្រឹមឆ្នាំ២០៣០

Media LNN | Apr 29, 2024
វៀតណាម គ្រោងចំណាយថវិកាជិត១៩០ពាន់លានដុល្លារ ដើម្បីអភិវឌ្ឍន៍វិស័យថាមពលនៅត្រឹមឆ្នាំ២០៣០
Clinic narith

វៀតណាមដែលជាប្រទេសក្បែរខាងរបស់កម្ពុជា មានតម្រូវការទុនរហូតដល់ជិត១៩០ពាន់លានដុល្លារ ដើម្បីចំណាយលើការវិនិយោគក្នុងវិស័យថាមពលនៅត្រឹមឆ្នាំ២០៣០។ នេះបើយោងតាមគម្រោងអនុវត្តផែនការថាមពលជាតិរបស់វៀតណាម ដែលត្រូវបានស្រង់យកមកចុះផ្សាយដោយសារព័ត៌មាន VNExpress។

ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក ត្រាន ហុងហា (Tran Hong Ha) បានចុះហត្ថលេខាលើ សេចក្តីសម្រេចមួយកាលពីពេលថ្មីៗ ដោយបានអនុម័តផែនការសម្រាប់វិស័យថាមពល ដែលត្រូវការទុនវិនិយោគសរុបប្រមាណជិត១៩០ពាន់លានដុល្លារ ហើយទុនវិនិយោគនេះ នឹងត្រូវប្រមូលមកពីប្រភពផ្សេង​ៗ ក្រៅពីទុនវិនិយោគសាធារណៈ។

ផែននេះបានបង្ហាញថា តម្រូវការសម្រាប់ទំហំដីបម្រើដល់ការអភិវឌ្ឍរោងចក្រ និងហេដ្ឋារចនាសម្ពន្ធក្នុងឧស្សាហកម្មថាមពល គឺមានប្រហែល១០ម៉ឺនហិកតា ក្នុងកំឡុងឆ្នាំ២០២១-២០៣០ និងមានប្រហែល២០ម៉ឺនហិកតា ក្នុងកំឡុងឆ្នាំ២០៣១-២០៥០។ ជាមួយគ្នានេះសម្រាប់គម្រោងនៅតាមសមុទ្រវៀតណាម មានតម្រូវការផ្ទៃដីប្រមាណ៣៣ម៉ឺនហិកតា ក្នុងឆ្នាំ២០៣០ និងប្រហែល២លានហិកតា នៅឆ្នាំ២០៥០ ផងដែរ។

ផែនការថាមពលជាតិ ក្នុងអំឡុងឆ្នាំ២០២១-២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ២០៥០ បានគ្របដណ្តប់​លើវិស័យប្រេង និងឧស្ម័ន ធ្យូងថ្ម អគ្គិសនី ថាមពលថ្មី និងថាមពលកកើតឡើងវិញ ជាមួយនឹងភារកិច្ចមួយចំនួនចាប់ពីការស៊ើបអង្កេតជាមូលដ្ឋាន ការរុករក ការកេងប្រវ័ញ្ច ការផលិត ការស្តុកទុក ការចែកចាយរហូតដល់ការប្រើប្រាស់ និងសកម្មភាពពាក់ព័ន្ធដទៃទៀត។

ជាពិសេស ផែនការនេះមានគោលបំណងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លានូវថាមពលខ្យល់នៅសមុទ្ររួមជាមួយនឹងប្រភេទថាមពលកកើតឡើងវិញផ្សេងទៀត ដូចជា ថាមពលពន្លឺព្រះអាទិត្យ និងថាមពលខ្យល់នៅលើគោកជាដើម ដើម្បីផលិតថាមពលថ្មីមានអ៊ីដ្រូសែន អាម៉ូញាក់បៃតងជាដើម ដើម្បីបម្រើតម្រូវការក្នុងស្រុក និងការនាំចេញ។

ប្រភពថាមពលកកើតឡើងវិញដែលផលិតថាមពលថ្មីសម្រាប់បម្រើតម្រូវការក្នុងស្រុក និងការនាំចេញត្រូវបានផ្តល់អាទិភាពជាចម្បង និងអនុញ្ញាតឱ្យមានការអភិវឌ្ឍគ្មានដែនកំណត់ផ្អែកលើមូលដ្ឋានធានាការការពារជាតិ សន្តិសុខ សុវត្ថិភាពថាមពល និងនាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ ដើម្បីក្លាយជាវិស័យសេដ្ឋកិច្ចថ្មីរបស់ប្រទេសនេះ៕