Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

មហាសេដ្ឋីពាន់លានដុល្លារដើមកំណើតចិន ត្រូវបានតុលាការអាម៉េរិក កាត់ទោសឱ្យជាប់ពន្ធនាគារ៤ខែ ពីបទលាង.លុយក.ខ្វក់

Media LNN | May 02, 2024
មហាសេដ្ឋីពាន់លានដុល្លារដើមកំណើតចិន ត្រូវបានតុលាការអាម៉េរិក កាត់ទោសឱ្យជាប់ពន្ធនាគារ៤ខែ ពីបទលាង.លុយក.ខ្វក់
Clinic narith

មហាសេដ្ឋីកាណាដា ដើមកំណើតចិន លោក ចាងប៉េង ចាវ (Changpeng Zhao) ត្រូវបានតុលាការអាមេរិក កាត់ទោសដាក់ពន្ធនាគារចំនួន៤ខែ ក្រោមបទចោទពាក់ព័ន្ធអំពើលាងលុយកខ្វក់។ ប៉ុន្តែទ្រព្យរបស់លោក ដែលមានតម្លៃសរុបប្រមាណ៣៣ពាន់លានដុល្លារ ត្រូវបានគេព្យាករថា នឹងបន្តកើនឡើងបន្ថែមទៀត ខណៈភាគហ៊ុន និងទ្រព្យសកម្មនៅក្នុងក្រុមហ៊ុន Binance ដែលលោកធ្លាប់បង្កើត និងដឹកនាំនៅតែបន្តកើនឡើង។

លោក ចាងប៉េង ចាវ (Changpeng Zhao) សហស្ថាបនិកក្រុមហ៊ុន Binance ដែលជាក្រុមហ៊ុនគ្រប់គ្រងសេវាកម្មប្តូរ និងទូទាត់ប្រាក់សម្រាប់ជំនួញហិរញ្ញវត្ថុថ្មី ដែលគេហៅថា គ្រីបតូខឺរិនស៊ី ត្រូវបានតុលាការនៅទីក្រុងសេអាថល (Seattle) សហរដ្ឋអាម៉េរិក កាត់ទោសដាក់ពន្ធនាគារ៤ខែពីបទពាក់ព័ន្ធនឹងការលាងលុយតាមប្រតិបត្តិការរបស់ក្រុមហ៊ុន Binance។

សារព័ត៌មានហិរញ្ញវត្ថុធំៗបានរាយការណ៍ថា ទោះបីលោក ចាវ ដែលជាអតីតនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Binance ត្រូវជាប់ពន្ធនាគារក៏ពិតមែន ប៉ុន្តែលោកនៅតែបន្តបង្កើនទ្រព្យសម្បត្តិតម្លៃ៣៣ពាន់លានដុល្លាររបស់លោកបន្តទៀតនៅក្នុងរយៈពេលជាប់ពន្ធនាគារនេះ។ លោក ចាវ បានសារភាពពាក់ព័ន្ធនឹងបទចោទប្រកាន់របស់តុលាការក្រុងសេអាថល ប៉ុន្តែភាគហ៊ុនក្រុមហ៊ុន Binance នៅតែប្រសើរ ហើយត្រូវគេព្យាករថា នឹងបន្តកើនឡើងបន្ថែមទៀតនៅក្នុងអំឡុងពេលដែលលោកជាប់ពន្ធនាគារ។

ក្រោយពេលដែលលោកបានសារភាព អ្នកនាំពាក្យក្រុមហ៊ុន Binance បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ស្ថានភាពក្រុមហ៊ុននៅតែបន្តសកម្មភាពជាប្រក្រតី ហើយក្រុមហ៊ុន ក៏កាន់តែយកចិត្តទុកដាក់បន្ថែមទៀតនៅលើប្រព័ន្ធសុវត្ថិភាព ក៏ដូចជាការគ្រប់គ្រងប្រឆាំងនឹង ការលាងលុយកខ្វក់។ ទំហំលុយកខ្វក់ ដែលលោក ចាវ បានជាប់ទាក់ទងគឺមានទំហំទឹកប្រាក់ប្រមាណជា៤ពាន់៣រយលានដុល្លារ ហើយក្រោយរឿងអាស្រូវនេះផ្ទុះឡើង លោកបានបង្ហាញពីការទទួលខុសត្រូវ និងបានលាលែងពីតំណែងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន កាលពីខែវិច្ឆិកា ឆ្នាំ២០២៣។

មកដល់ពេលនេះ លោក ចាវ មានអាយុត្រឹមតែ៤៧ឆ្នាំប៉ុណ្ណោះ ប៉ុន្តែលោកត្រូវបានទស្សនាវដ្តី Forbes អះអាងថា គឺជាកំពូលមហាសេដ្ឋីលំដាប់ពិភពលោកវ័យក្មេងមួយរូប។ លោក ចាវ ត្រូវបានគេដឹងថា បានចាកចេញពីចិន ទៅរស់នៅកាណាដា នៅអាយុ១២ ឆ្នាំ ហើយបានធំធាត់នៅទីនោះជាមួយនឹងគ្រួសារដែលមានឪពុកម្តាយជាអតីតគ្រូបង្រៀន នៅក្នុងប្រទេសចិន។ លោកធ្លាប់មានប្រវត្តិធ្វើការនៅផ្សារហ៊ុននៅជប៉ុន ហើយក៏ធ្លាប់មករកស៊ីនៅប្រទេសចិន មួយរយៈកាលពីឆ្នាំ២០០៥ផងដែរ។ លោកបានចាប់ផ្តើមចាប់អារម្មណ៍នឹងប្រតិបត្តិការការទូទាត់ cryptocurrency នៅឆ្នាំ២០១៣ រួចក៏បានសហការជាមួយនឹងដៃគូបង្កើត Binance ឡើងនៅក្នុងឆ្នាំ២០១៧៕