Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

អាមេរិក និងអឺរ៉ុប អាចរួមគ្នាឆ្លើយតបចំពោះភាពលើសកម្រិតនៃឧស្សាហកម្មរបស់ចិន

Media LNN | May 23, 2024
អាមេរិក និងអឺរ៉ុប អាចរួមគ្នាឆ្លើយតបចំពោះភាពលើសកម្រិតនៃឧស្សាហកម្មរបស់ចិន
Clinic narith

រដ្ឋមន្ត្រីរតនាគារសហរដ្ឋអាម៉េរិក លោកស្រី ជេណិត យេឡិន (Janet Yellen) បាននិយាយថា សហរដ្ឋអាម៉េរិក និងអឺរ៉ុបចាំបាច់ត្រូវតែរួមគ្នាឆ្លើយតបទៅនឹងគោលនយោបាយឧស្សាហកម្មរបស់ប្រទេសចិន នៅក្នុងយុទ្ធសាស្ត្ររួម និងឯកភាពគ្នាមួយ ដើម្បីធ្វើឱ្យក្រុមហ៊ុនផលិតកម្មរបស់សហរដ្ឋអាម៉េរិក និងសហភាពអឺរ៉ុបមានដំណើរការទៅមុខ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Euro News។

ថ្លែងនៅក្នុងសុន្ទរកថា ស្ដីពីសារសំខាន់នៃសម្ពន្ធភាពរវាងអាម៉េ​រិក-អឺរ៉ុបនៅទីក្រុងហ្វ្រេងហ្វឺត(Frankfurt) ប្រទេសអាល្លឺម៉ង់ លោកស្រី ជេណិត យេឡិន បាននិយាយថា សមត្ថភាពឧស្សាហកម្មដ៏លើសលប់របស់ចិន បានគំរាមកំហែងទាំងក្រុមហ៊ុនអាម៉េ​រិក និងក្រុមហ៊ុនអឺរ៉ុប ក៏ដូចជាគំរាមកំហែងដល់ការអភិវឌ្ឍឧស្សាហកម្មនៅបណ្ដាប្រទេស ដែលកំពុងរីកចម្រើនផងដែរ។

លោកស្រីជឿជាក់ថា ប្រសិនបើសហរដ្ឋអាម៉េរិក និងអឺរ៉ុប មិនព្រមរួមគ្នាឆ្លើយតបជាយុទ្ធសាស្ត្រ និងឯកភាពគ្នាជាធ្លុងមួយទេ លទ្ធភាពជោគជ័យនៃអាជីវកម្មនៅក្នុងប្រទេសរបស់ពួកគេ និងជុំវិញពិភពលោកអាចប្រឈមនឹងហានិភ័យជាក់ជាមិនខានឡើយ។ ដូច្នេះហើយគឺមានតែការរួមគ្នាទេទើបអាចយកឈ្នះលើសមត្ថភាពឧស្សាហកម្មដ៏លើសលប់របស់ចិនបាន។

ការលើកឡើងរបស់រដ្ឋមន្ត្រីរតនាគាររូបនេះបានធ្វើឡើងមួយសប្តាហ៍បន្ទាប់ពីរដ្ឋបាលលោក ចូ បៃដិន បានប្រកាសយកពន្ធថ្មីថែមទៀតទៅលើរថយន្តអគ្គិសនីរបស់ចិន ផលិតផលថាមពលសូឡា គ្រឿងអេឡិចត្រូនិក គ្រឿងបន្លាស់ថ្មអាគុយ ដែកថែប និងឧស្សាហកម្មយុទ្ធសាស្ត្រផ្សេងទៀតផងដែរ។

មិនត្រឹមតែរួមគ្នាឆ្លើយតបចំពោះចិនប៉ុណ្ណោះទេ លោកស្រី យេឡិន ក៏បានអំពាវនាវឱ្យអឺរ៉ុប និងអាម៉េ​រិក​រួមគ្នាប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី និងការគាំទ្រអំពើភេរវកម្មរបស់អ៊ីរ៉ង់ រួមទាំងការយល់ព្រមលើមធ្យោបាយដោះស្រាយទ្រព្យសម្បត្តិអធិបតេយ្យរបស់រុស្ស៊ី ដែលត្រូវបានផ្អឹបទុកមានតម្លៃប្រហែល៣០០ពាន់លានដុល្លារ ដើម្បីជួយដល់អ៊ុយក្រែនផងដែរ។

លោកស្រី យេឡិន ជឿថា វាមានសារសំខាន់ និងបន្ទាន់បំផុតដែលពួកគេត្រូវរួមគ្នារកវិធីឆ្ពោះទៅមុខដើម្បីដោះស្រាយទ្រព្យសម្បត្តិអធិបតេយ្យរបស់រុស្ស៊ី ដែលកំពុងស្ថិតនៅក្នុងកណ្ដាប់ដៃរបស់ពួកគេសម្រាប់ជាប្រយោជន៍ដល់អ៊ុយក្រែន ខណៈដែលប្រធានបទនេះនឹងត្រូវលើកយកទៅពិភាក្សានៅក្នុងកិច្ចប្រជុំ G7 នៅក្នុងប្រទេសអ៊ីតាលី នៅសប្ដាហ៍នេះ៕