Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

កម្ពុជាដាក់ឱ្យប្រើប្រាស់ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា

Media LNN | May 23, 2024
កម្ពុជាដាក់ឱ្យប្រើប្រាស់ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា
Clinic narith

(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា សំដៅធ្វើយ៉ាងណាផ្ដល់សេវាសុខាភិបាលល្អ មានប្រសិទ្ធភាព គុណភាព ទៅដល់ប្រជាពលរដ្ឋនៅគ្រប់មជ្ឈដ្ឋាននៅទូទាំងប្រទេសកម្ពុជា។ រាជរដ្ឋាភិបាលបានចាត់ទុកវិស័យសុខាភិបាល គឺជាវិស័យនាំមុខដែលរាជរដ្ឋាភិបាលបានចំណាយលើការវិនិយោគច្រើនជាងគេ។ ជាក់ស្តែងនៅក្នុងឆ្នាំ២០២៣កន្លងទៅរាជរដ្ឋាភិបាលបានចំណាយថវិកាអស់ប្រមាណជាង៥០០លានដុល្លារលើការវិនិយោគទៅលើវិស័យសុខាភិបាល។

នាពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជាឆ្នាំ២០២៤-២០៣៥» នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានអះអាងថា វិស័យសុខាភិបាល គឺជាវិស័យនាំមុខដែលរាជរដ្ឋាភិបាលបានចំណាយលើការវិនិយោគច្រើនជាងគេអស់រយៈពេល៤០ឆ្នាំមកនេះ។ ជាក់ស្តែងកាលពីឆ្នាំ២០២៣ រដ្ឋបានបង្កើនថវិកាប្រមាណ៥៧៣លានដុល្លារក្នុងការវិនិយោគទៅលើសុខាភិបាល។ បន្ថែមពីនោះ រាជរដ្ឋាភិបាលក៏បានវិនិយោគពាក់ព័ន្ធនឹងការចំណាយទៅលើការគាំពារសង្គមផ្សេងៗទៀត ដែលមានទឹកប្រាក់សរុបប្រមាណជាង៩០០ លានដុល្លារ ដើម្បីជួយដល់ប្រជាពលរដ្ឋគោលដៅនៅទូទាំងប្រទេសប្រមាណ៤លាន៧សែននាក់។

សម្រាប់សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រសិនបើបង្កើនការធ្វើទំនើបកម្មសេវាសុខាភិបាល ប៉ុន្តែពលរដ្ឋទទួលមិនបាន ក៏គ្មានតម្លៃនោះដែរ ហើយការធ្វើទំនើបកម្មសុខាភិបាលនេះ គឺត្រូវរុញឱ្យដល់ទីជនបទ ពោលគឺត្រូវធ្វើយ៉ាងណាគិតគូរលទ្ធភាពឱ្យពលរដ្ឋទទួលបានសេវាសុខាភិបាលជាមួយតម្លៃសមរម្យ ទើបវាជារឿងចាំបាច់។ សម្តេចធិបតីបានបន្ថែមថា តាមតាមរយៈផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ឆ្នាំ២០២៤-២០៣៥ ដែលបានដាក់ចេញនេះ គឺបានកំណត់គោលដៅជាក់លាក់ចំនួន៣ រួមមានការពង្រីកវិសាលភាពនៃការគ្របដណ្ដប់ពលរដ្ឋដោយប្រព័ន្ធគាំពារសុខភាពសង្គមឲ្យបាន៨០% នៃពលរដ្ឋសរុប, ការបង្កើនសន្ទស្សន៍គ្របដណ្ដប់សេវាសុខាភិបាលសារវន្តឱ្យបានយ៉ាងហោច៨០%, និងការកាត់បន្ថយទំហំចំណាយពីហោប៉ៅផ្ទាល់លើការថែទាំសុខភាពឱ្យនៅត្រឹម៣៥% នៃចំណាយសរុបលើវិស័យសុខាភិបាល។

សូមបញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកការដាក់ឱ្យអនុវត្តជាផ្លូវការ ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ឆ្នាំ២០២៤-២០៣៥ នាថ្ងៃនេះ គឺជាការបោះជំហានដ៏ស្វាហាប់ ប្រកបដោយមោទនភាព ក្នុងការកសាងប្រព័ន្ធគាំពារសង្គមកម្ពុជា ពិសេសពាក់ព័ន្ធការគាំពារសុខភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋតែម្តង៕